ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រុញឱ្យក្រសួងស្ថាប័ន អង្គការដៃគូ ពាក់ព័ន្ធទាំងអស់ជួយពន្លឿននីតិវិធីក្នុងការប្រគល់តួនាទីភារកិច្ច និងមុខងារមួយចំនួនដល់ថ្នាក់រដ្ឋបាលក្រោមជាតិ ប្រគល់តួនាទី ភារកិច្ចនិងមុខងារមួយចំនួនដល់ថ្នាក់រដ្ឋបាលក្រោមជាតិ ដើម្បីសប្រមសម្រួលសកម្មភាពរដ្ឋបាល សាធារណៈ ឱ្យមានការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅថ្មីៗនេះ ថ្លែងក្នុងមហាសន្និបាតពង្រឹងសម្ព័ន្ធជាតិក្រុម ប្រឹក្សាក្រុង-ស្រុក ខណ្ឌ-ឃុំ សង្កាត់នៅសណ្ឋាគារភ្នំពេញ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង មហាផ្ទៃបានឱ្យដឹងថា ការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាសមាសធាតុដ៏សំខាន់មួយ ក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការសំដៅលើកកម្ពស់បរិមាណ និងគុណភាពនៃការផ្តល់សេវា សាធារណៈនិងការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន ។
លោកបានបញ្ជាក់ថា ក្រសួងស្ថាប័នដែលស្ថិតនៅក្នុងវិស័យអាទិភាពទាំងអស់ ត្រូវពន្លឿននៃការរៀបចំ បែបបទឱ្យបានឆាប់រហ័សដើម្បីផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តសិទ្ធិអំណាច ប្រតិភូកម្មឱ្យបានត្រឹមត្រូវតាមគោលការណ៍ និងនិតិវិធីប្រកបដោយតម្លាភាព សមធម៌ និងប្រសិទ្ធភាព ។
កំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ គឺក្នុងគោលបំណងលើកកម្ពស់គុណភាពនៃការផ្តល់សេវារដ្ឋបាល តាមរយៈការកំណត់ឱ្យមានកម្រៃសេវា និងរយៈពេលនៃការផ្តល់សេវាជាក់លាក់ សំដៅលុបបំបាត់ការយកកំរៃសេវា មិនស្របច្បាប់ ដើម្បីធានាការផ្តល់សេវាប្រកបដោយតម្លាភាព និងរួមគ្នាប្រយុទ្ធប្រឆាំង និងអំពើពុករលួយក្នុងការ ផ្តល់សេវាក្នុងសង្គមកម្ពុជា ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង គូសបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលបានចាត់ទុកថា សម្ព័ន្ធភាពជាតិ សមាគមក្រុមប្រឹក្សាក្រុង-ស្រុក ខណ្ឌ ឃុំ-សង្កាត់ មានតួនាទីយ៉ាងសំខាន់ក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការនៅកម្ពុជា និងក្នុងការរួមចំណែកអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
លោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង-ស្រុក ខណ្ឌ ឃុំ-សង្កាត់ និងជាចៅ សង្កាត់និងជាចៅសង្កាត់ទួលសង្កែផងនោះ បានបញ្ជាក់ក្នុងឱកាសនោះថា គោលបំណងសំខាន់ក្នុងការរៀបចំ មហា សន្និបាតនេះ គឺដើម្បីពិភាក្សាបញ្ចូលក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ មកក្នុងសម្ព័ន្ធជាតិដែលមានស្រាប់ធ្វើយ៉ាងណាឱ្យ សម្ព័ន្ធភាពនេះ កាន់តែមានសម្លេងច្រើនថែមទៀត ក្នុងការសម្របសម្រួល និងការពារផលប្រយោជន៍ស្របច្បាប់ សម្រាប់សមាជិក និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមមូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕