ភ្នំពេញ៖ ក្រុមការងារបច្ចេកទេស គណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្រ្គោះជាតិ (CNRP) នឹងជួបគ្នាបន្ត នៅម៉ោង ៣រសៀល ថ្ងៃចន្ទទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នាវិមានរដ្ឋសភា ដើម្បីបន្តពិភាក្សា ទៅលើ សេចក្ដីស្នើច្បាប់ ស្ដីពីការកែទម្រង់ច្បាប់ស្ដីពីការបោះឆ្នោត ។
ក្រុមការងារ CPPដឹកនាំដោយលោក ប៊ិន ឈិន ដែលមានសមាជិក៨រូបចូលរួមដូចជាលោក ជាម យៀប លោក កើត រិទ្ធិ លោកព្រុំ សុខា លោក សក់ សេដ្ឋា លោកស្រី ក្រូច សំអាន លោក ស៊ិក ប៊ុនហុក និងលោក ហ៊ី សោភា។
ចំណែកគណបក្សសង្រ្គោះជាតិដឹកនាំដោយ លោក កួយ ប៊ុនរឿន ដែលមានសមាជិក៨រូបដូចគ្នា គឺមានលោក ញ៉ែម បុញ្ញឬទិ្ធ លោកអេង ឆៃអៀង លោក គឹម សួរភារិន្ទ លោកស៊ុន ឆ័យ លោក ហូរ វ៉ាន់ កញ្ញា កឹម មនោវិទ្យា និងលោក អ៊ូ ចាន់រិទ្ធិ ។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមសុំការបំភ្លឺបន្ថែមពី លោក ព្រំ សុខា និង លោក អេង ឆៃអ៊ាង ដែរ តែមិនមានអ្នកទទួលទូរស័ព្ទ។
សូមបញ្ជាក់ថា ក្រុមការងារគណបក្សមានអាសនៈ នៅក្នុងសភាទាំងពីរ ធ្លាប់បានជួបពិភាក្សាគ្នាជាច្រើនដងមកហើយ លើការធ្វើកំណែទម្រង់បោះឆ្នោត ហើយ លទ្ធផល នៃជំនួបពិភាក្សាសម្រេចបានជាង ៩០ភាគរយហើយ នៅសល់ចំណុចខ្វែង គំនិតគ្នាបន្តិចបន្តួចទៀតតែប៉ុណ្ណោះ។ គំនិតដែលខ្វែងគ្នា គឺការកំណត់សញ្ជាតិ របស់អគ្គលេខា ធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៕