ភ្នំពេញ ៖ ទឹកប្រាក់ចំនួន ៨២.៦១៥ដុល្លារ ត្រូវបានរាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួន ប្រចាំរាជធានី ភ្នំពេញ ផ្ដល់មកប្រទេសកម្ពុជា សម្រាប់គម្រោងជួសជុលអគារជំងឺឆ្លង ក្នុងមន្ទីពេទ្យបង្អែកខេត្តកំពង់ធំ ។
ពិធីចុះហត្ថលេខា ធ្វើឡើង នារសៀលថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅស្ថានទូតជប៉ុន រវាងឯកអគ្គរាជទូត ជប៉ុន ប្រចាំកម្ពុជា ជាមួយលោកវេជ្ជបណ្ឌិត ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ ។
លោកវេជ្ជបណ្ឌិត ស្រី ស៊ីន បានមានប្រសាសន៍ថា នេះជាលើកទី២ហើយ ដែលប្រទេសជប៉ុន បានផ្ដល់ជំនួយសម្រាប់ ជួសជុលអគារជំងឺឆ្លង ក្នុងមន្ទីរពេទ្យខេត្តកំពង់ធំ។ លោកថា "លើកទី១ កាលពីឆ្នាំ២០១០យើងបានស្នើសុំទៅប្រទេស ជប៉ុន ដើម្បីសាងសង់អគារ ក្រោយសម្រាលមានបីបន្ទប់ ដោយចំណាយទឹកប្រាក់ជាង២ម៉ឺនដុល្លារ" ។
លោកបន្ថែមថា សម្រាប់គម្រោង នៃការជួសជុលអគារជំងឺឆ្លងនេះ នឹងប្រើរយៈពេល ៣ខែ។ បើតាមលោកវេជ្ជបណ្ឌិត មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ត្រូវជំនួយដើម្បីអភិវឌ្ឍន៍មន្ទីរពេទ្យនេះ។
លោក គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុន បានរំពឹងថា គម្រោងដែលបាន ចុះហត្ថលេខា លើកិច្ចសន្យាផ្ដល់ជំនួយនៅថ្ងៃនេះ នឹងត្រូវបានអនុវត្តដោយរលូន និងប្រកបដោយប្រសិទ្ធភាព ហើយ នឹងផ្ដល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋប្រមាណ ៦៦៦.០០០ នៅក្នុងតំបន់ ៕

