ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា បានបង្ហើបប្រាប់ ពីការងារមមាញឹកយ៉ាងខ្លាំង ក្នុងការធ្វើដំណើរ ចេញទៅក្រៅប្រទេស ដើម្បីបំពេញកិច្ចការងារ និងចូលរួមប្រជុំជាច្រើន ដើម្បីស្វែករកភាពសម្បូរសប្បាយ រុងរឿង និងអភិវឌ្ឍន៍គ្រប់វិស័យ ដល់ប្រទេសកម្ពុជា ដោយមិនគិតពីភាពនឿយហត់ និងពេលសម្រាកផ្ទាល់ខ្លួនឡើយ។
សម្តេចតេជោ បានមានប្រសាសន៍រៀបរាប់ការមមាញឹក របស់សម្តេច នៅក្នុងពិធីចែកសញ្ញាប័ត្រ ឲ្យសិស្ស និស្សិតសាកលវិទ្យាល័យ IIC នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ថា មួយរយៈក្រោយនេះ សម្តេចមានការមមាញឹកខ្លាំងមែនទែន ក្នុងធ្វើដំណើរចេញ ទៅបំពេញកិច្ចការងារសំខាន់ៗ នៅក្រៅប្រទេស ក្នុងនោះសម្តេចបានចេញទៅទីក្រុង Milan ប្រទេសអ៊ីតាលី ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពួលអាស៊ីអឺរ៉ុប ដែលមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលដល់ទៅ ៥០ប្រទេសចូលរួម។
សម្តេចថ្លែងថា ជិះយន្តហោះពីកម្ពុជាទៅហុងកុង ចេញពីហុងកុងទៅ Milan ត្រូវចំណាយរយៈជិត២០ម៉ោង ដើម្បីចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបមួយនោះ។ បន្ទាប់មកទៀតសម្តេចចេញទៅប៉េកាំង ព្រោះប្រធានាធីបតីចិន បានអញ្ជើញបណ្តាប្រទេស ដែលជាប់ពាក់ព័ន្ធ ប៉ុន្តែមិនជាសមាជិក អេប៉ិច ដែលជាអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វ្រិក ក្នុងនោះរួមមាន ប្រទេសម៉ុងហ្គោលី ប៉ាគីស្ថាន តាកាហ្សីស្ថាន បង់ក្លាដេស កម្ពុជា ឡាវ និងប្រទេសមីយ៉ានម៉ា ដើម្បីជួបប្រជុំគ្នាទាក់ទិននឹងការតភ្ជាប់។ ដូច្នេះបានជាសម្តេចអវត្តមាន នៅក្នុងពិធីបុណ្យអ៊ុំទូកថ្ងៃចុងក្រោយ ខកខានមិនបានដង្ហែព្រះមហាក្សត្រ ក្នុងដុតទៀនជ័យទេ។ ដល់ថ្ងៃពន្លត់ទៀនជ័យ ពេលព្រឹកសម្តេចក៏ត្រូវចេញ ទៅប្រទេស មីយាន់ម៉ាដើម្បីចូលរួមក្នុងការប្រជុំមួយទៀត។
សម្តេចបានលើកឡើងថា៖ «ពាក់ស្បែកជើងតាំងពីម៉ោង៧ព្រឹក ហើយដោះស្បែកជើងវិញ នៅម៉ោង១១យប់ ថ្ងៃទី១២ ខែវិច្ឆិកា។ នៅថ្ងៃទី១៣ ខែវិច្ឆិកា ពាក់ស្បែកជើងម៉ោង៧ព្រឹក ដោះស្បែកជើងនៅម៉ោង១២យប់ នៅភ្នំពេញ វាជាកិច្ចប្រជុំមួយ ដែលមិនមានពេលសម្រាកទាល់តែសោះ សម្បីតែដោះខោដូរសម្លៀកបំពាក់»។
នៅថ្ងៃទី២៣ ខែវិច្ឆិកា ខាងមុខនេះ លោកត្រូវទៅ ទីក្រុងវៀងច័ន្ទដើម្បីប្រជុំមួយទៀត បន្ទាប់មកនៅខែ១២ ត្រូវទៅកូរ៉េខាងត្បូង ដើម្បីប្រជុំខួបអនុស្សាវរី និយាយអំពីអាស៊ាន និងកូរ៉េខាងត្បូង ហើយបន្ទាប់មកធ្វើទស្សនកិច្ច នៅកូរ៉េខាងត្បូងតែម្តង។
ទាំងអស់នេះ បានឆ្លុះបញ្ចាំង អំពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេច ក្នុងការបំពេញភារកិច្ច ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ជាកូនខ្មែរ ចង់ឃើញប្រទេសខ្មែរ ប្រជាពលរដ្ឋខ្មែរ មានភាពសប្បូរសប្បាយ រុងរឿង ដូចបណ្តាប្រទេសជឿនលឿននៅក្នុងលោក៕
