កំពង់ឆ្នាំងៈ រដូវទឹកដំឡើងទន្លេបានពាំនាំមកជាមួយនូវដីល្បាប់ ដែលមានជីជាតិដ៏ល្អសម្រាប់ដំណាំគ្រប់ប្រភេទដល់ប្រជាកសិករ និងអ្នកចម្ការ។ រដូវសម្រកក្នុងខែតុលា ឆ្នាំ២០១៤នេះ អ្នកស្រុកភូមិកោះក្របីលើ និងភូមិកោះក្របីក្រោម ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បាន និងកំពុងនាំគ្នាសម្រុកដាំដុះបន្លែបង្ការ ដែលឆាប់ហុចផលយ៉ាងមមាញឹកតាមចម្ការក្បែរផ្ទះរៀងៗខ្លួន ដើម្បីលក់ដូរផ្គត់ផ្គង់ជីវភាព ព្រោះថា រយៈពេលដាំដុះបន្លែនៅពេលទឹកស្រកនេះ មានតែ៣ខែប៉ុណ្ណោះ ដែលអាចទទួលផលបានល្អប្រសើរ។
អ្នកចម្ការម្នាក់ រស់នៅក្នុងភូមិកោះក្របីក្រោម សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បាននិយាយឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែតុលានេះថា ក្នុងរដូវទឹកស្រក ជារៀងរាល់ឆ្នាំ អ្នកស្រុកភូមិកោះក្របីលើ និងភូមិកោះក្របីក្រោម បាននាំគ្នាខំដាំបន្លែបង្ការ ដែលឆាប់ហុចផលឲ្យមានដូចជា ស្ពៃក្រញាញ់ ស្ពៃខៀវ ខាត់ណាជាដើម ដែលដំណាំទាំងនេះ អ្នកចម្ការដាំក្នុងពេលតែជាងមួយខែប៉ុណ្ណោះ អាចទទួលផលលក់ដូរបានហើយ។ នៅតំបន់នេះ រយៈពេលដាំដុះមានតែ៣ខែប៉ុណ្ណោះ គឺចាប់ពីខែតុលា ដល់ខែធ្នូ ដែលពួកគាត់អាចដាំដំណាំបានតែ២ដងទេ ក្នុង១ឆ្នាំ ផុតពីខែហ្នឹងទៅ គឺជារដូវក្តៅ ខ្វះខាតទឹក និងមានសត្វល្អិតយាយីច្រើន មិនអាចដាំដុះបានផលល្អឡើយ។ ដំណាំស្ពៃក្រញាញ់ និងស្ពៃខៀវ។ ក្នុងរយៈពេល៣ខែនេះ អ្នកភូមិអាចរកប្រាក់ចំណូលបានពីការដាំដុះបន្លែនេះ ចាប់ពី១លាន ទៅ៤លានរៀល តាមទំហំដីចម្ការបន្លែតូចធំដែលនៅក្បែរៗផ្ទះ។
អ្នកស្រី ភុន ឈួយអេង ចៅសង្កាត់ផ្សារឆ្នាំង បានឲ្យដឹងថា ក្នុងសង្កាត់ផ្សារឆ្នាំង មានភូមិទាំងអស់ចំនួន៨ភូមិ ចំណែកភូមិកោះក្របីលើ និងភូមិកោះក្របីក្រោម មានប្រជាពលរដ្ឋរស់នៅសរុបចំនួន១៦២គ្រួសារ ភាគច្រើន គឺជាអ្នកចម្ការដែលនិយមដាំបន្លែប្រដេញទឹកស្រក ដែលរកចំណូលបានមួយភាគធំ អាចផ្គត់ផ្គង់ជីវភាពក្នុងគ្រួសាររបស់ពួកគាត់បាន។
អ្នកស្រីចៅសង្កាត់ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បង្កើនការដាំដុះបន្លែបង្ការឲ្យបានច្រើនជាងនេះ ពិសេសនៅរដូវប្រាំង ដែលបន្លែគ្រប់មុខមានតម្លៃខ្ពស់ ដែលអាចឲ្យអ្នកចម្ការរកចំណូលបានច្រើនជាជាងទុកដីចម្ការឲ្យនៅទំនេរ។ ចំណែកការប្រើជីវិញ សូមប្រើជីធម្មជាតិ ដើម្បីសុខភាពយើងទាំងអស់គ្នា៕ សេដ្ឋការ