ភ្នំពេញៈ លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ កងយោធពលខេមរ ភូមិន្ទ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា នេះ បាននាំយកសម្លៀកបំពាក់ប៉ារ៉ា ជាច្រើនរយអាវ រួមនឹងគ្រឿងឧបភោគ-បរិភោគ មួយចំនួន ទៅផ្តល់ជូនដល់កងកម្លាំង នៃអង្គភាពបញ្ជាការដ្ឋាន កងទ័ពជើងអាកាស ។
ពិធីប្រគល់បានធ្វើឡើង នៅចំណតអាកាសយានដ្ឋាន យោធា (ពោធិចិនតុង) ដោយមានការអមដំណើរ ពីសំណាក់ នាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង និងជាប្រធានគណៈបញ្ជាការឯកភាព សមរភូមិមុខ ទិសយោធភូមិ ភាគទី ៤ លោកឧត្តមសេនីយ៍ឯកណេប សន នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការ ចលនូប្បត្ថម្ភអគ្គ បញ្ជាការ ព្រមទាំងនាយទាហានមួយចំនួនទៀត ។
លោកនាយឧត្តមសេនីយ៍ សឹង សំណាង មេបញ្ជាការកងទ័ព អាកាសជំនួសមុខ ឲ្យថ្នាក់ដឹកនាំ នាយទាហាន ពល ទាហាន នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភសម្លៀកបំពាក់ដល់កងទ័ពជើងអាកាស សម្រាប់ប្រើប្រាស់ក្នុងពេលបំពេញភារកិច្ច ។
មានប្រសាសន៍ នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់ ពីការជួយឧបត្ថម្ភនេះ ដើម្បីឆ្លើយ តបតាមសំណូមពររបស់អាកាសយានិក ហើយកន្លងមក ក៏ដូចជាបច្ចុប្បន្ន សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅបានឧបត្ថម្ភ ជាបន្តបន្ទាប់ដល់កងទ័ពសមរភូមិមុខ ទាំងព្រំដែនគោក ព្រំដែនទឹក តាមរដូវកាល នៃបម្រែបម្រួល អាកាសធាតុ ក្នុងនោះរដូវភ្លៀងផ្តល់អាវភ្លៀង រដូវរងាផ្តល់អាវរងា ជារៀងរាល់ឆ្នាំ បន្ថែមលើការជួយឧបត្ថម្ភ គ្រឿង បំពាក់ ដល់កងទ័ពមានគ្រប់លទ្ធភាព គ្រប់សមត្ថភាពប្រយុទ្ធ ។
កងកម្លាំងទាំងអស់ នៃបញ្ជាការកងទ័ពជើងអាកាស សូមប្រសិទ្ធពរ បវរមហាប្រសើរ ជូនសម្តេចទាំងពីរ សូមទទួល បានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍មាតុភូមិ កម្ពុជា ឲ្យកាន់តែរីកចម្រើន ថ្កុំថ្កើងរុងរឿងថែមទៀត ៕


