
ភ្នំពេញ ៖ អាជ្ញាធរាជធានីភ្នំពេញបានវាយតម្លៃចំពោះបរិយាកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ រយៈពេល៣ ថ្ងៃ ថាបានប្រព្រឹត្តិទៅក្នុងបរិយាកាសល្អប្រសើរ ទាំងបញ្ហាសន្តិសុខ និងបញ្ហាអនាម័យ។
លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍នៅរសៀលថ្ងៃសុក្រ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលជាថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកទី៣ ថា «បរិយាកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ឆ្នាំនេះល្អប្រសើរ ទាំងសន្តិសុខ សណ្តាប់ធ្នាប់រក្សាបានល្អ ធ្វើឲ្យប្រជាពលរដ្ឋដែលចូលរួមពិធីនេះអត់មានបញ្ហាអ្វីទាំងអស់។ ចំពោះបញ្ហាអាការៈដូចជាខ្យល់គ ឬវិលមុខជាដើមដូចជាមិនសូវមានអីទេ ពីព្រោះនៅពេលកន្លែងខ្លះដែលមានមនុស្សច្រើនពេកយើងឃាត់មិនឲ្យគាត់ចូលទៅទេ ហើយប្រជាពលរដ្ឋក៏បានស្តាប់ការណែនាំរបស់អាជ្ញាធរដែរ។ ដោយឡែកនៅថ្ងៃទី៣ នៃព្រះរាជពិធី គឺមានខ្យល់គម្នាក់ តែគាត់មានអាយុ៧៥ ឆ្នាំទៅហើយ។ ដូច្នេះមិនមែនមកពីបរិយាកាស គឺបណ្តាលមកពីសុខភាពរបស់គាត់»។
ដោយឡែកបញ្ហាពួកឆ្លៀតឱកាសនៅក្នុងព្រះរាជពិធីបុណ្យនេះដូចជាលួចឆក់ប្លន់ជាដើម លោកអភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា មានតិចតួចដែរ ប៉ុន្តែសមត្ថកិច្ចបង្ក្រាបបាន ហើយចំណែកការបាត់កូនក្មេង គឺអាជ្ញាធរ ក៍ដូចជាសមត្ថកិច្ចបានជួយសង្គ្រោះយកទៅជូនឪពុកម្តាយ មិនមានបញ្ហាអ្វីកើតឡើងទេ។
រីឯបញ្ហាអនម័យលោក ឃួង ស្រេង បានបញ្ជាក់ថា បញ្ហានាម័យនៅពេលនេះមានភាពល្អប្រសើជាងមុន នេះក៍ដោយសារតែមានការអំពានាវឲ្យប្រជាពលរដ្ឋចូលរួមក្នុងការអនាម័យនេះ។ លោកបញ្ជាក់ថា ដូចជាតំបន់ «A» តំបន់ «B»អាជ្ញាធរបានបង្កើនភ្នាក់ងារបន្ថែមធ្វើឲ្យការងារនេះបានល្អប្រសើរ និងដោយមានការយល់ពីប្រជាពលរដ្ឋ៕


