ភ្នំពេញ ៖ បើយោងតាមព័ត៌មានច្បាស់ការបានដឹងឱ្យថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU)ធនាគារអភិវឌ្ឍន៍ អាស៊ី(ADB)និងអង្គការសហប្រជាជាតិសេដ្ឋកិច្ច និងអភិវឌ្ឍន៍(OECD)បានសហការគ្នារៀបចំប្រជុំក្រុមការងារ លើកទី ១៩ និងសន្និសិទ្ធិតំបន់លើកទី ១៨ នៃគំនិតផ្តួចផ្តើមប្រឆាំងអំពើពុករលួយដែលមានរយៈពេល ៣ថ្ងៃ ។
យោងតាមព័ត៌មានដដែលខាងលើបានឱ្យដឹងថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមបើកដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយដឹកនាំប្រជុំដោយ លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU)ចាប់ពីថ្ងៃទី ២ ទី ៣ និងទី ៤ ខែកញ្ញា ឆ្នាំ២០១៤ នៅសណ្ឋាគារអាំងទែកុងទីណង់តាល់នារាជធានីភ្នំពេញ ។
បើតាមអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងទី ១ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍នៃការត្រួតពិនិត្យតាមប្រធានបទស្តីពីអាជីវកម្មដែលគោរពតាមច្បាប់ត្រឹមត្រូវ ក្រមសីលធម៌ និងការត្រួតពិនិត្យផ្ទៃក្នុងរួមទាំងគណនេយ្យ និងវិធានការសវនកម្មសម្រាប់ការទប់ស្កាត់ និងតាមដានអំពើពុករលួយ ។ ទី ២-ស្តាប់ និងពិភាក្សារបាយការណ៍សកម្មភាពប្រឆាំង និងអំពើពុករលួយសំខាន់ៗ តាំងពីកិច្ចប្រជុំក្រុមការងារលើកទី ១៨ ក្នុងឆ្នាំ២០១៣ ។ ទី៣-ពិភាក្សាពីលំហាត់កំណត់ពីវិសាលភាពប្រទេស ។ ទី៤-ពិភាក្សាថា តើមានមធ្យោបាយបន្ថែមទៀតអ្វីខ្លះ ដែលបណ្តាញការងាររបស់យើងអាចផ្តល់ផលប្រយោជន៍ឱ្យ សមាជិកក៏ដូចជា ដើម្បីសប្រមសម្រួលការបង្កើតវេទិកាសហប្រតិបត្តិការរបស់សមាជិក ។ ទី៥-ពិភាក្សាអំពីកម្មវិធី ការងារនៃគំនិតផ្តួចផ្តើម និងផែនការថវិកាសម្រាប់ឆ្នាំ២០១៥-២០១៧ និងទី ៦ បទបង្ហាញដោយប្រទេសជា សមាជិកស្តីពីការចែករំលែកចំណេះដឹង ហើយកិច្ចប្រជុំនេះ ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងមន្ត្រីដែលពាក់ព័ន្ធ ។
ចំណែកសន្និសិទ្ធិប្រឆាំងអំពើពុករលួយប្រចាំតំបន់លើកទី ៨ និងផ្តោតការពិភាក្សាលើសមាសធាតុសំខាន់ សម្រាប់ការស្តារនៅទំនុកចិត្តចំពោះរដ្ឋាភិបាលវិស័យឯកជន និងសង្គមស៊ីវិល។ អ្នកជំនាញនាំមុខគេ ជុំវិញពិភព លោកដែលមានចំណេះដឹងពាក់ព័ន្ធតំណាងឱ្យអង្គការជាតិ អន្តរជាតិ សមាគមធុរកិច្ច និងសហគ្រាសដែលឈានមុខ សង្គមស៊ីវិល អង្គការផ្តល់ជំនួយ និងអង្គការពហុភាគី និងចែករំលែកបទពិសោធន៍របស់ពួកគេលើវិធីសាស្ត្រក្នុងការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងចូលរួមចំណែកក្នុងការ កសាងទំនុកចិត្តមកលើរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល ។
សន្និសិទ្ធិនេះត្រូវបានរៀបចំឡើង សម្រាប់អ្នករៀបចំគោលនយោបាយ អ្នកច្បាប់ អ្នកអនុវត្តច្បាប់សង្គម ស៊ីវិល និងអ្នកតំណាងវិស័យឯកជន ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយរួមក្នុងការឆ្លើយតបចំពោះបញ្ហាពុករលួយ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ៕