Wednesday, November 5, 2014

លោក ហ៊ុន សែន​ក្រើនរំលឹក​ជា​ថ្មី​ឲ្យ​មន្ត្រី​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​នេសាទ​

ភ្នំពេញ ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ណែនាំ​ឲ្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា ពិសេស​ផ្នែក​រដ្ឋបាល​ជលផល បោះបង្គោល​ព្រំប្រទល់​ដែន​អភិរក្ស​ជលផល​ទំហំ​ជិត ១០​ម៉ឺន​ហិកតារ (៩៧.៥០០) ស្មើនឹង ១០,២៣​ភាគរយ នៃ​ទំហំ​ឡូ​នេសាទ​ទាំងអស់​ដែល​បាន​លុប​ចោល​កាលពី​អំឡុង​ឆ្នាំ ២០១២ ។​
​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ក្រើនរំលឹក​ជា​ថ្មី​ទៀត​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ឲ្យ​យកចិត្តទុកដាក់ និង​ទប់ស្កាត់​បទល្មើស​នេសាទ ការកាប់​រាន​ដីព្រៃ​លិច​ទឹក ព្រមទាំង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​បញ្ឈប់​ការប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ ។ លោក​ក៏​បាន​រំលឹក​ដែរ​ថា ការកែទម្រង់​ផ្ដាច់ ព្រ័ត្រ​របស់លោក​កាលពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១២ ក្នុងការ​លុប​ទាំងស្រុង​នូវ​ឡូ​នេសាទ​ពី​ក្រុម​ឈ្មួញ ឬ​ថៅកែ​ឡូ​នេសាទ គឺ​បាន​ផ្ដល់​ផល​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​ប្រជាពលរដ្ឋ​។​
​សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ទិវា​មច្ឆជាតិ និង​សកម្មភាព​ប្រលែង​កូន​ត្រី នឹង​ត្រូវ​ធ្វើ​ជា​រៀងរាល់ឆ្នាំ មិន​ថា​នៅតែ​តំបន់​ណាមួយ​នោះ​ទេ គឺ​ត្រូវ​ធ្វើ​នៅ​គ្រប់​ទីកន្លែង និង​ច្រើន​ថ្ងៃ ក្នុងការ​គួបផ្សំ​ធនធាន​ត្រី ធម្មជាតិ​នៅក្នុង​ទន្លេ ដើម្បី​បំពេញ​តម្រូវការ និង​ធ្វើឲ្យ​ត្រី​កាន់តែ​សម្បូរ​ឡើង​។ លោក​ថា ស្ថានភាព​បច្ចុប្បន្ន គឺ​ផ្ទុយ​ពី ៣០ ទៅ ៥០​ឆ្នាំមុន ដោយ​កាលពីមុន មាន​ទឹក​ជ្រៅ ត្រី​ច្រើន ប្រជាជន​តិច ប៉ុន្តែ​ស្ថានភាព​បច្ចុប្បន្ន ទឹក​រាក់ ត្រី​តិច ប្រជាជន​ច្រើន​។ ដូច្នេះ បើ​មិន​ខិតខំ​អភិរក្ស ឬ​ពឹងផ្អែក​តែ​ទៅលើ​ត្រី​បឹង​ធម្មជាតិ គឺ​មិន​អាច​ផ្គត់ផ្គង់​តម្រូវការ​បានទេ ។​
​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ធ្វើកា​រលើ​ការអភិរក្ស​ធនធាន​ជលផល បាន​ថ្លែង​ស្វាគមន៍​ចំពោះ ប្រសាសន៍​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ ប៉ុន្តែ​គេ​បារម្ភ​ថា បញ្ហា​នៅ​តែ​បន្ត​កើតមាន ដោយ​មន្ត្រី​ថ្នាក់ក្រោម​មាន​ភាព​ធូររលុង​ក្នុង​ការអនុវត្ត​ច្បាប់ ស្របពេល​ដែល​ប្រជាពលរដ្ឋ​មិន ទាន់​យល់​ច្បាស់ អំពី​សារប្រយោជន៍​នៃ​ការ អភិរក្ស​ធនធាន​ជលផល​។​
​មន្ត្រី​សម្របសម្រួល​សហគមន៍​នៃ​អង្គការ​សម្ពន្ធភាព ដើម្បី​អភិរក្ស​ធនធាន​ជលផល (Fact) អ្នកស្រី នៅ សារឹម ថ្លែង​បញ្ជាក់ថា ភាព​ខ្សត់​ទៅនៃ​ធនធានមច្ឆជាតិ គឺ​អាច​បណ្ដាល​មក​ពី​ការ ទាញយក​ផល​នេសាទ ច្រើន​ហួសហេតុ​របស់​ប្រជាពលរដ្ឋ ការប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ទំនើបៗ និង​ការ​អនុវត្ដ​ច្បាប់​នៅ មាន​ភាព​ធូររលុង​ជាដើម​។ ទិវា​មច្ឆជាតិ​ឆ្នាំ​២០១៤ នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ក្រោម​ប្រធានបទ “​ត្រី​ដើម្បី​អ្នក​ទាំងអស់​គ្នា ទាំងអស់​គ្នា​ដើម្បី​ត្រី​” ។​
​នៅក្នុង​ឱកាស​នេះ គេ​ក៏​បាន​ប្រលែង​ប្រភេទ​កូន​ត្រី​ចម្រុះ​ចំនួន ១​លាន​ក្បាល និង​កូន​បង្កង​ចំនួន ១​សែន​ក្បាល ចូល​ក្នុង​អាងទឹក​ក្ដុល ដែល​មាន​ទំហំ​ប្រហែល​ជាង ១០០​ហិកតារ ស្ថិតនៅ​ភូមិ​ក្រាំង​កន្ទោល ឃុំ​ពាម ៕
2014_07_03 (1)