
ភ្នំពេញ ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤បានចុះអនុស្សរណៈយោគយល់គ្នា សាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាលសាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាលដើម្បីឲ្យសាកលវិទ្យាល័យនេះអាចផ្តល់គ្រូពេទ្យនិងនិស្សិតពេទ្យស្ម័គ្រចិត្តចុះជួយព្យាបាលជំងឺប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
អនុស្សរណៈយោគយល់គ្នានោះត្រូវបានចុះហត្ថលេខារវាងលោកសាស្ត្រាចារ្យ បណ្ឌិតសា ផុន វឌ្ឍនៈសកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជាមួយលោកបណ្ឌិតហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងលោកស្រី។
លោកសកលវិទ្យាធិការបានសម្តែងនូវអំណរគុណដល់លោកបណ្ឌិតហ៊ុន ម៉ាណែតនិងលោកស្រីដែលបានផ្តល់ឱកាសឲ្យមន្ត្រី បុគ្គលិករបស់សាកលវិទ្យាល័យ និស្សិតឲ្យមានលទ្ធភាពកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ក្នុងការផ្តល់សេវាសុខភាពជូនពួកគាត់នៅតាមសហគមន៍ តាមរយៈកិច្ចសហការរវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
លោកបណ្ឌិតហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានមានប្រសាសន៍លើកទ្បើងពីប្រវត្តិរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោថា សមាគមនេះទើបបង្កើតនៅថ្ងៃទី២៧ខែធ្នូឆ្នាំ២០១២ ក្រោមការណែនាំរបស់សម្តេចតេជោហ៊ុន សែន ដើម្បីរៀបចំនិងផ្តល់សេវាមួយដើម្បីជួយដល់ការងារសង្គម។ លោកបណ្ឌិតបានបន្តថា សមាគមនេះបង្កើតទ្បើងក្នុងគោលបំណងចំនួនពីរ ទី១ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ ទោះជាមានរូបភាពមិនធំនិងមាននិរន្តរភាពក្តី តែជាសកម្មភាពដែលបានផ្តល់ជូនប្រជាពលរដ្ឋដោយផ្ទាល់ដៃ ទី២ ផ្តល់ឱកាសដល់គ្រូពេទ្យ និងយុវជនដែលមានឆន្ទៈរួមគ្នាអាចរួមគ្នាធ្វើកិច្ចការងារសង្គម និងផ្តល់ឱកាសឲ្យប្អូនៗនិស្សិត ដែលមានឆន្ទៈអាចចែករំលែកពេលវេលាចុះជួយព្យាបាលជំងឺប្រជាជននៅតាមមូលដ្ឋាន។
លោកបណ្ឌិតហ៊ុន ម៉ាណែតបានបន្តថា រយៈពេលជិត២ឆ្នាំកន្លងមកនេះ សមាគមនេះបានធ្វើការងារជាច្រើន ដោយបានព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានជាង៨០០០០នាក់នៅទូទាំងប្រទេស។
លោកបណ្ឌិតហ៊ុនម៉ាណែតបានបន្ថែមឲ្យដឹងទៀតថា “អ្វីដែលសំខាន់គឺការចូលរួមពីប្រជាពលរដ្ឋ ពីសប្បុរសជន និងពីនិស្សិតរបស់យើង បើទោះជាការងារយើងលំបាកនិងមានបញ្ហាប្រឈមក្តី តែការមានឆន្ទៈរួមគ្នានេះហើយដែលធ្វើឲ្យយើងទទួលបានជោគជ័យ។
លោកបន្ថែមថា “ការសហការចូលរួមពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល គឺជាសក្ខីភាពមួយបង្ហាញពីការគាំទ្ររបស់សាកលវិទ្យាល័យលើសមាគម ហើយខ្ញុំជឿជាក់ថាការផ្តល់កិត្តិយសចូលរួមនេះ ជាការងារល្អណាស់ក្នុងការជំរុញលើកទឹកចិត្តចំពោះការងារមនុស្សធម៌។
លោកសាស្ត្រាចារ្យសាផុនវឌ្ឍនៈបានរំលឹកថាសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជាគ្រឹះស្ថានបណ្តុះបណ្តាលវិស័យវិទ្យាសាស្ត្រសុខាភិបាលចំណាស់ជាងគេនៅកម្ពុជា ដែលបានបង្កើតឡើងនៅឆ្នាំ១៩៤៦ មានឈ្មោះថា “សាលាមន្ត្រីសុខាភិបាលហើយក្លាយជាមហាវិទ្យាល័យវេជ្ជសាស្ត្រ និងវិទ្យាស្ថានទន្តសាស្ត្រនៅឆ្នាំ ១៩៧១ និងបានប្រែក្លាយជាសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនាឆ្នាំ១៩៩៧ ក្រោយពីការច្របាច់បញ្ចូលគ្នានូវមហាវិទ្យាល័យចម្រុះមួយចំនួន។ សាកលវិទ្យាល័យនេះបណ្ដុះបណ្ដាលលើបីកម្រិតគឺកម្រិតបរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយបរិញ្ញាបត្រ និងមាននិស្សិតបញ្ចប់ការសិក្សាចំនួន១៥ ១២៧នាក់ចាប់តាំងពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០១៣៕