គុនមីង ៖ យុទ្ធនាការរួមគ្នាល្បាត នៅតំបន់ត្រីកោណមាស ទន្លេមេគង្គ លើកទី ២៨ ក្នុងឆ្នាំ២០១៤ នេះ ត្រូវបាន បញ្ចប់ជាស្ថាពរហើយ ដោយកន្លងមក មានការចូលរួមពីនាវាចំនួន ១៩គ្រឿង, កងកម្លាំង ៤៧នាក់, និង ការពិនិត្យ ទំនិញប្រមាណ ៨៩០ តោន ពីប្រទេសចិន ថៃ មីយ៉ាន់ម៉ា និង ឡាវ ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា នេះទៀតថា ការល្បាតនោះ គឺជាការបង្កើន សន្តិសុខ និងកិច្ចសហប្រតិបត្តិការគ្នា រវាងប្រទេសទាំង ៤ ជាពិសេសចិន ដែលបានប្រើប្រាស់នាវាដឹកទំនិញ ឆ្លងកាត់ តំបន់ត្រីកោណមាស របស់ប្រទេសថៃ ឡាវ និង មីយ៉ាន់ម៉ា ក្នុងការធ្វើការជីវកម្មជារៀងរាល់ថ្ងៃនោះ ។
មន្ត្រីប៉ូលិស បានប្រគល់ប័ណ្ណសម្គាល់ខ្លួន ដល់ប្រជាជន និង អ្នករកស៊ីក្នុងតំបន់ ដើម្បីធ្វើការ ទាក់ទងមកកងកម្លាំង ភ្លាមៗ ប្រសិនបើមានបញ្ហាណាមួយកើតឡើងដោយអសន្តិសុខ នោះ។ កងកម្លាំងក៏បានចុះពិនិត្យមើល ការចរា ចរណ៍ទំនិញមួយចំនួន ក្រែងលោ មានការរត់ពន្ធគ្រឿងញៀនខុសច្បាប់ផងដែរ ។
ក្រៅពីនេះប្រទេសទាំងបួន បានសន្យាគ្នាបង្កើនកិច្ចសហប្រតិបត្តិការ គ្នាបន្ថែមទៀត ដើម្បីរក្សាសន្តិសុខ និង សណ្តាប់ ធ្នាប់នៅតំបន់ត្រីកោណមាស ទន្លេមេគង្គ ៕
