ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត សុខ សុគន្ឋ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា នៅថ្ងៃទី០១ នៃការប្រារឰពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ មានប្រជាពលរដ្ឋចំនួន១២៥០នាក់ ក្នុងនោះអ្នករងរបួសធ្ងន់ជាងគេដួលបែកក្បាល០២នាក់ បានចូលពិនិត្យនិងព្យាបាលនៅតាមតង់។
លោកបន្តថា ក្រុមគ្រូពេទ្យមាននៅតាមគោលដៅសរុប១០ទីតាំង មានរថយន្ត Ambulance ៣១គ្រឿង បុគ្គលិកសុខាភិបាលចូលរួមសង្គ្រោះ៥៩៧នាក់ ក្រុមគ្រូពេទ្យចល័ត១០ក្រុម មាន៥០នាក់ ក្រុមអប់រំផ្សព្វផ្សាយអនាម័យចំណីអាហារ០៩នាក់ មួយក្រុមមានគ្នា០៣នាក់ និងមាន០៣ក្រុមទៀត ជាក្រុមផ្សព្វផ្សាយទប់ស្កាត់ជំងឺអេដស៍១០នាក់។
លោកបន្តថា ថ្ងៃទី០៤ ខែវិច្ឆិកា ដែលជាថ្ងៃមុនការចាប់ផ្តើមប្រារឰពិធីមួយថ្ងៃ ក្រុមគ្រូពេទ្យចល័ត និងគ្រូពេទ្យប្រចាំការនៅតាមប៉ុស្តិ៍និមួយៗ បានពិនិត្យជំងឺបាន១០០៧នាក់ ក្នុងនោះកាប់គ្នារបួស០១នាក់ លង់ទឹក០១នាក់ជាកីឡាករអុំទូកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ប៉ុន្តែគ្មានអ្នកស្លាប់នោះទេ។ លោកបន្តថា ក្រៅពីក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញក៏មានការចូលរួមពីយុវជនស្ម័គ្រចិត្តកាកបាទក្រហម រាជធានីមាន១០កន្លែង ហើយ១-កន្លែងមាន០៤នាក់ ដើម្បីសង្គ្រោះនិងមានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យង-៧០៤គ្រឿង ចូលរួមផងដែរ។
អាជ្ញាធររាជធានីភ្នំពេញនិងស្ថាប័នពាក់ព័ន្ធបានបានរៀបចំសេវាសុខភាពចំនួន១២ទីតាំងដើម្បីជួយព្យាបាលជំងឺដង្កាត់ផ្សេងៗជួនដល់បងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួមទស្សនានៅក្នុងពិធីបុណ្យអុំទូក អកសំបុក សំពះព្រះខែ និងបណ្ដែតប្រទីប។
ចំពោះទីតាំង ដែលមានសេវាសុខភាពចំនួន១២កន្លែងមានដូចជា៖ ១-នៅវត្តភ្នំ ម្តុំ CDC មួយកន្លែង, ២-នៅមាត់ទន្លេម្តុំមុខវត្តឧណ្ណាលោម មួយកន្លែង,៣-នៅមាត់ទន្លេ ម្តុំព្រះអង្គដងកើ មួយកន្លែង,៤-នៅសួនច្បារមុខព្រះបរមរាជវាំងពីរកន្លែង,៥-នៅសាលមហោស្រពចតុមុខ មួយកន្លែង,៦- នៅមុខសណ្ឋាគារ ហ៊ីម៉ាវ៉ារី មួយកន្លែង,៧-នៅម្តុំសួនច្បារមុខវត្តបទុមវតី មួយកន្លែង,៨-នៅសួនច្បារ សម្ដេច ហ៊ុន សែន មួយកន្លែង,៩-នៅត្រើយខាងកើត ម្តុំវត្តប្រជុំសាគរ មួយកន្លែង,១០-នៅត្រើយខាងកើត ម្តុំក្បាលជ្រោយសាគរ មួយកន្លែង,១១-នៅកោះពេជ្រ មុខអគារសាលមហោស្រពកោះពេជ្រ មួយកន្លែងនិង១២-នៅកោះពេជ្រក្រោយអគារសាលមហោស្រព កោះពេជ្រ មួយកន្លែង៕