ភ្នំពេញៈ បច្ចុប្បន្ននៅពេលដែលផ្លូវក្នុងរាជធានីភ្នំពេញ កំពុងតែមានភាពតូចចង្អៀត និងកកស្ទះពិបាកក្នុងការធ្វើការដំណើរ គេក្រលេកឃើញតាមចិញ្វើម ក៏ដូចជាដងផ្លូវជាច្រើនមានការដាក់តាំង និងលក់របស់របរផ្សេងៗ ដោយគ្មានខ្លាចរអារអាជ្ញាធរបន្តិចសោះឡើយ។ ជាក់ស្តែងនៅកំណាត់ផ្លូវប៉ាស្ទ័រ ចំណុចក្រោយវិទ្យាល័យព្រះស៊ីសុវត្តិ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ គឺជាប់នឹងរបងសាលាតែម្តង ឃើញថា មានការលក់ដូរយ៉ាងគគ្រឹកគគ្រេង ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ សោភ័ណ្ឌភាពក្រុង និងប៉ះពាល់ដល់បរិស្ថានទៀតផង។
ជាមួយការលក់ដូរនេះដែរ សិស្សវិទ្យាល័យស៊ីសុវត្ថិមួយ ដែលនិយាយក្នុងលក្ខ័ណមិនបញ្ចេញឈ្មោះ បានបង្ហាញភាពខកចិត្តចំពោះទង្វើទាំងអស់នេះ ហើយប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ក៏បានបញ្ជាក់ដែរថា ការដាក់តាំងលក់ដូរជាប់នឹងរបងសាលា ដែលជាថ្នាលបណ្តុះបណ្តាលអប់រំដូច្នោះ មិនត្រូវសោះ ហើយវាខ្មាសដល់ភ្ញៀវទេសចរណ៍ និងបង្កឲ្យផ្លូវកាន់តែតូចចង្អៀត គ្មានសណ្តាប់ធ្នាប់កាន់តែខ្លាំង។ ពួកគាត់ក៏ស្នើសុំឲ្យអាជ្ញាធរចាត់វិធានការកុំឲ្យមានការលក់ដូរ ដើម្បីតែផលប្រយោជន៍ខ្លួនឯង ធ្វើឲ្យខូចប្រយោជន៍សង្គមទាំងមូល។
អាជីវករម្នាក់ ដែលកំពុងអង្គុយអ៊ុតសៀវភៅបានបង្ហើបឲ្យដឹងថា ការលក់នៅជាប់របងសាលាព្រះស៊ីសុវត្ថិ ឮគេនិយាយថា មួយកន្លែងៗទិញក្នុងតម្លៃ ៦,០០០ដុល្លារ រីឯអ្នករត់ម៉ូតូឌុបនៅទីនោះបានឲ្យដឹងដែរថា អ្នកលក់កន្លែងនោះគាត់ឮគេថា គឺត្រូវបង់លុយ៣០០ដុល្លារ សម្រាប់កន្លែងមួយក្នុង១ខែៗ ហើយជារៀងរាល់ខែគេតែងតែឃើញអាជ្ញាធរ រួមទាំងមន្ត្រីរបស់សាលាផងដែរ ចុះមកយកប្រាក់ដាក់ហោប៉ៅ។
ពាក់ព័ន្ធករណីនេះ លោក មួ សេងហេង នាយកសាលាព្រះស៊ីសុវត្ថិ បានឲ្យដឹងថា រឿងនេះ សាលាមិនបានយក ឬទទួលប្រាក់ពីអាជីវករលក់ដូរទេ ហើយចុងឆ្នាំ២០១៤នេះ ខាងសាលាខណ្ឌដូនពេញ នឹងមានវិធានការដោយមិនអនុញ្ញាតឲ្យលក់បន្តទៀតឡើយ។
ដោយឡែក លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ ទើបកាន់តំណែងថ្មីថ្មោងនោះ បានឲ្យដឹងតាមទូរស័ព្ទដែរថា ពាក់ព័ន្ធបញ្ហាសណ្តាប់ធ្នាប់នៅក្រោយរបងសាលានោះ គឺគាត់បានហៅខាងអាជីវករមកប្រជុំ និងប្រាប់ពីវិធានការ ហើយគាត់ទុកពេលឲ្យមួយរយៈដើម្បីរកកន្លែងផ្សេងក្នុងការប្រកបអាជីវកម្ម។ លោកថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ សាលាខណ្ឌនឹងមិនឲ្យមានការលក់ដូច្នោះទៀតឡើយ គាត់ក៏បញ្ជាក់បន្ថែមថា គាត់កំពុងតែរកមុខអ្នកដែលយកប្រាក់ពីអាជីវករស្រាប់ បើមានជួយប្រាប់ផង។
ទោះជាមានការលើកយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនឹងរង់ចាំមើលថា តើលោកអភិបាលខណ្ឌដូនពេញ ទើបមកកាន់តំណែងថ្មី នឹងចាត់វិធានការយ៉ាងដូចម្តេចចំពោះបញ្ហាទាំងអស់នេះ៕ ចំរើន