Friday, November 7, 2014

ថ្ងៃទី​២ នៃ​បុណ្យអុំទូក មាន​មនុស្ស​១៣០០​នាក់ ទទួល​ការព្យាបាល​ជំងឺកើនឡើង​ជាង​ថ្ងៃទី​១

Nita-07-11-A-18-Full
ភ្នំពេញ ៖ មន្ត្រី​សុខាភិបាល​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹងថា​ នៅក្នុង​ថ្ងៃទី​២​នៃ​ព្រះ​រាជពិធី​បុណ្យ​អុំទូក​នេះ​មាន បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​អាការៈ​ឈឺក្បាល វិលមុខ និង​រងរបួស​ផ្សេងៗ​មក ទទួល​ការព្យាបាល​នៅតាម​តង់​ចំនួន​១៣០០​នាក់។ ចំនួន​បើ​ធៀប​ទៅនឹង​ថ្ងៃទី​១​នៃ​ពិធី​បុណ្យអុំទូក​ឃើញថា​មានការ​កើនឡើង។
នៅក្នុង​ថ្ងៃទី​១​មាន​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​អាការៈ​ឈឺក្បាល វិលមុខ និង​រងរបួស​ផ្សេងៗ​មក ទទួល​ការព្យាបាល​នៅតាម​តង់​ចំនួន ១២៥០​នាក់។ បើ​បូក​ក្នុង​រយៈពេល​២​យប់ ២​ថ្ងៃ នៃ​ថ្ងៃ​បុណ្យអុំទូក​នេះ មាន​ប្រមាណ​ជិត៣​ពាន់​នាក់ ដែល​ចូលមក​ទទួលយក​ការព្យាបាល។
កាលពី​ថៃ្ង​ទី​៤ វិច្ឆិកា ដែលជា​ថ្ងៃមុន​ការចាប់ផ្តើម​ប្រារឰ​ពិធីបុណ្យ​អុំ​ទុក​មួយថ្ងៃ ក្រុមគ្រូពេទ្យ​ចល័ត និង​គ្រូពេទ្យ​ប្រចាំការ​នៅតាម​ប៉ុស្តិ៍​និមួយៗ បាន​ពិនិត្យ​ជំងឺ​បាន​១០០៧​នាក់ ក្នុងនោះ​កាប់​គ្នា​របួស​១​នាក់ លង់ទឹក​១​នាក់​ជាកីឡាករ​អុំទូក​បញ្ចូនទៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ប៉ុន្តែ​គ្មាន​អ្នក​ស្លាប់​នោះ​ទេ។
បើតាម​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន ថ្លែង​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៦ វិច្ឆិកាថា ចំនួន​ប្រជាពលរដ្ឋ​ចូលរួម​នៅ​ថ្ងៃទី​២​ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​មាន​ប្រមាណ​ជាង៣០​ម៉ឺន​នាក់។ ចំនួន​នេះគឺ​កើនឡើង​ប្រហែល ៣​ដង បើ​ធៀប​ទៅនឹង​ថ្ងៃទី​១ ដែល មាន​ប្រមាណ​តែ ១០​ម៉ឺន​នាក់ប៉ុណ្ណោះ។
អាជ្ញាធរ​រាជធានី​ភ្នំពេញ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​បានរៀបចំ​សេវា​សុខភាព​ចំនួន​១២​ទីតាំង​ដើម្បី​ជួយ​ព្យាបាល​ជំងឺ​ដង្កាត់​ផ្សេងៗ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានមក​ចូលរួម​ទស្សនា​នៅ​ក្នុង​ពិធីបុណ្យ​អុំទូក អក​សំបុក សំពះ​ព្រះខែ និង​បណ្តែតប្រទីប។
ចំពោះ​ទីតាំងដែលមាន​សេវា​សុខភាព ចំនួន​១២​កន្លែង​មានដូចជា ១នៅ​វត្តភ្នំ ម្តុំ CDC មួយកន្លែង​២.​នៅ​មាត់ទន្លេ​ម្តុំ​មុខ​វណ្ណ​ឧណ្ណាលោម មួយកន្លែង​៣នៅ​មាត់ទន្លេ ម្តុំ​ព្រះអង្គ​ដងកើរ មួយ​កន្លែង​៤នៅ​សួនច្បារ​មុខ​ព្រះបរមរាជវាំង​ពីរ​កន្លែង ៥.នៅ​សាល​មហោស្រព​ចតុមុខមួយកន្លែង​៦នៅមុខ​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី មួយកន្លែង​៧នៅ​ម្តុំ​សួន ច្បារ មុខ​វត្ត​បុ​ទុម​វ​ត្តី មួយកន្លែង​៨នៅ​សួន​ច្បារ សម្តេច ហ៊ុន សែន មួយកន្លែង​៩នៅ​ត្រើយ​ខាង កើត ម្តុំ​វត្ត​ប្រជុំ​សាគរ មួយកន្លែង​១០ នៅ​ត្រើយ​ខាងកើត ម្តុំ​ក្បាលជ្រោយ​សាគរ មួយកន្លែង​១១នៅ​កោះ​ពេជ្រ មុខ​អគារ​សាល មហោស្រព កោះ​ពេជ្រ មួយកន្លែង​១២នៅ​កោះ​ពេជ្រ ក្រោយ​អគារ​សាល​មហោស្រព កោះ​ពេជ្រ មួយកន្លែង។
គួរ​បញ្ជាក់ថា​ មន្ទីរ​សុខាភិបាល​រាជធានី​បានដាក់​ពង្រាយក្រុមគ្រូពេទ្យ នៅតាម​គោលដៅ​សរុប​១០​ទីតាំង មាន​រថយន្តAmbulance ៣១​គ្រឿង បុគ្គលិក​សុខាភិបាល​ចូលរួម​សង្គ្រោះ​៥៩៧​នាក់ ក្រុមគ្រូពេទ្យ​ចល័ត​១០​ក្រុម មាន​៥០​នាក់ ក្រុម​អប់រំ​ផ្សព្វផ្សាយ​អនាម័យ​ចំណីអាហារ​៩​នាក់ មួយក្រុម​៣​នាក់ មាន​៣​ក្រុម ក្រុម​ផ្សព្វផ្សាយ​ទប់ស្កាត់​ជំងឺអេដស៍​១០​នាក់។ ក្រៅពី​ក្រុមគ្រូពេទ្យ​របស់​ក្រសួង​សុខាភិបាល និង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ​ក៏មាន​ការចូលរួម​ពី​យុវជនស្ម័គ្រចិត្ត​កាក​បាទ​ក្រហម រាជធានី​មាន​១០​កន្លែង ១​កន្លែង​៤​នាក់​ ដើម្បី​សង្គ្រោះ និង​មាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​ពេទ្យ​ង​-៧០​ចំនួន ៤​គ្រឿង​ចូលរួម​ផងដែរ៕