
ភ្នំពេញ ៖ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា នៅឆ្នាំ២០១៥ខាងមុខប្រទេសកម្ពុជានឹងមានប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទំនើបមួយ ដែលនឹងលើកកម្ពស់ ការប្រើប្រាស់ប្រភពធនធានសាធារណៈដ៏កម្រប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ ហើយអាចឱ្យរដ្ឋាភិបាលកែលម្អការផ្តល់សេវាសាធារណៈជាមូលដ្ឋានជូនប្រជាពលរដ្ឋបានកាន់តែល្អ ប្រសើរឡើង។
ថ្លែងក្នុងសន្និសីទតំបន់អាស៊ី ស្តីពីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីអ្នកជំនាញសេដ្ឋកិច្ចមកពីប្រទេសក្នុងតំបន់អាស៊ីចំនួន១៥នោះ លោករដ្ឋមន្ត្រីថ្លែងថា ឆ្នាំ២០១៥នឹងក្លាយជាឆ្នាំអន្តរកាលនៅពេលដំណាក់កាលទី២ត្រូវបានបញ្ចប់ ហើយដំណាក់កាលទី៣ នឹងត្រូវចាប់ផ្តើមឡើងនៅ ដើមឆ្នាំ២០១៦ ទោះជាការពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុអាច នឹងត្រូវអនុវត្តន៍បានក៏ដោយ ។ លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ខ្ញុំមានចំណាប់អារម្មណ៍ ចំពោះការរៀបចំឱ្យមានកិច្ចពិភាក្សាអំពី ឧបករណ៍វាយតម្លៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នោះគឺ ចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុ (PEFA) ក្នុង ពេលដែលកម្ពុជាកំពុងរៀបចំ PEFAឡើងវិញ។ លោកថ្លែងថា«ខ្ញុំសង្ឃឹមថា សន្និសីទនេះក៏នឹងផ្តល់នូវធាតុចូល ក្នុងកិច្ចដំណើរការសម្រួច ទិសដៅយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ និងការរៀបចំផែនការសកម្មភាពកែទម្រង់របស់ យើងសម្រាប់ដំណាក់កាល និងជំហានបន្ទាប់» ។
សន្និសីទតំបន់អាស៊ីស្តីពីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះប្រព្រឹត្តទក្រោមប្រធានបទ"មេរៀន-សង្ឃឹម និង ទឹកភ្នែក" ដែលលោករដ្ឋមន្ត្រីបានកត់សម្គាល់ថា សន្និសីទរយៈ ពេល២ថ្ងៃនេះគឺជាកាលានុវត្តភាពដ៏មានសារៈសំខាន់មួយ ដើម្បី ចែករំលែក និងស្វែងយល់ពីគ្នាទៅវិញទៅមកលើយុទ្ធសាស្ត្រទូទៅ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំង ប្រធានបទជាក់ស្តែងមួយចំនួនទៀត ដូចជាការគ្រប់គ្រងដោយ សមិទ្ធកម្ម និងការកែទម្រង់ថវិកា ទំនើបកម្មការអនុវត្តថវិកា វិមជ្ឈ ការហិរញ្ញវត្ថុ និងការកែទម្រង់សហគ្រាសសាធារណៈ ។
លោកក៏បានបង្ហាញនូវសេចក្តីត្រេកអរផងដែរ ដោយឃើញ ថា សន្និសីទនេះនឹងពិភាក្សាអំពីបញ្ហា ដែលពាក់ព័ន្ធទៅនឹងការ អនុវត្តថិកាដែលបញ្ហានេះ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ឱ្យ យើងថ្លឹងថ្លែងនូវលំនឹងដ៏ត្រឹមត្រូវមួយរវាងការត្រួតពិនិត្យ និង ការផ្តល់ភាពទន់ភ្លន់ ដើម្បីធ្វើយ៉ាងណាឱ្យភ្នាក់ងារផ្តល់សេវាអាច អនុវត្តន៍ការងារទៅបានដោយគ្មានឧបសគ្គ ដែលផ្នែកនេះក៏ ពាក់ព័ន្ធផងដែរទៅនឹងការងារវិមជ្ឈការហិរញ្ញវត្ថុ ដែលជាផ្នែក មួយដ៏មានសារៈសំខាន់សម្រាប់ធានាឱ្យបានថា ធនធានទាំង ឡាយនឹងត្រូវបានគ្រប់គ្រងដោយពុំមានការខ្ជះខ្ជាយ ក្នុងខណៈ ពេលធ្វើប្រតិភូកម្ម និងការធ្វើសហវិមជ្ឈការដល់ដាក់ក្រោម ជាតិ។
ក្នុងអំឡុងពេលជាងដប់ឆ្នាំកន្លងមកនេះ កម្ពុជាបានសម្រេច លទ្ធផលជាច្រើន ក្នុងការកែទម្រង់ការគ្រប់គ្រហិរញ្ញវត្ថុរបស់ខ្លួន ប៉ុន្តែក៏នៅសល់កិច្ចការជាច្រើនដែលចាំបាច់ត្រូវបន្តធ្វើ ។ លោក រដ្ឋមន្ត្រីមានប្រសាសន៍ថា យើងបានឈានមុខគេក្នុងការជ្រើស រើសយកអភិក្រមជាដំណាក់ៗ ដែលអនុញ្ញាតឱ្យយើងធ្វើការកែ ទម្រង់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់យើង ប្រកប ដោយភាពគ្រប់ជ្រុងជ្រោយ និងតាមមធ្យោបាយរបស់ខ្លួន ។ រាជ រដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ក្នុងទិសដៅកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធា រណៈកម្ពុជាឆ្ពោះទៅរកស្តង់ដារអន្តរជាតិ នោះគឺ"ការផ្លាស់ប្តូរជា បណ្តើរៗពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលផ្អែកលើ ធាតុចូល និងមជ្ឈការឆ្ពោះទៅរកប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធា រណៈដែលផ្អែកលើលទ្ធផលឬសមិទ្ធកម្ម និងវិមជ្ឈការ" តាមរយៈ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរយៈពេលវែងគ្រប់ជ្រុងជ្រោយ និងអនុវត្តន៍អភិក្រម៤ជំហាន និង៤ ដំណាក់កាលគឺ១-ការបង្កើនភាពជឿទុកចិត្តបានលើថវិកា ២-ការ បង្កើនគណនេយ្យភាពហិរញ្ញវត្ថុ ៣-ការផ្សារភ្ជាប់ថវិកាទៅនឹង គោលនយោបាយ និង៤-ការបង្កើនគណនេយ្យភាពសមិទ្ធកម្ម ។
លោករដ្ឋមន្ត្រីថ្លែងថា ក្នុងន័យនេះក្រោមជំនួយពីសំណាក់ មូលនិធិរូបិយវត្ថុអន្តរជាតិ មន្ត្រីរបស់យើងកំពុងតែធ្វើការវាយ តម្លៃជាបឋម ហើយបន្ទាប់មកជំនាញការអន្តរជាតិ និងដៃគូអភិ វឌ្ឍន៍របស់យើងក៏នឹងធ្វើការពិនិត្យទៅលើរបាយការណ៍វាយតម្លៃជាបឋមនេះឡើងវិញ ដើម្បីឱ្យការវាយតម្លៃនេះអាចទទួលយក បាន ។ លើសពីនេះទៅទៀតយើងក៏មានសមត្ថភាពក្នុងការទប់ ទល់ទៅនឹងវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលក្នុងអំឡុងឆ្នាំ ២០០៩ដល់២០១១ដោយហេតុថា ប្រាក់បញ្ញើររបស់រាជរដ្ឋាភិ បាលត្រូវបានសន្សំពីឆ្នាំ២០០៤ដល់២០០៨ ។ ឥឡូវនេះយើង បានឈានមកដល់ចំណុចរបត់ដ៏សំខាន់មួយ នៃជំហានទី២ដែល យើងត្រៀមនឹងដាក់បញ្ចូលនូវសមាសធាតុថ្មីៗ រួមមានប្លង់ គណនេយ្យថ្មី មាតិកាថវិកាថ្មី និងកិច្ចប្រតិបត្តិការការងារថ្មីចូល ទៅក្នុងប្រព័ន្ធបច្ចុប្បន្ន ជាមួយនឹងការដាក់ឱ្យអនុវត្តន៍ប្រព័ន្ធព័ត៌ មានវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ៕
