Friday, November 21, 2014

Manny Pacquiao ឬ​ Chris Algieri ជា​អ្នក​សន្លប់​នៅ​លើ​សង្វៀន​Venetian នា​រាត្រី​ថ្ងៃ​សៅរ៍​នេះ

M21-11-14-t-full
កំពូល​អ្នក​ប្រដាល់​Manny Pacquiao ដែល​មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​គេ​៥៦​លើក ​ចាញ់​៥​លើក​ស្មើ​២​លើក និង​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​៣៨​លើក និយាយ​រួចហើយ​មុន​ការប្រកួត​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ នៅ​លើ​សង្វៀន Venetian Hotel របស់​ទីក្រុង​ម៉ា​កាវ​ប្រទេស​ចិន ថា លោក​នឹងមិន​ធ្វើ​ឲ្យ​ទស្សនិកជន​ខក​បំណង​នោះ​ឡើយ ពេល​គាត់​ជួប​ជាមួយ​កីឡាករ​មិនដែល​មាន​ប្រវត្តិ​ចាញ់​គេ Chris Algieri ដោយ​ធ្លាប់​បាន​ឈ្នះ​គូ​​ប្រកួត​ទាំង​២១​លើក និង​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​៨​លើក​ មកពី​អាមេរិក​ម្នាក់​នេះ។
យ៉ាងណាមិញ មិនមាន​អ្នក​និយាយ​ច្រើន​នោះ​ទេ ចំពោះ​លទ្ធភាព​នៃ​ការ​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​ពី​សំណាក់​កីឡាករ​ហ្វីលីពីន​ម្នាក់​នេះ ខណៈ​ដែល​គូប្រកួត​របស់​គាត់​លើក​នេះ​គឺជា​កីឡាករ​ម្នាក់​ដែល​ធ្លាប់​ផ្តួល​គូប្រកួត​ជើង​ខ្លាំង​រាប់​មិន​ភ្លេច។ ប្រិយមិត្ត​មួយចំនួន បាន​លើកឡើងថា លោក Pacquiao លែង​រហ័សរហួន​ដូច​កាលពីមុន​ទៀត ពោល​គឺ​បន្ទាប់ពី​បរាជ័យ​ជាមួយ​កីឡាករ​Juan Manuel Marquez និង​កីឡាករ Timothy Bradley កាលពី​អំឡុង​ឆ្នាំ​២០១២ ជាហេតុ​ធ្វើ​ឲ្យ​ភាគរយ​នៃ​ការ​ឈ្នះ​ការប្រកួត​លើក​នេះ​របស់​គាត់ មានការ​ធ្លាក់​ចុះ។
ដោយឡែក កីឡាករ Chris Algieri វិញ ក្រោយពី​យកឈ្នះ​កីឡាករ Ruslan Provodnikov រួចមក​នោះ​ បានធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​នឹង​សមត្ថភាព​ប្រកួត​នៅលើ​សង្វៀន​របស់គាត់ ថ្វី​ត្បិត តែមាន​ទស្សនិកជន​ភាគតិច ធ្លាប់​បាន​ស្គាល់​គាត់​ក៏ដោយ។ ដោយ​ធ្លាប់មាន​បទពិសោធន៍ ឡើង​ប្រកួត​ក្បាច់គុណ​កា​រ៉ា​ត​តេ និង​កីឡាកាស ​តាំងពី​គាត់​មាន​អាយុ​១៥​ឆ្នាំ​មក​ម្ល៉េះ​នោះ គេ​ជឿជាក់​ថា ការប្រកួត​ជាមួយ​ជើង​ខ្លាំង​ដូចជា​កីឡាករ Pacquiao កីឡាករ​វ័យ​៣០​ឆ្នាំ​ម្នាក់​នេះ នឹង​មិន​ធ្វើ​ឲ្យ​ទស្សនិកជន​ខក​បំណង​ឡើយ​នឹង​ស្តាយល៍​ និង​តិច​និក​ប្រកួត​របស់គាត់។
ពេល​ជួប​ជាមួយ Pacquiao នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ កីឡាករ Algieri ប្រហែលជា​មិន​ភ្លេច​ទេ ចំពោះ​ការប្រើប្រាស់​ស្នៀត និង​ក្បាច់​ពិសេស​របស់​គាត់ ដែល​គាត់​បាន​ប្រើ​ពេល​យកឈ្នះ​កីឡាករ Provodnikov ម្យ៉ាង​វិញទៀត ស្ថិតក្នុង​កម្ពស់​១.៧៨​ម៉ែត្រ គឺ​មាន​ប្រៀប​ខ្លាំង លើ​គូប្រកួត Pacquiao​ដែល​មាន​កម្ពស់​ត្រឹមតែ​១.៦៩​ម៉ែត្រ​តែប៉ុណ្ណោះ។
ទោះបីជា​យ៉ាងណាក៏ដោយ លទ្ធផល​នឹង​ដឹង​ច្បាស់​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​ ថា​តើ អ្នក​ប្រដាល់ Pacquiao ឬ Algieriដែលជា​អ្នក​សន្លប់ ឬក៏​បរាជ័យ​នៅ​លើ​សង្វៀន Venetian Hotel របស់​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន។
*ជីវប្រវត្តិ​សង្ខេប​របស់​លោក Manny Pacquiao
លោក Manny Pacquiao កើត​នៅ​ថ្ងៃទី ១៧ ខែ​​មេសា ឆ្នាំ​១៩៧៨​នៅក្នុង​ខេត្ត​គី​បា​វ៉េ ប្រទេស​ហ្វីលីពីន ហើយ​លោក​ក៏​ជា​កូន​ទី​៤​ក្នុង ចំណោម​បងប្អូន​៦​នាក់​។ "​ពុក​ម្តាយ​របស់ ប៉ាក​គី​អៅ បាន​លែងលះ​គ្នា​តាំងពី​ពី​លោក​រៀន ថ្នាក់​ទី​៦​មកម្ល៉េះ​។ កាល​នៅ​រៀន​បឋមសិក្សា លោក Pacquiao មិនសូវ​បាន​រៀន​ទៀង​ទាត់​ដូច សិស្ស ឯទៀត​នោះទេ ដោយសារតែ​ជីវភាព​គ្រួសារ លោក​ក្រីក្រ​ពេក។ លោក​បាន​ចេញពីផ្ទះ នៅ​អាយុ​១៤​ឆ្នាំ ដោយសារតែ​ម្តាយ​របស់ លោក​ដែល​មាន​កូន​៦​នាក់​នៅក្នុង​បន្ទុក​នោះ គ្មាន​លទ្ធភាព​ចិញ្ចឹម​គ្រួសារ​។ ពេលនោះ​ហើយ ដែល​លោក ប៉ាក​គី​អៅ​បានធ្វើ​ចំណាកស្រុក​ទៅ កាន់​ទីក្រុង​ម៉ា​នី​ឡា ជា​កន្លែង​ដែល​លោក​រស់ នៅតាម​​ចិញ្ចើម​ថ្នល់​និង​រក​ព្រឹក​ខ្វះ​ល្ងាច​នោះ តែ​ក៏​ជាទី​កន្លែង​ដែល​លោក​ចាប់ផ្តើម​ហាត់​ ប្រដាល់​ផងដែរ។
ក្នុង​អាជីព​ជា​អ្នក​ប្រដាល់ លោក Pacquiao បាន​កសាង​កេរ្តិ៍ឈ្មោះ​ច្រើន ទាំង​នៅ លើ​ស​ង្វៀន​ប្រដាល់​អន្តរជាតិ និង​នៅ​លើ​ឆាក​នយោបាយ​ក្នុង​ប្រទេស​ហ្វីលីពីន​។ ជាក់ស្តែង​នៅ​ឆ្នាំ ២០១០ លោក​ក៏​ទទួល​បានការ ជ្រើសតាំង​ជា​អភិបាលខេត្ត​សារ៉ាន​កា​នី បន្ទាប់ពី​គណបក្ស​សេរីនិយម​របស់ លោក​បានឈ្នះ​ឆ្នោត​។ ក្រៅពី​អាជីព​ជា​អ្នក​ប្រដាល់ និង​អ្នកនយោបាយ លោកPacquiao ក៏​ជា​តារា​សម្តែង និង​ចម្រៀង​មួយ រូប​ផងដែរ​។ លោក ប៉ាក់​គី​អៅ មាន​ភរិយា ឈ្មោះ​ម៉ា​រៀ ហ្គេ​រ៉ា​ឌី​ន ហើយ​ពួកគេ​មានកូន ៤​នាក់ ស្រី​២​ប្រុស​២។
*ជីវប្រវត្តិ​សង្ខេប​របស់លោក Chris Algieri
លោក Chris Algieri កើត​នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​១៩៨៤ នៅ​ទីក្រុង Huntington​រដ្ឋ​ញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​គ្រួសារ​ដែល​មាន​ដើមកំណើត​ជា​ជនជាតិ​អ៊ីតាលី និង​អា​ហ្ស​ង់​ទីន​។ លោក​បានបញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល​ពី​សាកលវិទ្យាល័យ Stony Brook University និង​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​នៅ​សាលា New York Institute of Technology​។ លោក Algieri​ចាប់អារម្មណ៍​ខ្លាំង​នឹង​ការងារ​សុខាភិបាល​របស់​គាត់ និង​បាន​បញ្ចូល​បទពិសោធន៍ ​ជា​អត្តពលិក​របស់​គាត់​ជាមួយ​នឹង​មុខជំនាញ​មួយ​នេះ​ ហើយ​លោក​បាន​ចាប់ផ្តើម​ការងារ​ប្រដាល់​របស់​លោក​តាំងពី​លោក​មាន​អាយុ​១០​ឆ្នាំ​មកម្ល៉េះ៕
M21-11-14-t1-fullM21-11-14-t3-fullM21-11-14-t4-full