
ភ្នំពេញ ៖ រថយន្តដឹកឈើប្រណីតមួយគ្រឿង ត្រូវកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌព្រែកព្នៅ បង្ក្រាបបាន ប៉ុន្តែមុននឹងឃាត់រថយន្តល្មើសដឹកឈើប្រណីតខាងលើបានគឺកម្លាំងបានផ្ទុះអាវុធតដៃជាមួយក្រុមជនល្មើសចំនួន០៣គ្រាប់បន្ទាប់ពីក្រុមជនល្មើសបានបាញ់មកលើកម្លាំងចំនួន០៦គ្រាប់
ហេតុការណ៍បង្ក្រាបរថយន្តដឹកឈើប្រណីតរហូតផ្ទះអាវុធនេះ បានកើតឡើង កាលពីវេលាម៉ោង២០ និង៣០នាទី យប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅលើចំណុចផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ភួង សុភី មេបញ្ជាកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅប្រាប់ឲ្យដឹងថា ដោយមានការបញ្ជាក់ពីលោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជារឿយៗលោកតែងតែដឹកនាំកម្លាំងចុះល្បាតនៅក្នុងមូលដ្ឋានទាំងយប់ ទាំងថ្ងៃ។ លុះដល់មកថ្ងៃកើតហេតុ កម្លាំងរបស់លោកល្បាតនៅក្នុងសង្កាត់ពន្សាំង ប្រទះឃើញរថយន្តម៉ាកហ៊ីយិនដាយ ពណ៌ស០១គ្រឿង ចំណុះ៣តោនកន្លះ គ្មានស្លាកលេខ ដោយមានសង្ស័យ កម្លាំងក៏បានហៅឲ្យឈប់ ដើម្បីធ្វើការឆែកឆេរ ប៉ុន្តែរថយន្តមិនព្រមឈប់តាមការហៅនោះទេ ដោយព្យាយាមបើកឆ្ពោះទៅមុខរហូត។ ដោយឃើញបែបនេះ កម្លាំងក៏បានជិះតាមពីក្រោយរហូត ស្រាប់តែលេចមុខរថយន្ត០១គ្រឿងទៀតម៉ាកប៉ាហ្សេរ៉ូ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ 02 2-4124 ជិះមកកៀររថយន្តកម្លាំងរបស់លោក ព្រមទាំងបាញ់គំរាមចំនួន០៦គ្រាប់ ដោយសភាពការបែបនេះ កម្លាំងរបស់លោក ក៏បានសម្រេចចិត្តបាញ់តដៃទៅវិញចំនួន០៣គ្រាប់ ដើម្បីបំបែកកង់រថយន្តម៉ាក ប៉ាហ្សេរ៉ូ ពណ៌ត្រេអ៊ីនោះ ទៅមុខលែងរួច។
លោក ភួង សុភី ប្រាប់បន្តថា ក្រោមពីបែកកង់មុខលែងរួចក្រុមជនល្មើសដែលជិះនៅក្នុងរថយន្តម៉ាកប៉ាហ្សេរ៉ូ ពណ៌ត្រេអ៊ីនោះ ក៏បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់តែរថយន្តប៉ុណ្ណោះ ចំណែករថយន្តរបស់កងកម្លាំងក៏មានការខូចខាតដែរ គឺរថយន្តម៉ាកហ្វ័ររ៉ាន់ន័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកណ្ដាល 2A-5310 ។ ដោយឡែកកម្លាំងរបស់លោក ក៏បានបន្តទៅមុខទៀត ដើម្បីតាមចាប់រថយន្តហ៊ីយិនដាយ ដឹកឈើប្រណីត រហូតដល់ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ទើបឃាត់រថយន្តបាន ប៉ុន្តែអ្នកបើកបរបានរត់គេចខ្លួនបាត់។ ក្រោយពីកើតហេតុ រថយន្តល្មើសទាំង០២គ្រឿង ត្រូវបាននាំយកមកទីបញ្ជាការអាវុធហត្ថខណ្ឌព្រែកព្នៅ ដើម្បីចាត់ការបន្តទៀត។
លោក ភួង សុភី ប្រាប់បញ្ជាក់ថា ទាំងរថយន្តម៉ាកប៉ាហ្សេរ៉ូ ពណ៌ត្រេអ៊ី និងរថយន្តហ៊ីយិនដាយ ដឹកឈើប្រណីត ត្រូវបានប្រគល់ទៅឲ្យមន្ត្រីផ្នែករដ្ឋបាលព្រៃឈើ ចាត់ការតាមច្បាប់ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤។
លោក លី អៀងសៅ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើកណ្ដាលប្រាប់ថា ឈើប្រណីតទាំងនោះ គឺប្រភេទឈើធ្នង់ ហើយមានចំនួនប៉ុន្មានដុំ និងមានប៉ុន្មានម៉ែត្រគីបពិតប្រាកដនោះ គឺមិនទាន់ដឹងនៅឡើយទេ ដោយរង់ចាំធ្វើការវាស់វែង និងថ្លឹងជាក់ស្តែងសិន ទើបដឹងទូរលេខច្បាស់លាស់៕







