ភ្នំពេញ ៖ ដោយសារតែ នៅរដូវនេះ ភ្លៀងនៅបន្តធ្លាក់នោះ បានធ្វើឲ្យ តំបន់ ខ្លះ ក្នុងរាជធានីភ្នំពេញ ស្ថិតក្រោមការលិចលង់ និងដក់ទឹក មិនទាន់ហូរ ស្រកចុះ នៅឡើយទេ ដែលធ្វើឲ្យមានការប៉ះពាល់ ដល់ការធ្វើដំណើរ របស់ ប្រជាពលរដ្ឋ តាមដងផ្លូវ ។
ជាមួយគ្នានេះ នៅតំបន់បឹងកក់ ស្ថិតនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក៏ជាកន្លែង ដែលត្រូវជន់លិច ផងដែរ ដែលធ្វើឲ្យ ផ្ទះប្រជាពលរដ្ឋ នៅទីនោះ ស្ថិតក្រោមការគំរាម កំហែងពី ទឹកជន់លិច នៅឡើយ ។
ប្រឈមមុខនឹងការដោះស្រាយ កង្វល់ របស់ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋា ខាងលើនេះ មិននៅស្ងៀមនោះឡើយ អភិបាល ខណ្ឌដូនពេញ លោក គួច ចំរើន នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បានចាត់ឲ្យប្រជាការពារ ខណ្ឌដូនពេញ ចុះទៅកាយសំរាម ចេញពីមាត់លូ ដើម្បីបើកមុខទឹក ហូរឲ្យកាន់តែហូលឿន ចាក់ចូលទៅ ក្នុងទន្លេ។
មន្រ្តីសាលាខណ្ឌដូនពេញ បានឲ្យដឹងថា ក្រោយ ពីមានការណែនាំ ពីលោកអភិបាល គួច ចំរើន រួចមក «ថ្ងៃនេះ ប្រជាការពារ ខណ្ឌដូនពេញ បានចុះជួយបារសំរាម ពីមាត់លូ ក្នុ ង តំបន់បឹងកក់ ដើម្បី បើកមុខទឹក ឲ្យហូរចូលលូបានលឿ ន នៅភូមិ22 និង24»។
មន្រ្តីសាលា ខណ្ឌដូនពេញ បានបញ្ជាក់ទៀតថា «ក្រោយមានប្រតិបត្តិការនេះ កើតឡើង ឃើញថា ទឹកស្រកបានលឿន ជាងមុន ហើយមន្ទីរសាធារណះការ និងមន្រ្តី ជំនាញខណ្ឌ កំពុងជំរុញការ បូមស្ដារដី ភក់ សំរាម ក្នុងបណ្ដាញលូមេ ឲ្យទឹកហូរធ្លាក់ចូល ប្រឡាយ នៅទួលសង្កែបានលឿន»។
បើតាម មន្រ្តី សាលាខណ្ឌ ប្រជាពលរដ្ឋ នៅតំបន់បឹងកក់ មានការសប្បាយចិត្តខ្លាំង ដោយឃើញពី សកម្មភាពរបស់ក្រុម ប្រជាការពារខណ្ឌ បានចុះមកបារសំរាម ចេញពីមាត់ ដើម្បីរំដោះទឹក ឲ្យបានលឿន ចេញពីផ្ទះរបស់ពួកគាត់ ងាយស្រួល រស់នៅ និងរកស៊ី ។
មន្រ្តីសាលាខណ្ឌ បានជំរាបទៅកាន់ ប្រជាពលរដ្ឋទាំងនោះថា អាជ្ញាធរ រាជធានីភ្នំពេញ ថ្នាក់ដឹកនាំ ខណ្ឌដូនពេញ និងមន្រ្តីពាក់ព័ន្ធ មិនបានព្រងើយកន្តើយ និងមិនរវីរវល់ ចំពោះបញ្ហានេះទេ តែការ ដោះស្រាយ វាមិនងាយដូចបកចេកឡើយ ពោលត្រូវធ្វើតាម ដំណាក់កាល និងតាមបច្ចេកទេស តែក្រុមការងារទាំងអស់ បានយកចិត្តដាក់ និងពន្លឿនការងារ ឲ្យកាន់តែឆាប់រហ័ស ៕














