
អ្នកចាត់ការរបស់ក្លឹបកាំភ្លើងធំArsenalលោកArsene Wengerបានអះអាងថា សកម្មភាពរកគ្រាប់បាល់យ៉ាងអស្ចារ្យរបស់កីឡាករCristiano Ronaldoឲ្យក្រុមReal Madridអាចនឹងធ្វើកីឡាករ Lionel Messiឈឺចាប់យ៉ាងខ្លាំងនៅក្នុងក្រុមBarcelona។
គិតមកទល់នឹងពេលនេះ ក្នុងរដូវកាលនេះ តារាបាល់ទាត់ស្ថិតនៅក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ម្នាក់នេះ រកបាន២៥គ្រាប់ហើយពីការប្រកួតទាំងអស់ឲ្យក្រុមរបស់លោកCarlo Ancelottiដែលបច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាងបាល់ទាត់អេស្ប៉ាញ La Ligaមាន២ពិន្ទុនាំមុខគេ ខណៈដែល កីឡាករ Messiដែលជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីននោះ រកបានត្រឹមតែ១១គ្រាប់ប៉ុណ្ណោះឲ្យក្រុម Barcelona។
លោកWenger បានអះអាងទៀតថា លោកមានជំនឿយ៉ាងមុតមាំថា ច្បាស់ណាស់ កីឡាករ Messiមិនសប្បាយចិត្តនោះទេ នឹងទម្រង់របស់គាត់បច្ចុប្បន្នជាមួយក្រុមនៅក្នុងទឹកដី Nou Camp។
លោកបាននិយាយថា នៅពេលដែលកីឡាករ Messiមើលឃើញកីឡាករ Ronaldoរកគ្រាប់បាល់បានច្រើនជាង គាត់ច្បាស់ជាមិនសប្បាយចិត្តនោះទេ ព្រោះថា គាត់ធ្លាប់ជាកំពូលអ្នកគ្រាប់បាល់ម្នាក់របស់អេស្ប៉ាញ។
សូមបញ្ជាក់ថា ក្រុម Barcelonaនឹងវិលត្រឡប់មករកការប្រកួតវិញ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ពេលដែលពួកគេជួបជាមួយក្រុមភ្ញៀវ Sevilla ស្របពេលដែលក្រុម Real Madridនឹងត្រូវធ្វើដំណើរទៅជួបជាមួយក្រុមភ្ញៀវ Eibar នៅថ្ងៃដដែលនោះ៕
