ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម លើកទី៨ (CLV) ចាប់ពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
សេចក្តីជូនដំណឹង របស់ក្រសួងការបរទេសកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពីល ទទួលបាននៅថ្ងៃទី១៧ ខែវិច្ឆិកា បានឲ្យដឹងថា គណៈប្រតិភូរួមដំណើរមាន លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តី ក្រសួងសាធារណការ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ និងសមាជិក រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបផ្សេងទៀត។
កិច្ចប្រជុំកំពូលនេះ នឹងពិនិត្យឡើងវិញនូវសមិទ្ធផលកិច្ចប្រជុំ CLVលើកទី៧ និងកំណត់ ទិសដៅអនាគត ដើម្បីធ្វើការអភិវឌ្ឍបន្ថែមទៀត តំបន់ត្រីកោណនៃប្រទេសទាំងបី។
សេចក្តីប្រកាសរួម នៃកិច្ចប្រជុំកំពូល ស្តីពីតំបន់អភិវឌ្ឍត្រីកោណនឹង ត្រូវបានចុះហត្ថ លេខានៅចុងបញ្ចប់កិច្ចប្រជុំ។
ក្រៅពីនេះសម្តេចតេជោ នឹងចូលជួបសម្តែងការគួរសមជាមួយ លោក ជុំម៉ាលី សាយ៉ាសន ប្រធានាធិបតីនៃប្រទេសឡាវ៕
