Sunday, November 9, 2014

ប្រជាការពារ ខណ្ឌដូនពេញ ចាប់ស្លៀកខោអាវ ឲ្យជនបរទេសម្នាក់ ក្រោយ ដើរស្រាត តាមសួនមាត់ទន្លេ

ភ្នំពេញ ៖ ស្រ្តីជនបរទេស ម្នាក់សង្ស័យ ប្រើប្រាស់ គ្រឿងញៀន ជ្រុល ហួសហេតុ បានធ្វើឲ្យវង្វេងស្មារតី រហូតដើរស្រាត តាមសួនច្បារ ម្តុំព្រះគម្លង់ ក្នុងទឹកដី ខណ្ឌដូនពេញ បង្កឲ្យមានការភ្ញាក់ផ្អើល និងចោមរោមមើលពី ប្រជាពលរដ្ឋ និងអ្នកដំណើរ តាមដងផ្លូវ ។
ដើម្បីកុំឲ្យប៉ះពាល់ ដល់ សណ្តាប់ធ្នាប់ សាធារណៈ និងសោភ័ណភាព នៅតាមទីសាធារណៈបែបនេះ អភិបាល ខណ្ឌដូនពេញ លោក គួច ចំរើន បានឲ្យប្រជាការពារខណ្ឌ ទៅ ឃាត់ខ្លួន និងចាប់ស្លៀកខោអាវឲ្យ ដើម្បីបិតបាំងប្រដាប់ភេទ មុនបញ្ជូន ទៅឲ្យមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ធ្វើការអប់រំបន្តទៀត។
ប្រជាការពារ ខណ្ឌដូនពេញ បាននិយាយថា « នៅរសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ មាន ជនបរទេសម្នាក់ រត់ស្រាតនៅសួនមាត់ទន្លេ ម្ដុំព្រះគម្លង់ ពេលនោះ ក្រុមយើង ក្រោយទទួលបទបញ្ជាភ្លាមៗ ពីអភិបាលខណ្ឌ បានទៅឃាត់ ស្រ្តីបរទេសរូបនេះ រួចចាប់ស្លៀកសម្លៀកបំពាក់ឲ្យ មុនប្រគល់ទៅ មន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ធ្វើការអប់រំបន្តទៀត»។
យ៉ាងណាក៏ដោយ មន្រ្តីសាលាខណ្ឌដូនពេញ មិនទាន់បានបញ្ជាក់អំពី អត្តសញ្ញាណ និងសញ្ជាតិជនបរទេសនេះនៅឡើយទេ៕