Thursday, November 6, 2014

ទារក​ជិត​២​ពាន់​នាក់ បាន​ប្រសូត​នៅ​ពេទ្យ​គន្ធបុប្ផា ខេត្តសៀមរាប​ក្នុង​ខែតុលា​

Pisey-06-11-2014-full-q
សៀមរាប ៖ យោង​តាម​របាយការណ៍​សង្ខេប​ប្រចាំខែ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​ខែតុលា បាន​បង្ហាញ​ថា នៅក្នុង​រយៈពេល​០១​ខែ​នៅ​ខែតុលា​នេះ មាន​ស្ត្រី​ជិត​២​ពាន់​ដែល​ខ្លួន​បាន​ធ្វើការ​សម្រាល​កូន​នៅ​អាគារ​សម្ភព​នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​០៧ ឬ​គន្ធបុប្ផា​០៣ ខេត្តសៀមរាប។​
ផ្នែក​សម្ភព​សាខា​សៀមរាប ក្នុង​ខែ​តុលា មាន​ស្ត្រី​ចំនួន​១១,៧០៨ ដែល​មក​ទទួល​សេវា​ពិនិត្យ​តាមដាន​ផ្ទៃពោះ​និង​មាន​១,៨៦៤ បាន​សម្រាលកូន​ប្រកបដោយ​ជោគជ័យ។ កុមារ​ដែល​មាន​ជំងឺ​ធ្ងន់ ត្រូវ​ព្យាបាល​ផ្នែក​ពិគ្រោះ​ជម្ងឺ​ខាងក្រៅ សរុប​មាន​ចំនួន​៦៩,២៣៦​នាក់ ជំងឺ​ធ្ងន់​ដាក់​ព្យាបាល​ក្នុង​ពេទ្យ​មាន​១៣,៥៤៦​នាក់ វះកាត់​ផ្នែក​សល្យសាស្ត្រ​ចំនួន​១,៦៩៣​នាក់ ក្នុង​នោះ​វះកាត់​បេះដូង​ចំនួន​២៨​នាក់។ នេះ​តួលេខ​អ្នកជំងឺ​ដែល​មាន​មក​ព្យាបាល​ក្នុង​មន្ទីរ​គន្ធបុប្ផា​ទាំង​រាជធានី និង​ខេត្តសៀមរាប។
យោង​តាម​របាយការណ៍​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​០១ ខែវិច្ឆិកា បាន​បញ្ជាក់​ថា មាន​អ្នកជំងឺ​រលាក​ខួរក្បាល​ធ្ងន់ធ្ងរ​ចំនួន​៥០២​ករណី ដែល​បាន​ពិនិត្យ​ឃើញ​និង​មាន​កុមារ​ចំនួន​២៨,៣៨៧​បាន​ទទួល​វ៉ាក់សាំង​ការងារ​ជំងឺ​នេះ។ ក្នុង​មួយថ្ងៃ​ពេទ្យ​នេះ​បាន​ចំណាយ​ប្រាក់​ប្រមាណ​១២​ម៉ឺន​ដុល្លារ សហរដ្ឋអាមេរិក ដើម្បី​ផ្គត់ផ្គង់​រាល់​សេវាកម្ម​ព្យាបាល​ទាំងអស់។ ថ្មីៗ​នេះ​មន្ទីរ​គន្ធបុប្ផា​ទី​០៣ នៅ ខេត្ត​សៀមរាប ទើបនឹង​ក្លាយ​នាយកដ្ឋាន​ដំបូង​គេ ដែល​មាន​សាខា​នៅ​តាម​ខេត្ត។ ហើយ​អ្វី​ដែល​ពិសេស​ជាងគេ​នោះ​សាខា​នេះ​មាន​អាគារ​សម្ភព និង​អាគារ​ផ្នែក​វះកាត់​បេះដូង​កុមារ។
ចាប់តាំងពី​ពេល​ដំណើរការ​ឡើងវិញ នៅ​ឆ្នាំ​១៩៩១ រហូតមកដល់​ពេលនេះ មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​សាខា​សរុប​ចំនួន​០៥​សាខា​ហើយ គឺ​ទី​០១-ស្ថិត​នៅក្នុង​បរិវេណ​ព្រះបរមរាជវាំង សាខា ០៣​ទៀត​នៅ​ម្ដុំ​វត្តភ្នំ និង​សាខា​ចុងក្រោយ​នៅ​ក្រុង​សៀមរាប គឺ​មន្ទីរពេទ្យ​កុមារ​ជ័យវរ្ម័ន​ទី​០៧ ដែល​សាខា​ទាំងអស់​នៅ​ក្រោម​ការគ្រប់គ្រង​របស់​វេជ្ជបណ្ឌិត​ជនជាតិ​ស្វីស ឯកទេស​ផ្នែក​ជំងឺ​កុមារ គឺ​លោក​វេជ្ជបណ្ឌិត បេ​អាត រិ​ឆ​ណឺ​រ (Beat Richner) ជា​ប្រធាន។ រហូតមកដល់​ពេលនេះ តម្រូវការ​ថវិកា​សម្រាប់​ដំណើរការ​មន្ទីរពេទ្យ​គឺ​៣០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។​
នៅក្នុង​ឆ្នាំ​២០១០ កុមារ​ជិត​១,៥​លាន​នាក់ បាន​ចូល​សម្រាក​ព្យាបាល​នៅក្នុង​សាខា​ទាំង​០៥ នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ព្រមទាំង​បាន​ទទួល​សេវា​ព្យាបាល​សេវា​វះកាត់ និង​ទទួល​វ៉ាក់សាំង​ពី​មន្ទីរពេទ្យ​នេះ។ ដោយឡែក​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​១០​ម៉ឺន​នាក់ បាន​ទទួល​សេវា​ពិនិត្យ និង​សម្រាលកូន។ បើ​គ្មាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ទេ កុមារ​ចំនួន​៣.២០០​នាក់​នៅ​កម្ពុជា នឹង​ត្រូវ​បាត់បង់​ជីវិត​ជា​រៀងរាល់​ខែ។​
កន្លងទៅ ថវិកា​សម្រាប់​ដំណើរការ​មន្ទីរពេទ្យ គឺ​បាន​មកពី​ការ​ខិតខំ​របស់​លោក​វេជ្ជបណ្ឌិត បេ​អាត រិ​ឆ​ណឺ​រ តាមរយៈ​ការ​អំពាវនាវ​សុំ​ជំនួយ​ពី​សប្បុរសជន ដោយ​លោក​កូដ​វី​យោ​ឡុង ក្នុង​ការ​ប្រគំ​តន្ត្រី​ផង ប៉ុន្តែ​ពេលនេះ​លោក​មាន​អាយុ​៦៥​ឆ្នាំ​ហើយ​។ គេហទំព័រ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ឲ្យ​ដឹង​ថា រហូតមកដល់​ពេលនេះ​មន្ទីរពេទ្យ​ទទួល​ប្រាក់​បរិច្ចាគ​ចំនួន​២​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​កម្ពុជា៤​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​ស្វី​ស និង​២២​លាន​ដុល្លារ​ពី​សប្បុរសជន​នានា​ជា​រៀងរាល់​ឆ្នាំ ហើយ​ក្នុង​រយៈពេល​ពេល​២០​ឆ្នាំ​កន្លង​ទៅ​នេះ ថវិកា​ចំនួន​៤០០​លាន​ដុល្លារ​ត្រូវ​បាន​ចំណាយ​សម្រាប់​ដំណើរការ​មន្ទីរពេទ្យ​៕