Monday, November 17, 2014

បុណ្យសមុទ្រលើកទី៣ នៅខេត្តកោះកុង រំពឹងទទួលបាន ភ្ញៀវចូលរួម ១៥ម៉ឺននាក់

ភ្នំពេញ ៖ បុណ្យសមុទ្រលើកទី៣ ដែលនឹងត្រូវរៀបចំឡើង ចាប់ពីថ្ងៃទី១២-១៤ ខែធ្នូ ឆ្នាំ២០១៤ ខាងមុខ នាខេត្ត កោះកុង ។ ពិធីបុណ្យសមុទ្ររយៈពេល ៣ថ្ងៃនេះ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទៅកម្សាន្តប្រមាណ ១៥ម៉ឺន នាក់ ។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ នៅក្នុងពិធី ប្រកាសជាផ្លូវការ នៃការរៀបចំ ពិធីបុណ្យសមុទ្រកម្ពុជា លើកទី៣ នៅក្នុងក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា ការរៀបចំបុណ្យសមុទ្រលើនេះ នឹងកែប្រែមុខមាត់ថ្មី ដល់ខេត្តកោះកុង ជាពិសេសការទាក់ទាញភ្ញៀវទេសចរណ៍ ហើយក៏នឹងបង្កើនទំនាក់ទំនងល្អ រវាងប្រជាជនកម្ពុជា និងប្រជាជនថៃ ផងដែរ។
លោកបានបន្ថែមថា បុណ្យសមុទ្រឆ្នាំនេះប្រារព្ធឡើងក្រោមប្រធានបទ អេកូទេសចរណ៌ តំបន់ឆ្នេរ ដើម្បីធ្វើយ៉ាង ណា រៀបចំការគ្រប់គ្រង និងអភិរក្សតំបន់ឆ្នេរប្រកបដោយនិរន្តរភាព និងដើម្បី ធ្វើយ៉ាងណា ប្តូរផ្តាច់ថែរក្សា តំបន់ ឆ្នេរប្រកបដោយប្រសិទ្ធភាព ហើយជាការបង្ហាញប្រាប់ពីព្រៃ កោងកាងដែលរំលេចដោយ ទេសភាពយ៉ាងស្រស់ ត្រកាល ដែលប្រទេសក្នុងតំបន់អាស៊ីពុំទាន់មាន។
បុណ្យសមុទ្រលើកនេះ នឹងមានការរៀបចំ ឱ្យមានការប្រកួតវាយកូនហ្គោលអន្តរជាតិ នៅកោះស្តេច កីឡាជិះកង់ដើម្បីកម្សាន្ត កីឡាកងហោះ ប្រណាំងទូក , ការប្រគុំតន្រ្តី , មហោស្រពម្ហូបអាហារ , ពិព័រណ៍ , និងការប្រកួតអុក ។ មិនតែប៉ុណ្ណោះ ក៏មានការបង្ហាញថ្វីដៃ របស់កញ្ញា ស៊ន សៀវម៉ី ផងដែរ ។ តាមការរំពឹងទុក របស់ក្រសួងទេសចរណ៍ នឹងមានភ្ងៀវទេសចរ មកចូលរួមកម្សាន្ត ក្នុងថ្ងៃបុណ្យសមុទ្រ រយៈពេល៣ថ្ងៃ មានចំនួន១៥ម៉ឺននាក់ ។
ដើម្បីសម្រួលដល់ដំណើការ នៃការរៀបចំពិធីបុណ្យសមុទ្រប្រព្រឹត្តដោយរលូន ដោយសណ្ឋាគារ នៅក្នុងខេត្តកោះកុង មានតែ១៧០០ បន្ទប់ អាជ្ញាធរខេត្តបានរៀបចំបង្កើតស្តង់ជាង១ពាន់ស្តង ក៏ដូចជាផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីជួលឲ្យភ្ងៀវស្នាក់នៅ និងខេត្ត ក៏បានសម្រួលជាមួយភាគីថៃ ដើម្បីបើកច្រក់ចូលរយៈពេល៣ថ្ងៃ សម្រាប់សម្រួលដល់ភ្ងៀវ ដែលចូលមកទស្សនា អំឡុងពេលបុណ្យសមុទ្រនេះ ផងដែរ។
សូមជំរាបថា ឆ្នាំ២០១៤នេះ ជាលើកទី៣ហើយ សម្រាប់ការរៀបចំបុណ្យសមុទ្រ នៅកម្ពុជា ក្នុងនោះ លើកទី១ បានធ្វើនៅខេត្តព្រះសីហនុ លើកទី២ នៅខេត្តកែប ។ ដោយឡែកសម្រាប់ពិធីបុណ្យ សមុទ្រ លើកទី៤ នៅឆ្នាំ២០១៥ ខាងមុខនេះ កម្ពុជាគ្រោងនឹងរៀបចំ នៅខេត្តកំពត៕