ភ្នំពេញ ៖ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ និងអធិការរង ទទួលផែនសន្តិសុខ លោក យ៉ន សុធន់ កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ បានបញ្ចេញ ប្រតិបត្តិការ ដឹកនាំកម្លាំង នគរបាល ជាច្រើននាក់ បង្ក្រាប និងចាប់ខ្លួន ជនសង្ស័យ ២នាក់ដែល ជាមុខសញ្ញាប្លន់ លួច និងកាច់កម៉ូតូ យ៉ាងសកម្ម នៅក្នុងមូលដ្ឋាន នាពេលកន្លងទៅ ។
ប្រតិបត្តិការ ចាប់ក្រុមចោរប្លន់ និងកាច់កម៉ូតូ ខាងលើនេះ បានធ្វើ ឡើងកាល ពីវេលាម៉ោង ៩៖១៩នាទីយប់ថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅ តាម ផ្លូវប៉េតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
អធិការ នគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា «ខ្ញុំ និងអធិការរង លោក យ៉ន សុធន់(០២)ទទួលផ្នែកសន្តិសុខ បានដឹកនាំ កម្លាំងចុះស៊ើប អង្កេតស្រាវជ្រាវ តាមដាន ចាប់មុខសញ្ញា តែងតែធ្វើ សកម្មភាព ប្លន់ និងកាច់ ក ម៉ូតូយ៉ាងសកម្ម នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ»។
លោក យឹម សារ៉ាន់ បានបញ្ជាក់ទៀតថា «ជនសង្ស័យ ទាំង២នាក់នេះ បានយក រឺម៉ក់ម៉ូតូកង់បី ដែលកាច់ បានកាលពី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសង្កាត់ចោមចៅ ហើយជនរងគ្រោះ ជាម្ចាស់ម៉ូតូ បានប្តឹង ទើបសមត្ថកិច្ចយើង បើកការស្រាវជ្រាវ និងតាមដាន រហូតដល់ វេលាម៉ោង២១៖១៩នាទី យប់នេះ ស្រាប់តែឃើញពួកវា យក រឺម៉ក់ម៉ូតូ បម្រុងយកទៅលក់ តែត្រូវកម្លាំងសមត្ថកិច្ច យើងខ្ញុំ ស្ទាក់ចាប់ បានតែម្តង»។
អធិការនគរបាលរូបនេះ បានលើកឡើងថា ក្រោយពីមាន ករណីប្លន់ កាច់កម៉ូតូ និងលួចផ្សេងៗ បានកើតឡើង មិនថា តែនៅក្នុង ខណ្ឌពោធិ៍សែនជ័យ នោះទេ ប៉ុន្តែនៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញនោះ ស្នងការ នគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ទទួលផែនព្រហ្មទណ្ឌ បានបញ្ជាឲ្យកម្លាំងនគរបាល តាម ការិយាល័យ ជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាល តាមបណ្តាខណ្ឌ ចុះល្បាត និងធ្វើការស្រាវជ្រាវ តាមចាប់ក្រុម ជនល្មើសទាំងនេះ ក្រោយ ធ្វើសកម្មភាពម្តងៗ មិនទុកឲ្យបន្តមានសេរីភាពនោះឡើយ ។
លោកអធិការ បានបន្តទៀតថា ក្រោយទទួលបទបញ្ជាពីថ្នាក់លើភ្លាម លោកបានបញ្ជា ឲ្យកម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ និងសន្តិសុខ នៃអធិការដ្ឋាន និងកម្លាំង នគរបាលតាមបណ្តាប៉ុស្តិ៍ ត្រូវចុះល្បាតជាប្រចាំ ទាំងយប់ ទាំងថ្ងៃ ដើម្បីជួយអន្តរាគមន៍ ទប់ស្កាត់ទបល្មើសទាំងនោះ បានទាន់ពេលវេលា។
លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ដោយឡែក ពាក្យបណ្តឹង របស់ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានវិញ ដែលពាក់ព័ន្ធរាល់បទល្មើសទាំងអស់ លោកបានឲ្យ នគរបាលជំនាញ និងនគរបាលមូលដ្ឋាន ចុះស្រាវជ្រាវភ្លាមៗ មិនទុកឲ្យ ប្រជាពលរដ្ឋ ជាជនរងគ្រោះអស់ សង្ឃឹមនោះទេ ។
ជាលទ្ធផល ជនល្មើស ជាច្រើននាក់ ត្រូវបានចាប់ខ្លួន ជាបន្តបន្ទាប់ នៅក្នុងមូលដ្ឋាន ក្រោយពីមានពាក្យបណ្តឹង និងសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ។
ជាមួយគ្នានេះ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងអស់ ដែលរស់នៅ និងរកស៊ីនៅ ក្នុងខណ្ឌ ពោធិ៍សែនជ័យ សូមមេត្តាចូលរួម និងបន្តកិច្ចសហប្រតិបត្តិការ ជាមួយ កម្លាំងសមត្ថកិច្ច របស់លោក ជាប្រចាំ ពោលត្រូវរាយការណ៍ ភ្លាមៗ នៅពេល មានបទល្មើស ណាមួយកើតឡើងនោះ។
សម្រាប់ជនសង្ស័យទាំងពីនាក់ ត្រូវបានសមត្ថកិច្ច របស់លោក យកទៅឃុំខ្លួនបណ្ដោះអាសន្ន នៅ អធិការដ្ឋាន នគរបាលខណ្ឌ ហើយធ្វើការសាកសួរ រកបក្ខពួក គ្នាវាបន្តទៀត និងធ្វើការកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕


អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងនគរបាល ចុះបង្ក្រាប និងចាប់ខ្លួនជនសង្ស័យទាំង២នាក់





