ភ្នំពេញ ៖ អភិបាល ខណ្ឌដូនពេញ លោក គួច ចំរើន នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បានបើកកិច្ចប្រជុំ ជាមួយមន្ដ្រី ដែលក្រុមការងារ របស់ខ្លួន ដើម្បីចុះទៅ ស្រង់ស្ថិតិវាយ តម្លៃពីផល ប៉ះពាល់ និងជួបជាមួយ ក្រុមអាជីវករ ផ្សារចាស់ ដែលទទួល រងការខូចខាត ដោយសារ អគ្គិភ័យ ។
នៅក្នុងកិច្ច ប្រជុំខាងលើនេះ អភិបាល ខណ្ឌដូនពេញ លោក គួច ចំរើន បានលើក ឡើងថា ក្រុមការងារ របស់ខណ្ឌ និងចុះទៅ វាយតម្លៃផលប៉ះពាល់ សរុបពីការឆេះតូប នៅក្នុងផ្សារ និងរកវិធានការ ដោះស្រាយជូន ពួកគាត់ឡើងវិញ ចៀសវាងមាន ការយល់ ច្រឡំ និងលើកឡើងផ្សេងៗ ។
លោកអភិបាលខណ្ឌ បានមានប្រសាសន៍ ទៀតថា ក្រុមការងារ និងទៅពិនិត្យទីតាំង កន្លែងកើតហេតុ ព្រមទាំង ជួបសំណេះសំណាល ជាមួយក្រុមអាជីវករ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ថា តើនឹងដោះ ស្រាយយ៉ាងដូចម្ដេច? ប៉ុន្ដែលោកបានបញ្ជាក់ ទៅក្រុមអាជីវករថា ពុំមានការឡោមព័ទ្ធ យកទីតាំងនេះ ដូចការ លើកឡើងផ្សេងៗ នោះទេ ។
សូមបញ្ជាក់ថា កិច្ចប្រជុំរបស់ក្រុមការងារ ដែលដឹកនាំដោយលោក គួច ចំរើន ខាងលើ នេះ បានធ្វើឡើង ដោយមានការណែនាំពីអភិ បាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស ។
ជាមួយគ្នានោះដែរ លោកអភិបាល ខណ្ឌដូនពេញ បានសន្និដ្ឋានជំហានដំបូង ពីការខូចខាតអស់ ទឹកប្រាក់ ប្រមាណ ជាង១លានដុល្លារ ហើយនៅព្រឹកស្អែកនេះ លោកនិងដឹកនាំ ក្រុមការងារចុះជួបអាជីវករ ផ្ទាល់ដើម្បីប្រមូល យកមតិយោបល់ និងតម្រូវការជាក់ស្តែង របស់បងប្អូនអាជីវករ លទ្ធផលយ៉ាងណាក្រុមការងារ និង ធ្វើរបាយការណ៍ បញ្ជូនទៅអភិបាលរាជធានី សម្រេចបន្តទៀត។
លោកអភិបាល ខណ្ឌដូនពេញ បញ្ជាក់ថាអាជីវករណា មិនរងផលប៉ះពាល់អាចលក់ដូរបាននោះ គឺលក់ដូរជាធម្មតាវិញចុះចាប់ពីថ្ងៃ២៥នេះ។ ចំណែក សន្តិសុខសុវត្ថិភាព សូមថែរក្សាខ្លួនឯងផង៕


