
ភ្នំពេញ ៖ បេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជារាយការណ៍មកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន អញ្ជើញទៅដល់ចំណតអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង សា ធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព កាលពីវេលាម៉ោង ១៣ និង២០នាទីម៉ោងនៅទីក្រុងប៉េកាំង ត្រូវនិងម៉ោង១២ និង២០នាទី ម៉ោងនៅរាជធានីភ្នំពេញថ្ងៃទី៧ ខែវិច្ឆិកា។
សម្ដេចអគ្គតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើដំណើរឆ្ពោះទៅកាន់សាធារណរដ្ឋប្រជាមានិតចិន កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកាដើម្បីចូលរួមកិច្ចសន្ទនា ដើម្បីពង្រឹងភាពជាដៃគូ នៃការតភ្ជាប់ និងកិច្ចប្រជុំកំពូលនាយកប្រតិបត្តិ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៤(APEC CEO Summit 2014) ដែល ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៤។
នៅចំណតអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង គណៈប្រតិភូជាន់ខ្ពស់កម្ពុជាត្រូវបានការស្វាគមន៍ដោយឯកឧត្តម លី ហ្ចីហ្គៀង អនុប្រធានសភាប្រជាជនចិន ព្រមទាំងថ្នាក់ដឹកនាំចិនជាច្រើនរូបទៀត។
តាមកម្មវិធី ដែលបានគ្រោងទុក នៅរសៀលថ្ងៃទី៧វិច្ឆិកានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី និងជួបពិភាក្សាការងារជាមួយឯកឧត្តម លី យ៉ុនចាវ អនុប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។ បេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងទៀតថា បណ្តាមេដឹកនាំនៃប្រទេស APEC និងសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាគន្លឹះចំនួនពីរទៅកាន់កិច្ចប្រជុំ ដ៏មានសារៈសំខាន់នោះដែលសុន្ទរកថា គន្លឹះទី១ នៅក្នុងកិច្ចសន្ទនាស្តីពីការពង្រឹងភាពជាដៃគូនៃការតភ្ជាប់ក្នុងកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ក្នុងពិធីបើកកិច្ចប្រជុំកំពូល ដែលធ្វើឡើងនៅរសៀលថ្ងៃទី៨វិច្ឆិកា និងសុន្ទរកថាគន្លឹះទី២ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល នាយកប្រតិបត្តិនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅ ព្រឹកថ្ងៃទី៩វិច្ឆិកា។ ជាមួយគ្នានេះសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏មានគម្រោងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងក្រុមហ៊ុនវិនិយោគចិនជាច្រើនទៀតផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ត្រាំ អ៊ីវតឹករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងសមាជិកដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា បានអមដំណើរសម្តេចតេជោក្នុងកិច្ចប្រជុំកំពូលនេះ។
កិច្ចសន្ទនា ដើម្បីពង្រឹងភាពជាដៃគូនៃការតភ្ជាប់នឹងពិភាក្សាអំពី កាលានុវត្តភាព និងភាពប្រឈមសម្រាប់កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធអំពីការតភ្ជាប់ក្នុងតំបន់ ព្រមទាំងរិះរកដំណោះស្រាយ និងមធ្យោបាយធ្វើឱ្យជឿនលឿនកិច្ចសហប្រតិបត្តិការ ស្តីពីគំនិតផ្តួចផ្តើម នៃ “ខ្សែក្រវាត់សេដ្ឋកិច្ចវិថីសូត្រ” និង “វិថីសូត្រសមុទ្រសម្រាប់សត វត្សរ៍ទី២១”។ រីឯកិច្ចប្រជុំកំពូលនាយកប្រតិបត្តិនៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក និងផ្លាស់ប្ដូរទស្សនៈលើប្រធានបទជាគន្លឹះដូចជា សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ការអភិវឌ្ឍតាមបែបបង្កើត ថ្មី និងការតភ្ជាប់ក្រោមប្រធានបទ “ចក្ខុវិស័យថ្មី សម្រាប់តំបន់អាស៊ី ប៉ាស៊ីហ្វិកជាអាទិ៍ការច្នៃប្រឌិត ការតភ្ជាប់សមាហរណកម្ម និងវិបុលភាព”៕
