ក្រចេះ ៖ ព្រះពុទ្ធសាសនា ជាសាសនាដ៏ផូរផង់ របស់ជាតិខ្មែរ ក្នុងទីអារាមត្រូវបានចាត់ទុកថា ជាឃ្លាំងប្រមូលផ្តុំនូវ វប្បធម៌ ប្រពៃណី និងជាកន្លែងសាបព្រោះ នូវចំណេះដឹង សីលធម៌សម្រាប់កូនខ្មែរផងដែរ។ ពិធីបុណ្យអកអំបុក សំពះ ព្រះខែ ជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ ដ៏មានអត្ថន័យមួយតាំងពីបុរាណកាលមក តែសម្រាប់បច្ចុប្បន្ន នៅតាមទី អារាមនានា មិនសូវជាឃើញមានការប្រារព្ធ ឲ្យអធិកអធម ស្របតាមព្រពៃណីខ្មែរ ដូចបុរាណកាលឡើយ ។
ភាពស្ងប់ស្ងាត់ នៃការប្រារព្ធពិធីមួយនេះ បានបង្កឲ្យមានការព្រួយបារម្ភថា យុវវ័យខ្មែរ ដែលជាម្ចាស់វប្បធម៌ប្រពៃណី មួយនេះ អាចនឹងភ្លេចពីវប្បធម៌ ប្រពៃណី និងមិនស្គាល់ពីអត្ថន័យ នៃពិធីបុណ្យមួយនេះ។ ដូនតាអ្នកប្រាជ្ញរបស់ខ្មែរ បានចងក្រងពាក្យស្លោកមួយឃ្លាថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន» ពាក្យស្លោករបស់ ខ្មែរមួយឃ្លានេះ បានបង្ហាញយ៉ាងច្បាស់ ពីគោលបំណងរបស់ដូនតាខ្មែរ ចង់ឲ្យកូន ខ្មែររួមគ្នាថែរក្សា និងស្រឡាញ់នូវ វប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ។
ដើម្បីចូលរួមចំណែក ដាស់តឿន និងក្រើនរំលឹកដល់កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយ ដែលជាអ្នកបន្តវេណថែរក្សា វប្បធម៌ប្រពៃណី និងប្រទេសខ្មែរទាំងមូលនោះ ក្នុងឱកាសប្រារព្ធពិធីអកបំបុក សំពះព្រះខែ នារាត្រី ១៥កើត ខែកត្កិក ឆ្នាំមមី ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ម្សិលមិញនេះ ព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការ និងតាអាចារ្យ ព្រមទាំងប្រជាពុទ្ធបរិស័ទ នៅវត្តរដ្ឋបាលារាម ហៅវត្តប៉ាឆា ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ បានប្រារព្ធពិធីបុណ្យមហា អំបុក ឬអកអំបុក និងសំពះព្រះខែ យ៉ាងមហោឡារិកតាមលំដាប់លំដោយ ទំនៀមទម្លាប់ខ្មែរពីបុរាណ ។
ព្រះចៅអធិការវត្តប៉ាឆា ព្រះតេជគុណ ធឹង ច័ន្ទត្រា មានសង្ឃដីកាប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ពិធីបុណ្យ មហាអំបុក ឬអកអំបុក និងសំពះព្រះខែនេះ ត្រូវបានព្រះអង្គ និងប្រជាពុទ្ធបរិស័ទរៀបចំឡើង ជារៀងរាល់ឆ្នាំ។ គោលបំណង នៃរៀបចំពិធីនេះឡើង ដើម្បីបង្ហាញ និងរំលឹកដល់កូនខ្មែរជំនាន់ក្រោយ ឲ្យចងចាំនូវប្រពៃណី ទំនៀម ទម្លាប់របស់ខ្មែរទាក់ទង និងពិធីមួយនេះ មិនតែប៉ុណ្ណោះ ក៏ដើម្បីចូលរួមលើកកម្ពស់វប្បធម៌របស់ខ្មែរ ដែលកំពុងតែ មិនសូវមានការចាប់អារម្មណ៍ពីយុវជន យុវតីខ្មែរ គ្រាដែលវប្បធម៌របស់បរទេសវាយលុកខ្លាំងនោះ ។
ពិធីបុណ្យមហាអំបុក ឬអកអំបុក និងសំពះព្រះខែ ត្រូវបានប្រារព្ធធ្វើឡើង នៅថ្ងៃព្រះចន្ទពេញបូរមី ថ្ងៃ១៥ កើត ខែ កត្តិក នាវត្តប៉ាឆា មានការរៀបចំលំអរដោយភ្លើងជ្វាលា និងផ្កាភ្ញី គួរជាទីគយគន់។ ក្រៅការតុបតែង លំអរទីអារាមទៅ នៅមានការតុបតែងយុវជន យុវតី ក្រុមអ្នកដាលអំបុក ដោយការស្លៀកអាវប៉ាក់ អាវបំពង ចងក្បិន យ៉ាងសមសោភា ថែមទៀតផង ។
នៅពេលប្រកួតការដាល់អំបុក អកអំបុក ព្រះសង្ឃ និងឧបាសក ឧបាសិកា យុវជន យុវតី បានសូត្រធម៌នមសិកា ថ្វាយ បង្គំព្រះ និងមានការសម្តែងព្រះធម៌ទេសនា បង្ហាញពីអត្ថន័យ នៃពីធីបុណ្យមហាអំបុក ឬអកអំបុកផងដែរ។ មិនតែ ប៉ុណ្ណោះ នៅមុនការចាប់ផ្តើម ពិធីដាល់អំបុក មានកាវាយគង ទូងស្គរ អមដោយបទចម្រៀងពីបុរាណ ដូចជាបទ «បើ នាងបុកស្រូវ», «អំបុកស្រូវថ្មី» ជាដើមញ៉ាំងឲ្យកម្មវិធី ទាំងមូលបានប្រព្រឹត្តទៅយ៉ាងអធិកអធម និងសប្បាយរីករាយ។
ព្រះតេជគុណ ធឹង ច័ន្ទត្រា បានមានសង្ឃដីកា រៀបរាប់ពីប្រវត្តិដើមទង នៃពិធីបុណ្យមហាអំបុក និងអកអំបុក សំពះ ព្រះខែ ដោយយោងតាមសៀវភៅប្រពៃណី ទំនៀមទម្លាប់ខ្មែរ របស់លោកតា មាជ ប៉ុន មកបញ្ជាក់ថា ពិធីបុណ្យមហា អំបុកត្រូវបានប្រារព្ធ តាំងពីបុរាណកាលមក ដោយមានការចូលរួមជាអធិបតីពីថ្នាក់ដឹកនាំជាន់ខ្ពស់ថែមទៀតផង។ បុណ្យមហាអំបុក បានន័យថា ជាការជួបជុំមហាជនជិតឆ្ងាយនាំគ្នាមកដាល់អំបុក ។
ព្រះតេជគុណ មានសង្ឃដីកាបន្តថា បុណ្យមហាអំបុកនៅឆ្នាំនេះ បានរៀបចំត្បាលចំនួន១០ ដើម្បីឲ្យយុវជន យុវតីខ្មែរ ប្រកួតប្រជែងគ្នា។ មុនឈានដល់ការដាល់អំបុក មានការនិមន្តព្រះសង្ឃសូត្រចម្រើនព្រះបរិត្តឲ្យពរឲ្យជ័យ និងសម្តែង ធម៌ទេសនាទាក់ទងប្រវត្តិបុណ្យចែកជូន ដល់អ្នកចូលរួមទាំងអស់។ បន្ទាប់ពិធីដាល់អំបុក ក៏បានចាប់ ផ្តើមឡើងជា មួយការទូងស្គរ និងវាយគង ដាស់ស្មារតីដល់អ្នកចូលរួមប្រកួតទាំងអស់ត្រៀមឆ្នាំង ចង្រ្កាន ភ្លើង ស្រូវ ត្បាល់ អង្រែ។ ក្រោយពីការត្រៀមលក្ខណៈគ្រប់គ្រាន់ហើយនោះ គណៈ កម្មការ ក៏ចាប់ផ្តើមទូងស្គរម្តងទៀតបើការប្រកួត។
ជាមួយការប្រកួតចាប់ផ្តើម គេសង្កេតឃើញយុវតីខ្មែរ ដែលលំអខ្លួនដោយអាវប៉ាក់ចងក្បិន ចាប់ស្រូវចេញពីល្អី ដាក់ ចូលឆ្នាំងដី ដែលក្តៅដោយកម្តៅភ្លើង លីងចុះឡើងរហូតស្រូវផ្ទុះឡើង ក៏ចាក់ចូលត្បាល។ បន្ទាប់ស្រូវលីង បានចាក់ ចូលត្បាល ក្រុមយុវជន ដែលក្នុងដៃក្តាប់អង្រែណែន រួមជាមួយយុវតីជាដៃគូម្នាក់ទៀតនោះ បាននាំគ្នា បុកឆ្កៀលៗ យ៉ាងញាប់ដៃ អមជាមួយនឹងបទចម្រៀង បើនាងបុកស្រូវ និងអំបុកស្រូវថ្មី ប្រគុំកំដរយ៉ាងមានខ្លឹមសារ រហូតដល់ស្រូវ បែកជាអំបុកចោលក្លិនយ៉ាងឆ្ងុយឆ្ងប់ ។ ក្រោយពេលបុកហើយ ក្រុមអ្នកប្រកួតបានបារអំបុកដាក់ចូលចង្អេរនាំគ្នាអ៊ុំរែង យកក្បាលអង្កាមចេញទុកអំបុក សុទ្ធយកទៅជូនគណៈកម្មការវាយតម្លៃ ។
បើតាមព្រះតេជគុណ ធឹង ច័ន្ទត្រា បានមានសង្ឃដីកាថា បន្ទាប់ពីដាល់អំបុករួចរាល់ហើយនោះ ក៏ឈានចូលដល់ ពិធី អកអំបុក។ ពិធីអកអំបុកនេះ ត្រូវបានរៀបចំឡើង ដោយខាងយុវតីមានគ្នា ៥នាក់ និងយុវជនមានគ្នា៥នាក់ ហើយ ក្នុងដៃកាន់ថាស់អំបុក និងចេកក្នុងដៃរៀងៗខ្លួន ។
ពេលអំបុក និងចេកនៅក្នុងដៃហើយនោះ ទាំងខាងប្រុស និងខាងស្រី ត្រូវអកម្តងម្នាក់។ ពេលអកនោះទៀត សោត ពេលខាងប្រុសអកខាងស្រីជាអ្នកទៅគក់ខ្នងហើយសួរថា ភ្លៀងតិច ឬភ្លៀងច្រើន ក៏ដូចជាសំណួរថា ឆ្នាំនេះបង្ក បង្កើន ផលបានល្អ ឬអត់ជាដើម។ ពេលខាងស្រីអក ខាងប្រុសក៏ទៅគក់ខ្នង និងសួរសំណួរដូចគ្នាផងដែរ ។
ពិធីបុណ្យមហាអំបុក និងអកអំបុក នៅក្រោយពីច្រូតកាត់ របស់ប្រជាកសិករខ្មែរនៅទីជនបទ មើលទៅពិតជា សប្បាយ ។ បុណ្យមហាអំបុក និងអកអំបុកនេះ ព្រះតេជគុណ ធឹង ច័ន្ទត្រា បានពន្យល់ថា ធ្វើឡើងតាមប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដើម្បីរំលឹកពីការប្រមូលភោគផលស្រូវអង្ករ ដែលជាវប្បធម៌ល្អផូរផង់មួយនៅកម្ពុជា ។
មិនតែប៉ុណ្ណោះពិធីបុណ្យអកអំបុក ធ្វើឡើងដល់ព្រះបរមពោធិ័សត្វ កាលដែលព្រះអង្គ បានយោនយកកំណើនជា សសបណ្ឌិត (សត្វទន្សាយ) ដោយសារតែការចង់បំពេញទានព្រះអង្គ បានបូជាព្រះកាយរបស់ព្រះអង្គដោយសទ្ធា ជ្រះថ្លាដល់ព្រាហ្មមិនស្តាយស្រណោះឡើយ ។
ព្រះតេជគុណបញ្ជាក់ថា «កាលព្រះអង្គព្រះបរមគ្រូយោនយកកំណើតជាសត្វទន្សាយ ព្រះអង្គបានបួងសួងថា ព្រះអង្គ ចង់បំពេញទាន ដោយការបូជាព្រះកាយព្រះអង្គផ្ទាល់តែម្តង។ ក្រោយពេលបួងសួងក្នុងចិត្តបែបនេះ បានធ្វើឲ្យរញ្ជួយ ដល់ឋានព្រះឥន្ទ ព្រះឥន្ទក៏បានប្រែក្រឡាខ្លួនជាព្រាហ្មមកសុំសាច់ទន្សាយបរិភោគ ត្បិតខ្លួនអត់អាហារអស់ជាច្រើនថ្ងៃ មកហើយ។ ដោយមិនស្តាយស្រណោះសសបណ្ឌិត បានឆ្លើយតបទាំងឥតអាក់ថា ខ្លួនមានតែសាច់ប៉ុណ្ណោះ ដូច្នោះ សូមព្រាហ្មបំពក់ភ្លើងចុះ យើងនឹងលោតចូលភ្លើង ធ្វើជាអាហារជូនតែម្តង។ ក្រោយពេលរលាស់ខ្លួន៣ដង ជាមួយនឹង ពាក្យពោលឲ្យសត្វមមង់មមាចនៅលើខ្លួន ចេញអស់ហើយនោះ សសបណ្ឌិត ក៏លោតចូលភ្លើងតែម្តង»។ «ដោយ អានុភាពនៃផលបុណ្យកើតចេញពីសទ្ធាជ្រះថ្លា ភ្លើងនោះក៏រលត់ទៅវិញ ដោយមិនបានឆេះរោមសសបណ្ឌិតបន្តិច សោះឡើយ។ ដោយឃើញហេតុភេទអស្ចារ្យបែបនេះ ព្រះឥន្ទក៏បានទាញថ្មកែវមនោសិសា ទៅគូរ ចារ្យរូបទន្សាយ នៅផ្ទាំងព្រះចន្ទតែម្តង»។
ព្រះតេជគុណ ធឹង ច័ន្ទត្រា បានមានសង្ឃដីកាបញ្ជាក់ថា តាមរឿងទសជាតកនេះ មានអត្ថន័យ ជាគតិបណ្ឌិត សម្រាប់ អប់រំដល់ប្រជាពុទ្ធបរិស័ទខ្មែរ គឺចង់ទូន្មានឲ្យពលរដ្ឋខ្មែរចេះធ្វើទាន និងមាននូវវប្បធម៌ចែករំលែករវាងគ្នា និងគ្នា ដើម្បី បាននូវទំនាក់ទំនងល្អ និងបានជាបុណ្យកុសលសម្រាប់ខ្លួនផងដែរ ។
ព្រះតេជគុណ ធឹង ច័ន្ទត្រា បានសម្តែងការរំពឹងទុករបស់ព្រះអង្គថា តាមរយៈពិធីបុណ្យនេះ នឹងធ្វើឲ្យយុវជនខ្មែរ បាន ជ្រួតជ្រាប និងស្គាល់ពីតម្លៃវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់របស់ខ្លួន ឲ្យបានល្អផូរផង់បន្ថែមទៀត។ ធ្វើយ៉ាងណា កុំឲ្យប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌របស់ខ្មែរចេះរិចរិល ដោយសារយុវជនខ្មែរជំនាន់ក្រោយមិនបានជ្រួតជ្រាប៕










