
ភ្នំពេញ៖ ឱសថច្រើនប្រភេទទម្ងន់៣៤៥០គីឡូក្រាមត្រូវបាននគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃប្រគល់ឲ្យក្រសួងសុខាភិបាលកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤។
ពិធីប្រគល់និងទទួលឱសថខាងលើត្រូវបានរៀបចំធ្វើឡើងនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រីឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចជាអ្នកប្រគល់និងលោកឃ្លាំង សាម៉េត ជាតំណាងក្រសួងសុខាភិបាលជាអ្នកទទួល។
លោកឧត្ដមសេនីយ៍ត្រីឡុង ស្រេងបានឲ្យដឹងថា ឱសថគ្រប់ប្រភេទដែលអគ្គស្នងការនគរបាលជាតិប្រគល់ជូនក្រសួងសុខាភិបាលនាពេលនេះគឺមានចំនួន៤៥ប្រភេទទម្ងន់សរុប៣៤៥០គីឡូក្រាមដែលជាឱសថសមត្ថកិច្ចរឹបអូសពីក្រុមហ៊ុនដែលធ្វើការនាំចូលលួចលាក់ខុសច្បាប់និងរក្សាទុកមិនត្រឹមត្រូវ។
ឱសថនេះសមត្ថកិច្ចសមត្ថបានរឹបអូសកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤នៅក្នុងក្រុមហ៊ុនមួយស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩៦សង្កាត់ទួលស្វាព្រៃ១ខណ្ឌចំការមន។
លោកឧត្ដមសេនីយ៍ត្រីឡុង ស្រេងបានឲ្យដឹងទៀតថា ក្រោយពីរឹបអូសតុលាការក្រុងភ្នំពេញបានចេញសាលក្រមសម្រេចរឹបអូសទុកជាសម្បត្តិរដ្ឋចំពោះឱសថនេះទាំងអស់ ហើយដោយសារតែឱសថទាំងនេះនៅមានគុណភាពល្អ និងកាលបរិច្ឆេទវែងទើបអគ្គស្នងការនគរបាលជាតិបានសម្រេចប្រគល់ឲ្យក្រសួងសុខាភិបាលដើម្បីចាត់តាមនីតិវិធី។
លោកឃ្លាំង សាម៉េត តំណាងក្រសួងសុខាភិបាលបានឲ្យដឹងថា ឱសថទាំងនេះនឹងត្រូវនាំធ្វើការត្រួតពិនិត្យឡើងវិញទាំងអស់បើឱសថណាដែលមានគុណភាពប្រើប្រាស់បានក្រសួងសុខាភិបាលនឹងចាត់ការបែងចែកឲ្យទៅតាមបណ្ដាលមណ្ឌលសុខភាពស្រុកខេត្ដនិងមន្ទីរពេទ្យដែលត្រូវការប្រើប្រាស់សម្រាប់ការព្យាបាលនិងសង្គ្រោះ ហើយបើប្រភេទឱសថណាហួសកាលបរិច្ឆេទប្រើប្រាស់ឬខូចគុណភាពនឹងត្រូវកម្ទេចចោលទាំងម្ដង៕