Friday, November 7, 2014

«ស្រីស្រស់គៀនជ្រៃ បារមីតេជោ» របស់លោក ហ៊ុន ណេង ទទួលជ័យលាភីលេខ១

- ទូកសម្តេចតេជោ ហ៊ុន សែន ជាប់ចំណាត់ថ្នាក់លេខ៤ ដែលគេដឹងថា ជាលេខរៀងគណបក្ស ប្រជាជនកម្ពុជា
ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ បានបិទបញ្ចប់ក្រោមបរិយាកាសអធិកអធម និងសប្បាយរីករាយ ហើយទូក ដែលជាម្ចាស់ជ័យលាភីលេខ១ ក៏បានរកឃើញផងដែរ គឺបានទៅលើទូកមានឈ្មោះ «ស្រីស្រស់គៀន ជ្រៃបារមីតេជោ» មកពីខេត្តកំពង់ចាម ដោយប្រើថេរៈវេលាសរុបទាំង៣ថ្ងៃ ២៧នាទី និងជាង១០វិនាទី។ «ស្រី ស្រស់គៀនជ្រៃបារមីតេជោ» ជាទូករបស់លោក ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម។
យោងតាមតារាងចំណាត់ថ្នាក់ នៃការប្រណាំងទូកទាំង៣ថ្ងៃ ដែលបង្ហាញនៅលើទំព័រហ្វេសប៊ុករបស់សាលារាជធា នីភ្នំពេញ បានឲ្យដឹងផងដែរថា ទូកចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះ «ច័ន្ទសោមសែនមង្គល» របស់ លោកច័ន្ទ សារុន មកពីខេត្តតាកែវ ប្រើថេរៈវេលា ២៧នាទី និង ១៤:៣៤ វិនាទី។ ចំណាត់ថ្នាក់លេខ៣ បានទៅ លើ «គិរីវង្សសុខសែនជ័យ» របស់លោកសុខ អាន មកពីខេត្តតាកែវ ប្រើថេរៈវេលា ២៧នាទី និង ២៤:៤៥វិនាទី។ ចំណាត់ថ្នាក់លេខ៤ បានទៅលើ «ស្រីម៉ៅក្រាំងយ៉ូវ» របស់សម្តេចតេជោ ហ៊ុន សែន និង លោក ទី សុគន្ធ មកពី ខេត្តកណ្តាល ប្រើថេរៈវេលា ២៧នាទី និង ២៥:២៦វិនាទី។ ចំណាត់ថ្នាក់លេខ៥ បានទៅលើ «ចៅពេជ្រកុមារ បុប្ផាជ្រោយថ្ម» របស់លោកហ៊ុន ណេង មកពីខេត្តកំពង់ចាម ប្រើថេរៈវេលា ២៧នាទី និង ២៦:៣៨វិនាទី។ ចំ ណាត់ថ្នាក់លេខ៦ បានទៅលើ «កំសាន្តជលសារ» របស់លោកជា សុផារ៉ា មកពីរាជធានីភ្នំពេញ ប្រើថេរៈវេលា ២៧នាទី និង ២៧:៦២វិនាទី។ ចំណាត់ថ្នាក់លេខ៧ បានទៅលើ «ព្រឹទ្ធាចារ្យមហាតេជោសែនជ័យ» របស់លោក ជា សុផារ៉ា មកពីខេត្តកំពង់ចាម ប្រើថេរៈវេលា ២៧នាទី និង ៤០:៧៣វិនាទី និងចំណាត់ថ្នាក់លេខ៨ បានទៅលើ «ស៊ាសែនជ័យបារមីតេជៈ» របស់លោក អ៊ឹង ស៊ា មកពីខេត្តកំពង់ចាម ប្រើថេរៈវេលា ២៧នាទី និង ៤៦:៧១ វិនាទី។
សូមបញ្ជាក់ ការឲ្យចំណាត់ថ្នាក់នេះ គឺជ្រើសយកទូក ដែលអុំឈ្នះទាំង៦ជើង មានល្បឿនលឿនជាងគេ ពោលគឺ ប្រើថេរៈវេលាតិចជាងគេបំផុត។
ព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ២០១៤នេះ មានទូកចំនួន ២៤៥ទូក ចូលរួមប្រកួតប្រជែង។ ក្នុងនោះទូកអុំបុរស ១៦១ទូក អុំនារី១ទូក ទូកចែវបុរស២៨ទូក ចែវនារី ២ទូក ទូកខ្នាតអន្តរជាតិបុរស ៥២ទូក ទូក ខ្នាតអន្តរជាតិនារី ១ទូក។ ចំពោះចំណុះទូកសរុបមាន១៧.៤២១ នាក់ ដោយ កម្លាំងអុំបុរសមាន១៤.២៦២ នារី ១៥៦នាក់ និង កម្លាំងត្រៀមបំរុងបុរស២.៩៥៨នាក់ នារី៤៥នាក់៕