Wednesday, November 26, 2014

គណៈ​កម្មការ​ទី៧ ស្នើ​ក្រសួង​វប្បធម៌ ៣ចំណុច ដើម្បី​ជួយ​លើក​ស្ទួយ​វប្បធម៌​ខ្មែរ

ភ្នំពេញ៖ គណៈកម្មការទី៧ នៃរដ្ឋសភា (គណៈកម្មការអប់រំ យុវជន និងកីឡា, ធម្មការ កិច្ចការសាសនា, វប្បធម៌ និងទេសចរណ៍) នៅថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បានស្នើដល់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ចំនួន ៣ចំណុច ដើម្បជួយលើកកម្ពស់វិស័យវប្បធម៌ នៅកម្ពុជា ឲ្យកាន់តែរុងរឿងបន្ថែមទៀត។
បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា នាវិមានរដ្ឋសភា ប្រធានគណៈកម្មការទី៧ និងជាសមាជិករដ្ឋសភា មកពីគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ថា នៅថ្ងៃនេះរដ្ឋមន្ត្រីក្រសួងវប្បធម៌ បានឆ្លើយនូវសំណួររបស់គណៈកម្មការទី៧ ក៏ដូចគណៈកម្មការរដ្ឋសភាផ្សេងទៀតដែរ ហើយគណៈកម្មការទី៧ ក៏បានស្នើក្រសួង នូវចំណុចមួយចំនួនផងដែរ។
លោកថា “ជាសំណូមពររបស់គណៈកម្មការទី៧ ប្រជុំនៅក្នុងថ្ងៃនេះ សុំឲ្យលោកជំទាវ ពិនិត្យពីផលប៉ះពាល់របស់ជនជាតិភាគតិច ផ្នែកវប្បធម៌នៅក្នុងតំបន់ (ជាយ) អារ៉ែង ហ្នឹងជាចំណុចទី១. ទី២. ពីការធ្វើពិធីសាសនាផ្សេងៗ ដែលប៉ះពាល់នឹងវប្បធម៌នៅលើភ្នំបូកគោ សូមឲ្យតាមដានពិនិត្យផង ហើយនឹងទី៣. ស្នើសុំលោកជំទាវ បញ្ចូលទៅក្នុងកម្មវិធីសិក្សា ផ្នែកខាងសិល្បៈ ខាងឧបករណ៍បុរាណ”។
ជាការឆ្លើយតប លោកស្រី ភឿង សកុណា បានមានប្រសាសន៍ថា ចំពោះបញ្ហាវប្បធម៌ជនជាតិភាគតិច នៅតំបន់ជាយអារ៉ែង រហូតមកដល់ពេលនេះ ក្រសួងមិនទាន់បានទទួលលិខិតរ បស់ពួកគាត់ដែលបានដាក់មកទេ ប៉ុន្តែក្រសួងនឹងពិនិត្យរឿងនេះ។
លោកស្រី បន្តថា “ចំពោះបញ្ហាពិធីសាសនានៅភ្នំបូកគោហ្នឹង ខ្ញុំគិតថាបញ្ហាហ្នឹង ឯកឧត្តមផ្នែកខាងទេសចរណ៌ (លោក ថោង ខុន) លោកបានបំភ្លឺរួចម្តងមកហើយ អំពីបញ្ហាហ្នឹង។ ចំណែករឿងទាក់ទងការបញ្ចូល ផ្នែកសិល្បៈទៅក្នុងផ្នែកអប់រំ ឥឡូវក្រសួងកំពុងតែធ្វើការ ជាមួយក្រសួងអប់រំ ប៉ុន្តែយើងមិនចាំដល់ឆ្នាំក្រោយទេ គឺចាប់ពីពេលនេះទៅយើងនឹង រៀបចំនូវសាលមហោស្រពយុវជន ដែលអនុញ្ញាតឲ្យយុវជន បានសាកសួរសំណួរទាក់ទងនឹងវិស័យសិល្បៈ និងមានគម្រោងចុះបង្រៀន និងផ្សព្វផ្សាយនូវវិស័យសិល្បៈ តាមវិទ្យាល័យទូទាំងប្រទេស ហើយនៅខែមីនា ឆ្នាំ២០១៥ខាងមុខនេះ ក្រសួងនឹងរៀបចំមហោស្រពសិល្បៈ ដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញផងដែរ”។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ គណៈកម្មការទី៧ នៃរដ្ឋសភា បានកោះហៅរដ្ឋមន្ត្រីចំនួន ៤ក្រសួងហើយ ទី១. រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន, ទី២. រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក មិន ឃិន, ទី៣. រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន និងនៅថ្ងៃនេះ គឺរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា៕