Friday, November 21, 2014

នគរបាល ព្រហ្មទណ្ឌ កម្រិតស្រាល បញ្ជូនមេ កន្ទុយលេខដ៏ធំ ៤នាក់ ទៅកាន់តុលាការ

ភ្នំពេញ ៖ នគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ បានបញ្ជូនជនសង្ស័យ ចំនួន៤នាក់ ដែលជាប់ពាក់ព័ន្ធ និងការលួចបើកល្បែង កន្ទុយលេខដ៏ធំ ទៅកាន់តុលាការ ដើម្បីចាត់ការ បន្តទៀត តាមផ្លូវច្បាប់ ។
លោក ប៊ុន សត្យា នាយការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាល រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយបញ្ចប់ ការសួរនាំ និងបំពេញនីតិវិធីរួចមក ជនសង្ស័យ ទាំង៤នាក់ ត្រូវបានកម្លាំងនគរបាល បញ្ជូនទៅ កាន់តុលាការ ដើម្បីបន្តចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ទីតាំងល្បែង កន្ទុយលេខ ដ៏ធំស្ថិតនៅផ្ទះលក់ គ្រឿងសំណង់ ដូរលុយ និងបើក Wing ទល់មុខផ្សារ សហគមន៍សាមគ្គី សង្កាត់ ត្រពាំងក្រសាំង ខណ្ឌ ពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ចុះទៅបង្ក្រាប និងឃាត់ខ្លួន ជនសង្ស័យ ចំនួន៤នាក់ ព្រមទាំង វត្ថុតាង មួយចំនួន ទៀតផងដែរ។
មន្រ្តីនគរបាល បានឲ្យដឹងថា ម្ចាស់ទីតាំងលក់គ្រឿងសំណង់ ដូរលុយ និងបើកវីង ខាងលើនេះ បានលួចបើក ល្បែង កន្ទុយលេខដ៏ធំ និងយូរណាស់មកហើយ ដែលចាំទទួលពី កូនកញ្ច្រែង តូចៗ នៅតាមផ្ទះនិងនៅ តាមផ្សារនានា នៅក្នុងសង្កាត់ត្រពាំងក្រសាំងតែម្តង។
មន្រ្តីនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះបានធ្វើឡើង ក្រោមបទ បញ្ជាពីសំណាក់ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ទទួលផែន ព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ក្រោយពេលដែល ទទួលសេចក្តីរាយ ការណ៍ថា ទីតាំងខាងលើ មាន លួចបើក ល្បែងកន្ទុយលេខមួយនេះ។
មន្រ្តីនគរបាល បានបញ្ជាក់ថា ក្រោយទទួលបាននូវ សេចក្តីរាយការណ៍ ពីទីតាំងខាងលើនេះ លួចបង្កប់ ល្បែង កន្ទុយលេខ (ឆ្នោតវៀតណាម)ភ្លាម នាយការិយាល័យ លោក ប៊ុន សត្យា ដោយមានការ ឯកភាពពីតំណាង អយ្យការផងនោះ បានចុះទៅបង្ក្រាប និងឃាត់ខ្លួនម្ចាស់ទីតាំង និងអ្នកពាក់ព័ន្ធ ចំនួន៤នាក់ ក្នុងនោះ ស្រី២នាក់ និងប្រុស២នាក់ ។
ក្នុង ប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាល បានដកហូត នូវវត្ថុតាង រួមមាន សន្លឹកឆ្នោតដែលចេញផ្សាយ ម៉ាស៊ីនហ្វូតូកូបពី និងសម្ភារះ មួយចំនួនទៀត។
ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង៤នាក់ ត្រូវបាននាំខ្លួន ទៅកាន់ ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល ដើម្បីសួរនាំនិងមានវិធានការណ៍ តាមផ្លូវច្បាប់៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News