Thursday, November 6, 2014

ថ្នាក់ដឹកនាំកំពូល ធ្វើ​ដំណើ​ទៅក្រៅប្រទេស​ដូចគ្នា តែប្រជុំ​ខុសគ្នា

ភ្នំពេញ៖ ទាំងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោក សម     រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បាននឹងធ្វើដំណើរទៅ ក្រៅប្រទេសដូចគ្នា តែចូលរួមកិច្ចប្រជុំផ្សេងគ្នា។
សម្ដេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូមួយក្រុម ទៅចូលរួមកិច្ចប្រជុំកិច្ចសន្ទនា ដើម្បីពង្រឹងភាព ជាដៃគូនៃការតភ្ជាប់ និងកិច្ចប្រជុំកំពូលនាយកប្រតិបត្តិ នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ពីថ្ងៃទី៧ ដល់ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅទីក្រុងប៉េកាំង ប្រទេសចិន។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះ បានចាកចេញពីប្រទេសកម្ពុជា នៅព្រឹកថ្ងៃព្រហ ស្បតិ៍ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ដើម្បីចូលរួមក្នុងសន្និសីទមួយ រៀបចំដោយសម្ព័ន្ធភាព គណបក្សសេរីនិយម ទូទាំងពិភពលោក នៅទីក្រុងហុងកុង (Hong Kong) ប្រទេសចិន ដែលមាន    រយៈពេល៤ថ្ងៃ។
យោងទៅលើដំណឹងដែលបង្ហោះ នៅក្នុងទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី បានបញ្ជាក់ថា   "ព្រឹកនេះ ខ្ញុំត្រូវចេញដំណើរទៅទីក្រុងហុងកុង (Hong Kong) ប្រទេសចិន ដើម្បីចូលរួមក្នុងសន្និសីទមួយ រយៈពេល ៤ថ្ងៃ រៀបចំដោយសម្ព័ន្ធភាព គណបក្សសេរីនិយម ទូទាំងពិភពលោក (Liberal International ហៅកាត់ថា LI)។ នៅតំបន់អាស៊ី ក្រុមគណបក្សសេរីនិយម មានឈ្មោះថា CALD (Council of Asian Liberals and Democrats) ដែលខ្ញុំបានធ្វើជាប្រធាន ក្នុងនាមគណបក្ស សម រង្ស៊ី ហើយបន្ទាប់មក ក្នុងនាមគណបក្សសង្គ្រោះជាតិ"។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃដដែលនេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា កិច្ចប្រជុំនោះផ្ដោតសំខាន់ ទៅលើបញ្ហាសេដ្ឋកិច្ចនិង មានប្រទេស ចំនួន១០ចូលរួម។ លោកបន្តថា "លោកប្រធានគាត់អញ្ជើញ ទៅតែម្នាក់ឯងប៉ុណ្ណោះ"។
សូមបញ្ជាក់ថា ដំណើរទៅចូលរួមកិច្ចប្រជុំ របស់របស់ថ្នាក់ដឹកនាំកំពូលទាំងពីរ ធ្វើឡើងខណៈដែរក្នុង ប្រទេសកំពុងតែរវល់ រៀបចំពិធីបុណ្យអុំទូក៕