ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញមកដល់ប្រទេសកម្ពុជាវិញហើយ នៅវេលាម៉ោង៤៖២០នាទី រសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បន្ទាប់ពីបាន ចូលរួមកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម (CLV)លើកទី៨ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ រយៈពេល២ថ្ងៃ។
រយៈពេល២ថ្ងៃ នៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ សម្តេចតេជោ បានជួបពិភាក្សាជាមួយ លោក ថងស៊ីង ថាំម៉ាវង្ស នាយករដ្ឋមន្រ្តីឡាវ និង លោក ង្វៀន តាន់យ៉ុង នាយករដ្ឋមន្រ្តីវៀតណាម ។ ក្នុងនោះកម្ពុជា-ឡាវ បានព្រមព្រៀង សាងសង់ស្ពានឆ្លងទន្លេពៅ ទុកសម្រាប់ឆ្លងដែនកម្ពុជា-ឡាវ ហើយរដ្ឋាភិបាលកម្ពុជា-វៀតណាម ក៏បានប្តេជ្ញាជំរុញពាណិជ្ជកម្ម រវាងកម្ពុជា-វៀតណាម ឱ្យកើនឡើង ៥ពាន់លានដុល្លារ នៅឆ្នាំ២០១៥ផងដែរ។
ដោយឡែក កិច្ចប្រជុំ កំពូល កម្ពុជា-ឡាវ-វៀតណាម (CLV)លើកទី៨ ថ្នាក់ដឹកនាំប្រទេសទាំងបី ក៏បានចេញសេចក្តីថ្លែងការណ៍រួម ១០ចំណុច ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងបី ជាពិសេសការរិតចំណងមិត្តភាព និង ពង្រីកពាណិជ្ជកម្ម ទៅវិញទៅមក ៕



