Thursday, November 13, 2014

ក្រុមប្រឹក្សាសហជីព ជាតិកម្ពុជា ប្រកាសគាំទ្រ ការដំឡើងប្រាក់ខែ អប្បបរមាកម្មករ ១២៨ដុល្លារ

ភ្នំពេញ ៖ ក្រុមប្រឹក្សាសហជីពជាតិ កម្ពុជា (CCNU) ដែលមានសហពន្ធ័ សហជីពចំនួន ៦៣មានសហជិក សរុបជាង៥៣ម៉ឺននាក់ កាលពីថ្ងៃទី១៣ខែវិច្ឆិកានេះ បានប្រកាសគំាទ្រពេញទំហឹង និងស្វាគមន៍ ចំពោះការ ដំឡើងប្រាក់ឈ្នួលអប្បបរមា ចំនួន១២៨ដុល្លារ សម្រាប់ឆ្នាំ២០១៥ ជូនកម្មករ កម្មការិនីលើវិស័យ កាត់ដេរ និងស្បែកជើង។
លោកសោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ថ្លែងក្នុងសន្និសិទកាសែត នៅភោជនីយដ្ឋាន បាសាក់២ កាលពីព្រឹកថ្ងៃទី១៣ វិច្ឆិកានេះថា ដំណើរការនៃការចរចា និងកិច្ចពិភាក្សា អំពីប្រាក់ឈ្នួល អប្បបរមារបស់កម្មករ និយោជិត សម្រាប់ឆ្នាំ២០១៥ គឺមានពេលវេលាគ្រប់គ្រាន់ និង បើកទូលាយ ព្រមទាំងមានការចូល រួមផ្តល់យោបល់យ៉ាងផុលផុស ។ ពិសេសគឺមានការចូលរួមផ្តល់ជារូបមន្ត និង បច្ចេកទេសតាមរយះសិក្ខាសាលាត្រីភាគីថ្នាក់ជាតិ  ដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវ: សហការជាមួយអង្គការ អាយ ឡូ និងចូលរួមពីអង្គការ វិជ្ជាជីវ: សហជីព និយោជិក និងស្ថាប័ន ពាក់ពន្ធ័ជាច្រើនទៀត ដែលបានចូលរួម ចរចាប្រាក់ឈ្នួលបានល្អប្រសើរសម្រាប់ ឆ្នាំ២០១៥នេះ ។
លោកបន្តថា ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា មានសហភាពចំនួន៥ និងសហពន្ធ័សហជីពចំនួន ៦៣ ជាសមាជិក  ព្រមទាំងសមាជិកជាកម្មករកម្មការិនី សរុប ចំនួន ៥៣៥៣១៩នាក់  ដែលកំពុងធ្វើការយ៉ាងសកម្ម ក្នុងការការពារសិទ្ធិនិងផលប្រយោជន៏កម្មករ និយោជិក ប្រជាពលរដ្ឋ នៅក្នុងវិស័យវាយនភ័ណ្ឌសម្លៀកបំពាក់ និងស្បែងជើង  សូមធ្វើការគាំទ្រ សេចក្តីថ្លែងការណ៍ចុះថ្ងៃទី ១២ខែវិច្ឆិកាដែលបានកំណត់ប្រាក់ឈ្នួល អប្បបរមា កម្មករនិយោជិក ពេញសិទ្ធិ ចំនួន១២៨ដុល្លារ និងកម្មករសាកល្បង ចំនួន១២៣ដុល្លារ ក្នុង១ខែសម្រាប់កម្មករ ក្នុងឆ្នាំ២០១៥ ដែលក្នុងនោះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឧបត្ថម្ភបន្ថែមចំនួន៥ដុល្លារលើលទ្ធផលចរចាចំនួន១២៣ដុល្លារ។
យ៉ាណាក៏ដោយនៅមានសហជីពខ្លះមិន ទទួលយកការដំឡើងប្រាក់ឈ្នួលខាងលើនេះ លោក សោម អូន បញ្ជាក់ថា សហជីពខ្លះមិនទទួលយកការដំឡើងប្រាក់ ឈ្នួល ១២៨ដុល្លារជាសិទ្ធិរបស់គេ។ ប៉ុន្តែកម្មករ កម្មការិនីភាគច្រើនបានគាំទ្រដល់ការដំឡើងប្រាក់ ឈ្នួលនេះដែលធានាបាននូវស្ថេរភាពនិងការប្រកួតប្រជែង  ។
លោកសោម អូនបន្តទៀតថា កម្មករ កម្មការិនី នឹងទទួលបានប្រាក់ខែជាមធ្យម ចំនួន១៥០ដុល្លារ បើសិនគេគិតបញ្ចូលការងារ បន្ថែមម៉ោងនិងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ហើយប្រាក់ឈ្នួលនៅ ឆ្នាំ២០១៥នេះ ក៏មិនបានធ្វើឲ្យមានការប៉ះពាល់ ដល់ការវិនិយោគទុន នៅកម្ពុជាឡើយ ។ ក្នុងនាមសហជីពទាំង៦៣ លោកសូមថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ដែលតែងតែ យកចិត្តទុកដាក់ អំពីសុខមាលភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករនិងនិយោជិតជាដរាប ។
ទន្ទឹមនឹងនោះដែរ លោកសោម អូន ក៏បានធ្វើការអំពាវនាវ ដល់ម្ចាស់លំនៅឋានជួលជាទូរទៅ ដែលកម្មករកម្មការិនីភាគច្រើនស្នាក់នៅផ្ទះជួល សូមកុំឱ្យដំឡើងប្រាក់ឈ្នួល ផ្ទះទៅលើកម្មករ កម្មការិនីរោងចក្រកាត់ដេរ ៕