Wednesday, November 5, 2014

នាយករដ្ឋមន្ត្រី​កម្ពុជា​ថា ការដោះលែង​អ្នកទោស​ថៃ​មិន​មែន​ថ្នូរ​នឹង​ការដោះលែង​ពលរដ្ឋ​ខ្មែរ​ទេ​

ភ្នំពេញ​៖​នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អះអាងថា ការ​ដែល​កម្ពុជា​ដោះលែង​អ្នកទោស​ថៃ​នោះ មិនមែន​ជា​ថ្នូរ​នឹង​ការ​ដែល​កម្ពុជា ស្នើ​ឲ្យ​រដ្ឋាភិបាលយោធ​ថៃ ដោះលែង​ពលរដ្ឋ​ខ្មែរ​១៤​នាក់ ដែល​ត្រូវបាន​ថៃ​ចាប់ខ្លួន​ពី​បទ​ប្រើ​លិខិត​ក្លែងក្លាយ​នោះទេ ​។​
​បើ​តាម​កាសែត​បាងកក​ប៉ុស្តិ៍ ពលរដ្ឋ​ខ្មែរ​ចំនួន​១៤​នាក់ ត្រូវបាន​ដោះលែង​វិញ បន្ទាប់​ពី​ទណ្ឌិត​ជនជាតិ​ថៃ លោក វី​រ៉ា ស៊ុំ​ក្វាម​ឃី​ត (Veera Somkwamkid) ត្រូវបាន​ព្រះមហាក្សត្រ​កម្ពុជា​លើកលែង និង​ត្រូវបាន​ដោះលែង​កាលពី​ថ្ងៃ​អង្គារ​។​
​កាសែត​នេះ បាន​ដកស្រង់​សំដី អគ្គនាយករង​នៃ​នាយកដ្ឋាន​អប់រំ​កែប្រែ​នៃ​ប្រទេស​ថៃ លោក Kobkiat Kasivivat មក​ផ្សាយ​ថា ការដោះលែង​នោះ ដោយ​មាន​ការស្នើសុំ​ពី​នាយករដ្ឋមន្ត្រី​កម្ពុជា ខណៈ​ដែល​ក្រោយ​ការស៊ើបអង្កេត​លើ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ ពួកគេ​មិន​មាន​កំហុស​។​
​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៣ រដ្ឋាភិបាល​កម្ពុជា បាន​ដោះលែង​អ្នកទោស​ថៃ​ម្នាក់​ដែរ គឺ​អ្នកស្រី រ៉ា​ទ្រី ពី​តា​ណា​ប៉ៃ​ប៊ូ​ន​។ ជនជាតិ​ថៃ​ទាំងពីរ ត្រូវបាន​ចាប់ខ្លួន​នៅ​ខេត្ត​បន្ទាយមានជ័យ កាល​ខែធ្នូ ឆ្នាំ​២០១០ ពី​បទ​ចារកម្ម នៅ​ពេល​ពួកគេ​ឆ្លង ចូល​បន្ទាយ​ទាហាន​កម្ពុជា​៕