ភ្នំពេញ៖លោក Christian និង Marie-France des Pallierres (ប៉ាពី និង ម៉ាមី) ដែលជា ស្ថាបនិក របស់អង្គការ ដើម្បីភាពញញឹមនៃកុមារ បានទទួលការគំាទ្រយ៉ាង ច្រើន ពីប្រជាពលរដ្ឋ ដោយមានសំឡេងគាំទ្រ៨ ០០០សំឡេង ក្នុងចំណោមសំឡេង ១៣ ០០០សំឡេង នៃអង្គការក្រៅរដ្ឋាភិបាលចំនួន៥ ដែលចូលប្រកួតក្នុង វគ្គផ្តាច់ព្រ័ត្រនេះ ។
ពានរង្វាន់ វីរជនសប្បុរសធម៌ ឆ្នាំ២០១៤ ដែលរៀបចំដោយ ស្ថាប័ន AIDEX គឺជាស្ថាប័នមួយក្នុងចំណោមស្ថាប័ន ដែលធំជាងគេបំផុត ក្នុងការចូលរួម និងអភិវឌ្ឍ ជំនួយមនុស្សធម៌ទូទាំងពិភពលោក ចំណោមបេក្ខជន៥នាក់ចុងក្រោយ ត្រូវបានប្រគល់ជូន លោកChristian និងអ្នកស្រី Marie-France des Pallières ដែលជាស្ថាបនិកនៃអង្គការPSE និងជាអង្កការដ៏ល្បីនៅក្នុងប្រទេសកម្ពុជា ជាអង្កការសប្បុរសធម៌ ដែលបានប្រមូលក្មេងរើសសំរាមគ្រប់ទីកន្លែង ឲ្យបានរៀនសូត្រ ទៅតាមជំនាញជាច្រើនរបស់សាលា ក៏ដូចជា បានរួមចំណែក ជាមួយសង្គម ក្នុងការកាតបន្ថយភាពក្រីក្រ ។
ការសង្រ្គោះរបស់ពួកគាត់ គឺបានចាប់ផ្តើមដោយកាចែកអាហារ និងការសង្រ្គោះបឋម ដល់កុមារដែល រស់នៅលើគំនរសំរាម។
អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ជាអង្គការមិនរកប្រាក់ចំណេញ នៃប្រទេសបារាំង បានបង្កើតឡើងនៅចុងឆ្នាំ ១៩៩៥ នៅប្រទេសកម្ពុជា ក្នុងគោលដើម្បី ផ្តល់អាហារ ជម្រក ការថែទាំសុខភាព ចំណេះដឹងទូទៅ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់កុមារ ដែលស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ កុមារដែលរងការ រំលោភបំពាន និងកុមារដែលមិនមានការអប់រំ នៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។
បច្ចុប្បន្ននេះ PSE កំពុងផ្តល់ជំនួយដល់កុមារជាង៧០០០នាក់ ក្នុងនោះមានកុមារប្រមាណ៣៣០០នាក់ សិក្សានៅតាមសាលារដ្ឋ កុមារ ១៥០០នាក់ សិក្សានៅក្នុង កម្មវិធីអប់រំពន្លឿនសិក្សា កុមារ១៨០០នាក់ សិក្សានៅក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងកុមារ ប្រហែល ៥០០នាក់ ទៀតកំពុងស្ថិតនៅក្នុងកម្មវិធីអប់រំ ជាក់លាក់ដែលមានដូចជា៖ ថ្នាក់សម្រាប់កុមារដែលមានពិការភាព មណ្ឌលថែទាំកុមារ សុខុមាលភាពទារក ៕
