Saturday, November 22, 2014

តូយ៉ូតា ស៊ុយស៊ូ ហ្វាយនេន គ្រោងពង្រីក ដើមទុន ឱ្យបាន ៧០លានដុល្លារ អំឡុងពេល៥ឆ្នាំ

ភ្នំពេញ៖ តូយ៉ូតា ស៊ុយស៊ូ ហ្វាយនេន (Toyota Tsusho Finance) ជាក្រុមហ៊ុនថ្មីមួយ របស់ជប៉ុន បានវិនិយោគទឹកប្រាក់ ៤លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ផ្តល់ហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋកម្ពុជា ដើម្បីទិញសម្ភារប្រើប្រាស់មួយចំនួន ដោយបង់រំលោះ ។
លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ ហ្វាយនេន (Toyota Tsusho Finance) បានឱ្យដឹងថា ការបង់រំលោះនេះ នឹងធ្វើឡើងសម្រាប់ប្រជាពលរដ្ឋ ដែលទិញរថយន្តតូយ៉ូតា ម៉ូតូម៉ាក Yamaha (យ៉ាម៉ាហា) គ្រឿងកសិកម្មម៉ាក Yanmar និងគ្រឿងយន្តវិស្វកម្ម Hitachi តែប៉ុណ្ណោះ ហើយក្រុមហ៊ុន គ្រោងនឹងពង្រីកដើមទុន ឱ្យបាន៧០លានដុល្លារ នៅ៥ឆ្នាំខាងមុខនេះ ។
លោកបានមានប្រសាសន៍ ក្នុងពិធីសម្ពោធក្រុមហ៊ុននេះ នៅក្នុងសណ្ឋាគារអ៊ីនធើខន កាលពីល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ថា «យើងសង្ឃឹមថា ទ្រព្យសកម្មរបស់ការវិនិយោគនេះ នឹងពង្រីកដល់ ៧០លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ ពីព្រោះថារថយន្ត ទោចក្រយានយន្ត គឺជា តម្រូវការមូលដ្ឋាន របស់ប្រជាជនកម្ពុជា ខណៈដែលគ្រឿងយន្តកសិកម្ម និងគ្រឿងចក្រវិស្វកម្ម នឹងជួយដល់ការធ្វើកសិកម្ម និងសាងសង់ ដែលជាសកម្មភាពដ៏ចម្បង សម្រាប់ការអភិវឌ្ឍ ប្រទេសកម្ពុជា ហើយមានតែសេវា ភតិសន្យាហិរញ្ញវត្ថុ (បង់រំលោះ) ទេ ដែលជួយឱ្យអតិថិជន ទទួលបានផលិតផលមកប្រើប្រាស់ បានលឿន ដោយទទួលបានផលិតផលថ្មី ហើយមិនចាំបាច់ មានសាច់ប្រាក់ ១០០ភាគរយ និងបង់រំលោះបន្តិចម្តង» ។
តូយ៉ូតា ស៊ុយស៊ូ ហ្វាយនេន ត្រូវបានវិនិយោគរួមគ្នា រវាងក្រុមហ៊ុនកម្ពុជា-ជប៉ុន ចំនួន៣ ក្នុងនោះ ក្រុមហ៊ុនសាជីវកម្មតូយ៉ូតា ស៊ុយស៊ូ កាន់កាប់ចំនួន៨០%, តូយ៉ូតា ស៊ុយស៊ូ អាស៊ី ប៉ាស៊ីហ្វិចនៅសិង្ហបុរី មានចំនួន ១០ភាគរយ និងក្រុមហ៊ុន គង់នួន គ្រុប មានចំនួន ១០ភាគរយ ។
លោក គឹម វ៉ាដា អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិ នៃកម្ពុជា បានមានប្រសាសន៍ថា នេះជា ក្រុមហ៊ុនផ្តល់ហិរញ្ញវត្ថុ ដោយបង់រំលោះទី៧ហើយ នៅក្នុងប្រទេសកម្ពុជា ។
លោកបានបន្ថែមថា ការបើកដំណើរការបង់រំលោះនេះ នឹងផ្តល់ការងារបន្ថែម ដល់អតិថិជន នៅកម្ពុជា ក៏ដូចជា សេវាហិរញ្ញវត្ថុ និងភាពងាយស្រួល ជូនអតិថិជន តាមរយៈការផ្តល់នូវសេវាកម្មឆាប់រហ័ស និងភាពងាយស្រួល មានសុវត្ថិភាព ដែលទាក់ទាញទំនុកចិត្ត របស់សាធារណជន មកលើក្រុមហ៊ុន ក៏ដូចជា វិស័យបង់រំលោះដើម្បីចូលរួមចំណែក ផ្តល់ហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យម និងលើកកម្ពស់ជីវភាព ប្រជាជនថែមទៀត ។
លោកបានបន្ថែមទៀថា អាជីវកម្មភតិសន្យា ហិរញ្ញវត្ថុ ជាផ្នែកមួយ នៃវិស័យធនាគារនិងហិរញ្ញវត្ថុ ដោយបាននិងកំពុង មានវត្តមានលើទីផ្សារ និងមានតួនាទី យ៉ាងសំខាន់ ក្នុងការផ្តល់សេវា ទិញចលនវត្ថុតាមកិច្ចព្រមព្រៀង បង់រំលោះ សម្រាប់ជួលរថយន្ត ម៉ូតូ គ្រឿងយន្តកសិកម្ម និងគ្រឿងចក្រ សាងសង់។
ការបង់រំលោះ របស់ តូយ៉ូតា ស៊ុយស៊ូ ហ្វាយនេន នៅកម្ពុជា មានរយៈពេល៤ឆ្នាំ ។ ក្រុមហ៊ុននេះ ក៏មានសាខា នៅក្នុងប្រទេសចំនួន៣ផ្សេងទៀតដែរ ក្នុងនោះមានឥណ្ឌូនេស៊ី កេនយ៉ា និងប្រទេសម៉ូរីទូស ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News