ប៉េកាំង ៖ អង្គការសុខភាព ពិភពលោក WHO បានប្រកាស របាយការណ៍ចុងក្រោយរបស់ខ្លួនថា បើគិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ជំងឺ Ebola ដ៏កាចសាហាវ បានសម្លាប់មនុស្សរហូតដល់ ៥.៤៥៩នាក់ហើយ លើចំនួនអ្នកឆ្លង ទាំងអស់ ១៥.៣៥១ករណី នៅបណ្តាប្រទេសចំនួន ៨ ទូទាំងសកលលោក ក្នុងនោះមានប្រទេសចំនួន ៣ នៅ អាហ្វ្រិកខាងលិច ដែលកំពុងទទួលរងគ្រោះខ្លាំងជាងគេ គឺ ហ្គីណេ, សៀរ៉ាឡេអូន, និង លីបេរីយ៉ា ។
សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា នេះផងដែរថា ការរីករាលដាលនៃជំងឺ ហាក់មានការថម ថយបន្តិចហើយ តាមតំបន់ភាគច្រើន នៅអហ្វ្រិកខាងលិច លើកលែងតែតំបន់ភាគនិរតីប្រទេស ហ្គីណេ ប៉ុណ្ណោះ ដែល Ebola កំពុងវាយលុកយ៉ាងក្តៅគគុកដដែល ស្របពេលដែលមនុស្សជាច្រើននៅតែបន្តឆ្លងជំងឺនេះ ។
កាលពីពេលថ្មីកន្លងទៅ លោកអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ បាន គីមូន បាន អំពាវនាវឲ្យសហគមន៍អន្តរ ជាតិ ជាពិសេសប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើន ត្រូវរួមគ្នាជួយឧបត្ថមគាំទ្រដល់សកម្មភាព ជួយសង្គ្រោះអ្នកជំងឺ Ebola និងការពារកុំឲ្យជំងឺនេះ រីករាល ដាលតទៅទៀត ឲ្យបានយ៉ាងហោចណាស់នៅពាក់កណ្តាល ឆ្នាំ ២០១៥ ខាង មុខ ៕
