ភ្នំពេញ៖ នារីម្នាក់ ត្រូវរងរបួសធ្ងន់ធ្ងរ ខណៈរូបនាងជិះម៉ូតូ ហើយរវល់តែនិយាយទូរស័ព្ទ ភ្លេចមើលទៅមុខ ក៏ជ្រុលទៅបុកគូថរថយន្តស៊ិនទ្រីពីក្រោយពេញទំហឹង នៅចំណុចទល់មុខធនាគារ អេស៊ីលីដា ស្ថិតតាម បណ្តោយផ្លូវម៉ៅងសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីវេលាម៉ោង ១និង ០០នាទី យប់រំលងអធ្រាត្រ ឈាន ចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៤។
យោងតាម ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេសង្គេតឃើញ នារីរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកស្គុបពី ពណ៌ស ពាក់ស្លាកលេខ 1BG- 6261 ជិះធ្វើដំណើរតាម បណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចមុខធនាគារ អេស៊ីលីដា ខណៈរូបនាងកំពុងតែជាប់និយាយទូរស័ព្ទផងនោះ ស្រាប់តែជ្រុលបុកគូថរថយន្តស៊ិនទ្រី ពីក្រោយ ពេញទំហឹងបណ្តាលឲ្យដួល បោកផ្ទប់នឹងគូថរថយន្តសន្លប់ស្តូកស្តឹង នៅនឹងកន្លែង ត្រូវបានរថយន្តសាមុយ របស់មន្ទីរពេទ្យឯកជន មកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូងរងការខូចខាតផ្នែកខាងមុខ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ ដល់កន្លែងកើតហេតុ រួចលើកយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងត្របែក រង់ចាំទំនាក់ទំនងទៅសាច់ញាតិ ឲ្យមកទទួលយកទៅ វិញ ។
សូមបញ្ជាក់ថា គ្រោះថ្នាក់ខាងលើនេះ គឺបង្កឡើងដោយសារ នារីរងគ្រោះខ្វះការប្រុងប្រយ័ត្នខ្ពស់ ពេលបើកម៉ូតូយកពេល មកនិយាយទូរស័ព្ទ ទៅវិញ ទើបបណ្តាលឲ្យមានរឿងហេតុដូចនេះ កើតឡើងតែម្តង៕


