Wednesday, November 5, 2014

លោក ឈាង វុន បបួល ព្រះសង្ឃឯករាជ្យ ចូលស្បថ មុខព្រះអង្គដង្កើ ដើម្បីបញ្ជាក់ការពិត

ភ្នំពេញ៖ តំណាងរាស្រ្ត របស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន និងជា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា បានអះអាងថា លោកហ៊ានចូល ស្បថ តទល់ជាមួយ សមាជិក ព្រះសង្ឃឯករាជ្យ នៅខាងមុខព្រះអង្គដង្កើ និង នៅក្នុងរដ្ឋសភា ដើម្បីបញ្ជាក់ការពិត បន្ទាប់ពី ក្រុមបណ្តាញព្រះសង្ឃឯករាជ្យ ចោទ ប្រកាន់លោកថា បានប្រមាថដល់ព្រះសង្ឃ និងទិញស្រា ឱ្យកីឡាករអ៊ុំទូក ផឹកនៅក្នុងវត្ត ។
លោកបានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៥ ខែវិច្ឆិកានេះថា ការចោទប្រកាន់ របស់ព្រះបណ្តាញព្រះសង្ឃឯករាជ្យ មានលក្ខណៈបោកប្រាស់ ទាំងស្រុង ហើយមានចេតនា បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់លោក ។
លោកបានមានប្រសាសន៍ថា “លោកចោទខ្ញុំ ចំណុចមួយទៀតថា ខ្ញុំទិញស្រាឱ្យអ្នកនៅក្នុងវត្តផឹកហ្នឹង គឺពាក្យហ្នឹងជាពាក្យមុសា ទាំងស្រុងតែម្តង ខ្ញុំអត់មានទិញស្រា ឱ្យគេនោះទេ គឺគេមានស្រាផឹក នៅក្នុងនោះរួចហើយ, ហើយគេ អង្កុយផឹក នៅជាប់តូបអ្នកលក់នៅក្នុងវត្តហ្នឹង ខ្ញុំគ្រាន់តែស្នើ កុំឱ្យគេផឹកស្រា ហើយឱ្យ គេផឹកទឹកសទៅ តែគេសុំផឹកបៀរយែរ ហើយគេ ក៏សុំព្រះចៅអធិការ ដែលលោកគង់ក្បែរខ្ញុំ... រួចហើយលោកក៏យល់ព្រមទៀត អីចឹងខ្ញុំគ្មានកំហុសទេ បើខុស គឺខុសព្រោះតែមួយទេ គឺខ្ញុំចេញលុយក្រោយពេលដែលគ្រូចៅអធិការ លោកអនុញ្ញាត” ។
កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ លោក ឈាង វុន ត្រូវបានក្រុមបណ្តាញព្រះសង្ឃឯករាជ្យ ចោទប្រកាន់ថា លោកបានប្រមាថដល់ ព្រះសង្ឃមួយអង្គ ព្រះនាម ណុប វណ្ណី ជាសមាជិក របស់ បណ្តាញព្រះសង្ឃឯករាជ្យ ដោយប្រាប់ឱ្យព្រះសង្ឃអង្គនេះ ដោះស្បង់ចីពរចេញ ខណៈមានទំនាស់ ពាក្យសម្តីគ្នា ពេលដែលរូបលោកចុះជួបសួរសុខទុក្ខជាមួយនឹង អ្នកមានជម្លោះដីធ្លីជាង១០០នាក់ មកពីឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ដែលបានមកស្នាក់នៅវត្តចាស់ ក្នុង សង្កាត់ជ្រោយចង្វា ដើម្បីរកដំណោះស្រាយ នៅភ្នំពេញ ។
ថ្លែងក្នុងសន្និសីទកាសែតមួយ កាលពីម្សិលមិញ ព្រះតេជគុណ ណុប វណ្ណី មានថេរដីកាថា លោក ឈាង វុន បានប្រមាថព្រះអង្គ ឱ្យដោះ ស្បង់ចីពរចេញ ពេលនិយាយរឿងដីធ្លី ព្រមទាំង ទិញស្រាបៀរឱ្យកីឡាករមកអុំទូក ដែលស្នាក់នៅក្នុងវត្ត។ ព្រះអង្គបានមានសង្ឃដីកាថា “អត្មាជាព្រះសង្ឃ ហើយដល់អាត្មា លូកមាត់និយាយតែបន្តិចសោះ គាត់ថា តេជគុណឯងគ្មានសិទ្ធិទេ បើតេជគុណឯងចង់លូកលាន់រឿងហ្នឹង តេជគុណឯងម៉េចមិនដោះស្បងចីពរចេញ”។
ចំណែក ព្រះតេជគុណ ប៊ុត ប៊ុនទិញ ជាប្រធានបណ្តាញព្រះសង្ឃឯករាជ្យ ដែលសកម្ម ក្នុងការ តវ៉ាបាតុកម្មផ្សេងៗកន្លងមក ក៏បានអះអាងដែរថា ក្រុមបណ្តាញ ព្រះសង្ឃឯករាជ្យ នឹងធ្វើ យុទ្ធនាការមួយ ដើម្បីទាមទារឱ្យលោក ឈាង វុន សុំទោសជាសាធារណៈ នូវការប្រមាថ មើលងាយ ព្រះសង្ឃ និងប្រពៃណីសាសនា នៅកម្ពុជា ។
ទោះជាយ៉ាងណា លោកឈាង វុន បានចាត់ទុកថា រឿងនេះហាក់ជាចេតនាមួយ ដែលត្រូវ បានរៀបចំ ទុកជាមុន ដោយសារតែបន្ទាប់ពីលោក បានសម្របសម្រួល បញ្ហានេះរួច មានប្រជាពលរដ្ឋ ដែលមាន ទំនាស់ដីធ្លី នៅខេត្តបាត់ដំបងជាច្រើន ដែលស្នាក់នៅវត្តចាស់នោះ បានយល់ព្រម ត្រឡប់ទៅ ខេត្តបាត់ដំបងវិញ ដោយ មានរូបលោកជាតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌល ខេត្តបាត់ដំបង សន្យាដោះស្រាយ ហើយ ប្រជាពលរដ្ឋ មួយចំនួនទៀត បានសុំនៅវត្តចាស់បន្ត រយៈពេល ៣ថ្ងៃទៀត ដើម្បីចូលរួម ក្នុងព្រះរាជពិធីបុណ្យអុំទូក។ លោកថា សមាជិក របស់ បណ្តាញព្រះសង្ឃឯករាជ្យ បានចេញមកបំផុស ដល់ប្រជាពលរដ្ឋ កុំឱ្យ ស្តាប់សម្តីលោកជាដំណាងរាស្រ្ត បណ្តាលឱ្យប៉ះពាក្យសម្តីគ្នា។
ជុំវិញបញ្ហានេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទាក់ទង សុំការបំភ្លឺ ពីសមាជិក បណ្តាញ ព្រះសង្ឃ ឯករាជ្យ ថាលោកនឹង ហ៊ានចូលស្បថ តាមការស្នើ របស់លោក ឈាង វុន បាននៅឡើយទេ នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ៕
Photo by DAP-News