ភ្នំពេញ៖ ក្រុមហ៊ុនប្រេងឥន្ធនៈធំៗ ចំនួន ៥ នៅកម្ពុជា បានបង្ហាញពីការទម្លាក់តម្លៃ ដ៏គួរឲ្យភ្ញាក់ផ្អើលនៅថ្ងៃនេះ តែក្រុមហ៊ុនធំចំនួន២ផ្សេងទៀត គឺកាល់តិច របស់អាម៉េរិក និងតូតាល់របស់បារាំង មិនទាន់បញ្ចុះតម្លៃនៅឡើយទេ កំពុងរង់ចាំការពិចារណា និងធ្វើការសម្រេចចិត្តពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន។
ការធ្លាក់តម្លៃប្រេងឥន្ធនៈនេះ ត្រូវមន្រ្តីរាជរដ្ឋាភិបាលបញ្ជាក់ថា ដោយសារតម្លៃប្រេងលើពិភពលោកធ្លាក់ថ្លៃ មិនជាប់ពាក់ព័ន្ធការអំពាវនាវ របស់បក្សប្រឆាំងនោះទេ។
ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បានប្រកាសថា ក្រុមហ៊ុនចំនួន៥ រួមមាន៖ ក្រុមហ៊ុនសូគីមិច, តេលា, ភីធីធី, ប៊ីវីអឹម និង សាវីមិច បានបញ្ចុះតម្លៃពីជាង ៥ពាន់រៀល មកនៅត្រឹមជាង ៤ពាន់រៀល។
តាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រុមហ៊ុនសូគីមិច, តេលា, ភីធីធី, ប៊ីវីអឹម និងសាវីមិច បានបញ្ចុះតម្លៃប្រេងសាំងពី ៥.០៥០រៀល មកនៅត្រឹម ៤.៧៥០រៀល។ ប្រេងម៉ាសូត បញ្ចុះតម្លៃពី ៤.៧៥០រៀល មកនៅ ៤.៥០០រៀល។
ដោយឡែកក្រុមហ៊ុន សាវីមិច បញ្ចុះតម្លៃច្រើនជាងគេ ពោលបានបញ្ចុះតម្លៃប្រេងសាំង ពី ៥.០៥០រៀល មកនៅ ៤.៤៥០រៀល។ ប្រេងម៉ាសូត បញ្ចុះតម្លៃពី ៤.៧៥០រៀល មកនៅ ៤.៣៥០រៀល។
លោក កែន រដ្ឋា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ដោយឈរ លើស្មារតី នៃការយកចិត្តទុកដាក់កាត់បន្ថយភាពក្រីក្រ ការចំណាយ និងបង្កើនកម្រិតជីវភាព រស់នៅរបស់ប្រជា ពលរដ្ឋឲ្យបានល្អប្រសើរនោះ នៅថ្ងៃទី១៩ ខែវិច្ឆិកា ម្សិលមិញ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល លោកឧបនាយក រដ្ឋមន្រ្តី គៀត ឈន់ និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន រួមនិងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូបផ្សេងទៀត បានបើកកិច្ចពិភាក្សាមួយ ជាមួយក្រុមហ៊ុនប្រេងឥន្ធនៈចំនួន ៧នៅកម្ពុជា។
ឆ្លងតាមកិច្ចប្រជុំ ក្រោមស្មារតីស្ម័គ្រចិត្តក្រុមហ៊ុនចំនួន ៥ដូចរៀបរាប់ខាងលើ បានសម្រេចចិត្តធ្វើការបញ្ចុះតម្លៃ ដោយឡែកក្រុមកាល់តិច និងតូតាល់ សូមដកពេលទៅគិតពិចារណា រកលទ្ធភាពសម្រាប់ការបញ្ចុះតម្លៃនេះ។
មុនឈានដល់ការបញ្ចុះតម្លៃប្រេងឥន្ធនៈ នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ លោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ បានធ្វើការអំពាវនាវ ចំនួន២ដងនៅលើទំព័រហ្វេសប៊ុករបស់លោក ឲ្យបញ្ចុះតម្លៃប្រេងឥន្ធនៈ។
ត្រង់ចំណុចនេះ ត្រូវបានលោក កែន រដ្ឋា បញ្ជាក់ថា ការទម្លាក់តម្លៃប្រេងសាំង អត់ជាប់ពាក់ព័ន្ធការអំពាវនាវនោះទេ គឺស្ថិតលើគោលការណ៍ស្ម័គ្រចិត្តរបស់ក្រុមហ៊ុន ដែលអាស្រ័យទៅលើតម្លៃប្រេង លើទីផ្សារពិភពលោក ពោលបើ តម្លៃលើទីផ្សារពិភពលោកធ្លាក់ថ្លៃ ហើយក្រុមអាចទម្លាក់តម្លៃបាន គេនឹងទម្លាក់ទៅតាមហាងឆេងហ្នឹងភ្លាម។
លោក កែន រដ្ឋា បានបញ្ជាក់យ៉ាងដូច្នេះ «កិច្ចប្រជុំហ្នឹង ដូចជាអត់បាននិយាយ ពាក់ព័ន្ធលើរឿងហ្នឹងផង។ យើង ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្តរបស់ក្រុមហ៊ុន ដោយពិនិត្យទៅតាមទីផ្សារ របស់ពិភពលោក និងលទ្ធភាពរបស់ ក្រុមហ៊ុន។»
បើតាមលោក រដ្ឋា ការបញ្ចុះតម្លៃប្រេងសាំងនេះ ក៏អត់មានជាប់ពាក់ព័ន្ធ និងការបន្ធូរបន្ថយ ឬលើកលែងពន្ធពីរដ្ឋា ភិបាលនោះដែរ។ លោក កែន រដ្ឋា ក៏បានឲ្យដឹងផងដែរ ការបញ្ចុះតម្លៃនេះ នឹងអាចធ្លាក់ចុះបន្ថែមទៀត ប្រសិន បើទីផ្សារប្រេងសាំងពិភពលោកធ្លាក់ចុះ។
ការបញ្ចុះតម្លៃប្រេងឥន្ធនៈនេះ បាននាំឲ្យប្រជាពលរដ្ឋខ្មែរមិនថា អ្នកមានជីវភាពធូរធារ ធម្យម ឬក្រីក្រនោះទេ សុទ្ធតែបានសម្តែងការសាទរ និង សប្បាយរីករាយដូចគ្នា ហើយពួកគេក៏ចង់ ឲ្យមានការទម្លាក់តម្លៃ ឲ្យបានធូរថ្លៃ ជាងនេះបន្ថែមទៀត យ៉ាងហោចណាស់ ឲ្យដូចប្រហាក់ប្រហែល និងប្រទេសជិតខាងកម្ពុជា។
លោក ផូ ហុង អ្នកព័ត៌មានមួយរូប តែងបានចំណាយពេល ជិះម៉ូតូយកព័ត៌មានស្ទើរតែរៀងរាល់ថ្ងៃនោះ បាន បង្ហាញការសប្បាយរីករាយខ្លាំង ព្រោះវាបានចូលរួមចំណែកកាត់បន្ថយ ការចំណាយរបស់លោក បានមួយចំណែកធំ។ លោកបញ្ជាក់ថា «ហ្ហេវាល្អហើយ បានចុះចឹង នរណាក៏សប្បាយចិត្តដែរ។ ក្នុងមួយថ្ងៃ ខ្ញុំត្រូវចំណាយ ថ្លៃប្រេងសាំង១លីត្រជារៀងរាល់ថ្ងៃ ចាប់តាំងពីព្រឹកព្រលឹម រហូតដល់ព្រលប់ ពេលចូលដល់ផ្ទះវិញ។ បើវាថ្លៃ ខ្ញុំត្រូវចំណាយច្រើន បើធ្លាក់ថ្លៃវាជួយកាត់បន្ថយ ការចំណាយបន្តិចដែរ»។
បើតាមលោក ផូ ហុង បានបង្ហាញថា កាធ្លាក់តម្លៃប្រេងសាំង វាមិនត្រឹមតែជួយលោកកាត់បន្ថយ ការចំណាយលើ ថ្លៃសាំងនោះទេ តែវាអាចជួយឲ្យតម្លៃទំនិញ លើផ្សារធ្លាក់ថ្លៃផងដែរ។ ដូច្នេះការធ្លាក់ថ្លៃប្រេងសាំងនេះ នឹងនាំឲ្យ មានផលចំណេញ គ្រប់បណ្តាញទាំងអស់ ដែលកំពុងរស់នៅ និងប្រតិបត្តិការរកស៊ីនៅក្នុងប្រទេសកម្ពុជា។
ដោយឡែកលោក ប៉ា ជេដ្នា អ្នកព័ត៌មានមួយរូប ដែលត្រូវចំណាយពេលជិះម៉ូតូ១៣គីឡូម៉ែត្រ ទម្រាំដល់កន្លែង ធ្វើការនោះ ក៏សម្តែងការពេញចិត្តផងដែរ ចំពោះការធ្លាក់ថ្លៃប្រេងសាំងនេះ ព្រោះជារៀងរាល់ថ្ងៃលោក ត្រូវចំណាយ ថ្លៃប្រេងសាំងមិនក្រោម១លីត្រនោះទេ។ លោកបន្តបែបលេងសើចថា «ខ្ញុំចាំហ៊ោហើយតើអាធ្លាក់ថ្លៃហ្នឹង!»។
ទោះបីជាយ៉ាងណា លោក ប៉ា ជេដ្ឋា បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា និង ក្រុមហ៊ុនត្រូវមានឆន្ទៈក្នុងការគិតពី សុខទុក្ខ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ពោលបើឃើញតម្លៃប្រេងលើពិភពលោកធ្លាក់ថ្លៃ ឬប្រទេសជិតខាង មានតម្លៃទាប ត្រូវរិះរកមធ្យោបាយទម្លាក់តម្លៃ មិនចាំមានការស្រែកពីបក្សប្រឆាំង ឬខ្លាចប៉ះពាល់រូបភាព នយោបាយ ទើបទម្លាក់តម្លៃនោះទេ៕

