
ភ្នំពេញ ៖ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដង្កោបានដឹកនាំក្រុមយុវជនកាកបាទក្រហមខណ្ឌនិងមានការចូលរួមព្រះសង្ឃវត្តស្លែងដើរដង្ហែជាក្បួននៅផ្លូវជាតិលេខ០៣និងមានការសូត្រមន្តរំដោះនៅតាមដងផ្លូវជាតិលេខ០៣កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រោមពាក្យស្លោកថា យើងគាំទ្រច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី។
លោក ម៉ុក ពុទ្ធា នាយករដ្ឋបាលសាលាខណ្ឌដង្កោប្រាប់ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកានេះ អនុសាខាកាកបាទក្រហមខណ្ឌដង្កោបានចូលរួមដង្ហែក្បួនជាមួយព្រះសង្ឃវត្តស្លែងសូត្រមន្តរំដោះគ្រោះនៅតាមដងផ្លូវជាតិលេខ០៣ពីមុខវត្តស្លែងរហូតដល់ស្ពានទំនប់ទ្វារទឹក៧មករា ដែលតែងតែមានករណីគ្រោះថ្នាក់គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់និងរបួស។
លោក ម៉ុក ពុទ្ធា បានបន្តថា ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ យើងត្រូវតែគាំទ្រច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ត្រូវចេះយល់យោគគ្នាក្នុងការបើកបរ និងមិនត្រូវពិសារគ្រឿងស្រវឹងពេលបើកបរ ដូចអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីក្រោមពាក្យស្លោកថា "ថ្ងៃនេះថ្ងៃស្អែកកុំមានគ្រោះថ្នាក់ចរាចរណ៍"៕



