

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌទួលគោក និងយុវជនកាកបាទក្រហមខណ្ឌទួលគោកកាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកាបាននិមន្តព្រះសង្ឃ១០អង្គសូត្រមន្តប្រោសព្រំតាមដងផ្លូវសហព័ន្ធរុស្ស៊ី ចំណុចស្តុបទួលគោករហូតដល់ស្ពានអាកាស៧មករា និងគាំទ្រច្បាប់ចរាចរថ្មីដែលការប្រារព្ធពីធីនេះឡើងគឺក្នុងគោលបំណងអោយប្រជាពលរដ្ឋអ្នកដំណើរទាំងអស់រួចចាកផុតពីគ្រោះថ្នាក់ចរាចរដែលតែងតែកើតមានឡើងជាប្រចាំនោះ ហើយម្យ៉ាងវិញទៀតគឺដើម្បីអោយប្រជាពលរដ្ឋស្វែងយល់ពីច្បាប់ចរាចរថ្មីនិងការចូលរួមគោរពច្បាប់នេះទាំងអស់គ្នា។
លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌទួលគោក និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌបានថ្លែងឲ្យដឹងដែរថា ពិធីសូត្រមន្តប្រោសព្រំតាមដងផ្លូវនេះមិនត្រឹមតែជាកិច្ចដើម្បីសុំសេចក្តីសុខដល់អ្នកធ្វើដំណើរតាមដងផ្លូវនោះទេក៏ជាកិច្ចមួយដើម្បីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតលើដងផ្លូវដោយសារគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ តាមរយៈស្មារតីនៃពិធីប្រោសព្រំតាមបែបសាសនាមួយនេះក៏ជាសារមួយផ្ញើទៅកាន់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញឲ្យរួមគ្នាចូលរួមអនុវត្ត និងលើកកម្ពស់ច្បាប់ចរាចរណ៍ថ្មី និងដើម្បីរួមគ្នាជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបានប្រល័យជីវិតមនុស្សរាល់ថ្ងៃផងដែរ។
ជុំវិញច្បាប់ចរាចរថ្មីនេះដែរ លោក សាំង សុភៈវិចិត្រ បានបន្តថា ក្នុងនាមអាជ្ញាធរដែនដីលោកនិងមន្ត្រីពាក់ព័ន្ធនឹងចុះធ្វើការអប់រំប្រជាពលរដ្ឋនៅតាមផ្លូវ និងនៅតាមលំនៅដ្ឋានបន្តទៀតដើម្បីអោយពួកគាត់ប្រុងប្រយ័ត្នគ្រប់ពេលវេលាខណៈពេលដែលពួកគាត់ធ្វើចរាចរតាមដងផ្លូវ បើពួកគាត់បានចូលរួមគោរពច្បាប់ទាំងអស់គ្នានោះ នោះការគ្រោះថ្នាក់ចរាចរលោករំពឹងថានឹងកាត់បន្ថយបានយ៉ាងច្រើនបំផុត។
លោក អែល ចាន់ឆាយា យុវជនកាកបាទក្រហមខណ្ឌទួលគោកបានលើកឡើងថា ការដែលរូបលោកចូលរួមក្នុងពិធីខាងលើនេះគឺក្នុងគោលបំណងអោយប្រជាពលរដ្ឋទាំងអស់គ្នាគោរពច្បាប់បង្កើនការប្រុងប្រយ័ត្ន លោកថាកន្លងមកនេះការគ្រោះថ្នាក់ភាគច្រើនគឺផ្តើមឡើងពីការផឹកស្រាស្រវឹង បើកបរលឿនហួសការកំណត់ និងការមិនអធ្យាស្រ័យអោយគ្នាទៅវិញទៅមក។ ប៉ុន្តែបើសិនជាពួកគាត់ទាំងនោះយល់ច្បាស់ពីច្បាប់ចរាចរថ្មីនេះ នោះគឺពួកគាត់មិនហ៊ានល្មើសនោះទេដោយហេតុថាច្បាប់ចេញថ្មីនេះបានកម្រិតនូវទោសទណ្ឌយ៉ាងធ្ងន់ធ្ងរចំពោះអ្នកដែលប្រព្រឹត្តិខុសរហូតដល់ជាប់គុកច្រវាក់ផងដែរ៕

