Tuesday, November 4, 2014

ចៅសង្កាត់ទន្លេបាសាក់ ប្រើកូនចៅ ដើរទារលុយ ពីអ្នកលក់ដូរ តាមដងផ្លូវ ឱ្យបង់៣០ដុល្លារ រយៈពេល៣ថ្ងៃ នៃបុណ្យអុំទូក

ភ្នំពេញ ៖ អ្នកលក់ភេសជ្ជៈ តាមរទេះរុញ លើដងផ្លូវ បានរិះគន់ ចំពោះអាជ្ញាធរ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ថា មកទារលុយពី ពួកគាត់ ចំនួន៣០ដុល្លារ សម្រាប់ ការលក់ដូរ ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធី បុណ្យអុំទូក ចាប់ពី ថ្ងៃស្អែកនេះទៅ ។
លោក រិទ្ធ អាយុ៤៦ឆ្នាំ និងប្រពន្ធ របស់លោក ដែលរកស៊ីលក់ ភេសជ្ជតាមរទេះរុញ បាននិយាយថា កាលពីវេលា ម៉ោង១០ព្រឹក ថ្ងៃទី៤ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈដែល លោក និងប្រពន្ធ កំពុងរុញរទេះលក់ តាមដងផ្លូវ ទៅដល់មុខ វត្តថាន់ ក្នុងទឹកដីទន្លេបាសាក់ ស្រាប់តែ មានមន្រ្តី សាលាសង្កាត់ម្នាក់ ឈ្មោះ សម្បត្តិ ជិះម៉ូតូ វីវ៉ា ពណ៌ក្រហម ដែលជាកូនចៅ របស់ចៅ សង្កាត់ទន្លេបាសាក់ មកទារលុយពីពួកគាត់ ចំនួន៣០ដុល្លារ សម្រាប់ការរកស៊ី រយៈពេល៣ថ្ងៃ នៃព្រះរាជពិធី បុណ្យអុំទូក ហើយលុយនេះ ត្រូវបង់មុនទៀតផង ។
អាជីវកររូបនេះ បានលើក ឡើងទៀតថា សម្រាប់អ្នកលក់ដូរ ផ្សេងទៀត ក៏ត្រូវអាជ្ញាធរសង្កាត់ ឱ្យបង់លុយ ទើបអាច លក់បាន ប៉ុន្តែសម្រាប់លោកវិញ មិនទាន់បង់លុយឱ្យនោះទេ ពីព្រោះលក់មួយថ្ងៃ បាន៣ទៅ៤ម៉ឺនរៀល មិនសូវ ចំណេញផង ចុះទម្រាំបង់ លុយឱ្យទៀតនោះ ច្បាស់ជាគ្មានលុយ ទិញអង្ករឲ្យកូនចៅ ហូបនោះឡើយ ។
យ៉ាងណាក៏ដោយ ចំពោះការលើកឡើង របស់អាជីវករ លក់ភេសជ្ជៈ តាមរទេះរុញរូបនេះ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល មិនអាចសុំការ អត្ថាធិប្បាយ និងបកស្រាយ ពីចៅសង្កាត់ទន្លេបាសាក់ លោក ខាត់ ណារិទ្ធ បាននៅឡើយទេ នៅរសៀល ថ្ងៃដដែលនេះ ។
អាជីវករដែលរស់នៅ បន្ទប់ជួលដ៏តូច ក្នុងសង្កាត់ បឹងទំពន់ខណ្ឌមានជ័យ សូមអំពាវនាវ ឱ្យថ្នាក់ដឹកនាំ រាជធានីភ្នំពេញ ក៏ដូចជា អភិបាល ខណ្ឌចំការមន គួរពិនិត្យករណីនេះ ថាតើ មានគោលការណ៍ ពីថ្នាក់លើឬទេ ចំពោះការដើរទារ លុយពីអាជីវករលក់ដូរ នៅក្នុងព្រះរាជពិធីបុណ្យធំមួយនេះ៕