Tuesday, November 4, 2014

អ្នកនាំពាក្យ ក្រសួងអប់រំ ឆ្លើយតបទៅលោករ៉ុង ឈុនដែលទាមទារ កែទម្រង់វិស័យអប់រំ

ភ្នំពេញ៖ លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឆ្លើយតបទៅ កាន់លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជា ឯករាជ្យក្នុងគ្រា ដែលលោកទាម ទារឲ្យរាជរដ្ឋាភិបាល កំណែទម្រង់ពិតប្រាកដ ណាមួយលើវិស័យអប់រំ។
លោកអ្នកនាំពាក្យបានឆ្លើយតបបែបនេះ បន្ទាប់ពី លោក រ៉ុង ឈុន បានចេញសេចក្តី ថ្លែងការណ៍មួយ ស្នើឲ្យប្រមុខ រាជរដ្ឋាភិបាលកម្ពុជា កែទម្រង់លើវិស័យអប់រំ មួយយ៉ាង ពិតប្រាកដចំនួន៧ចំណុច។
លោក រស់ សាលីន បានមានប្រាប់អមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ថាចំណុច សំខាន់ៗដែលការទាមទារប្រាក់ខែ គ្រូបង្រៀន គឺរាជរដ្ឋាភិបាល និងក្រសួងអប់រំកំពុងតែធ្វើជាបណ្តើរៗហើយ។
ដោយឡែកការឲ្យបង្កើនថវិកាជាតិ លើវិស័យអប់រំ២៥ភាគរយនោះ រាជរដ្ឋាភិបាលបានស្នើ ទៅរដ្ឋសភាជាង ១៧ភាគរយ ដើម្បីធ្វើការអនុម័ត ហើយចេញជាច្បាប់ថវិកាជាតិតែម្តង ដែលនឹងត្រូវអនុវត្តនៅឆ្នាំ២០១៥ខាងមុខ។
ពាក់ព័ន្ធអំពើពុករលួយវិញត្រូវបានលោក រស់ សាលីន លើកឡើងថា មន្រ្តីដែលមិនមកធ្វើការ ឬមន្រ្តីខ្មោច គឺមិនបើកប្រាក់ខែ ហើយជាក់ស្តែងការប្រឡង សញ្ញាបត្រទុតិយភូមិ នាពេលកន្លង មក គឺបានកែប្រែជា ច្រើនចំណុចដោយ សិស្សប្រឡងជាប់ ជាសមត្ថភាពផ្ទាល់ខ្លួន។
៧ចំណុចទាមទារកែទម្រង់នោះដូចជា៖ ១- ការបង្កើនថវិការជាតិលើវិស័យអប់រំឲ្យបានយ៉ាងតិច២៥% , ២- ដំឡើងប្រាក់ខែ គោល មួយលានរៀនដល់គ្រូបង្រៀន , ៣- លុបបំបាត់អំពើរពុករលួយក្នុងវិស័យអប់រំ, ៤- ផ្ដល់សម្ភារៈសិក្សា សាលារៀន គ្រូបង្រៀនឲ្យបានគ្រប់គ្រាន់ , ៥- ពង្រឹងសមត្ថភាពសិស្ស នៅកម្រិតបឋមសិក្សា អំពីអំណាន និងសំណេរឲ្យបានច្បាស់ , ៦- លុបបំបាត់អំពើរពុករលួយក្នុងវិស័យអប់រំ និង៧- ក្រសួងត្រូវបញ្ជូលមេរៀនខ្មែក្រោម និងខ្មែរលើក្នុងកម្មវិធីសិក្សា និង៧-លុបបំបាត់វិសមភាពរវាងសិស្សានុសិស្ស នៅជនបទដាច់ស្រយាល និងទីប្រជុំជន ៕