Monday, November 3, 2014

សម្តេច​តេជោ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចូល​រួម​កិច្ច​​សន្ទនា​ដើម្បី​ពង្រឹង​ភាព​ជា​ដៃ​គូ​នៅ​ប៉េកាំង​

gdg
ភ្នំពេញ ៖ សម្តេច​​អគ្គ​មហា​សេនា​បតី​​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​កិច្ច​សន្ទនា ដើម្បី​ពង្រឹង​ភាពជា​ដៃគូ នៃ​ការ​តភ្ជាប់ ​និង​កិច្ចប្រជុំ​កំពូល​នាយក​ប្រតិបត្តិ នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ឆ្នាំ​២០១៤ (APEC CEO Summit 2014) រយៈពេល៣ ថ្ងៃ​នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​ នេះ​បើ​យោង​តាម​ព័ត៌មាន​ពី​ក្រសួង​ការ​បរទេស។
តាមសេចក្តីជូនដំណឹងនោះបានឲ្យដឹងថា ​​តាម​ការអញ្ជើញ​របស់លោក ស៊ី ជិន​ពីង  ប្រធានា​ធិប​តី​​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​លោក ជាង ហ្សេ​ង​វ៉ៃ (Jiang Zengwei) ប្រធាន​គណៈ កម្មាធិការ​រៀបចំ​កិច្ចប្រជុំកំពូល​នាយក​ប្រតិបត្តិ នៃ​កិច្ចសហប្រតិបត្តិកា​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ី​ហ្វិក ឆ្នាំ​២០១៤ (APEC CEO Summit 2014) ក្រុមប្រឹក្សា​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ប្រទេស​ចិន​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ទៅ​ចូលរួម​កិច្ចសន្ទនា ដើម្បី​ពង្រឹង​ភាពជា​ដៃគូ នៃ​ការ​តភ្ជាប់​និង​កិច្ចប្រជុំ​កំពូល​នាយក​ប្រតិបត្តិ នៃ​កិច្ចសហប្រតិបត្តិកា​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ឆ្នាំ​២០១៤ (APEC CEO Summit 2014)​ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅបប្រ​ទេស​ចិន​។​
សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​ចុះ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ បានឲ្យដឹងដែរ​ថា គណៈ​ប្រតិភូ​អមដំណើររួមមាន​ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​សមាជិក​ដទៃទៀត នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​។​ ​កិច្ចសន្ទនា​ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​នៃ​ការតភ្ជាប់ នឹង​ពិភាក្សា​អំពី​កាលា​នុវត្ត​ភាព និង​ភាព​ប្រឈម​សម្រាប់​កិច្ចសហប្រតិបត្តិការ ឲ្យ​កាន់តែ​ជិតស្និទ្ធ​អំពី​ការតភ្ជាប់​ក្នុង​តំបន់ ព្រមទាំង​រិះរក​ដំណោះស្រាយ និង​មធ្យោបាយ​ធ្វើ​ឲ្យ​ជឿនលឿន​កិច្ចសហប្រតិបត្តិការ​ស្តីពី គំនិត​ផ្តួចផ្តើម​នៃ "​ខ្សែក្រវាត់​សេដ្ឋកិច្ច​វិថី​សូត្រ​និង "​វិថី​សូត្រ​សមុទ្រ​សម្រាប់​សតវត្សរ៍ ទី​២១"​។ រីឯ​កិច្ចប្រជុំ​កំពូល​នាយក​ប្រតិបត្តិ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ​អាស៊ី​ប៉ាស៊ីហ្វិក និង​ផ្លាស់ប្តូរ​ទស្សនៈ​លើ​ប្រធានបទ​ជា​គន្លឹះដូចជា សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ការ​អភិវឌ្ឍន៍​តាមបែប​បង្កើត​ថ្មី និង​ការតភ្ជាប់ក្រោម​ប្រធានបទ «ចក្ខុវិស័យ​ថ្មី សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជាអាទិ៍ ការច្នៃប្រឌិតការតភ្ជាប់សមាហរណកម្ម និង​វិបុលភាព​»។​
សេចក្តី​ជូន​ព័ត៌មានលើកឡើងទៀតថា ក្រៅពីនេះ​សម្តេច​​អគ្គ​មហា​សេនា​បតី​​តេ​ជោ ហ៊ុន សែន នឹង​​ជួប​ពិភាក្សា​​​​ទ្វេភាគី​ដាច់ដោយឡែក​ជាមួយ លោក ស៊ី ជិន​ពីង ប្រធានាធិបតី​សាធារណរដ្ឋ​ប្រជា​មានិត​ចិន និង​លោក លី យ៉ុ​ន​ចាវ ( Li Yuanchao )អនុ​ប្រធានាធិបតី​សាធារណរដ្ឋ​ប្រជា​មា​និត​ចិន និង​​ទទួល​​ជួប​​លោក វង់ ចែវ​រ៉ុយ អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​នៃ​សភា​ពិគ្រោះ​នយោ​បាយ​ប្រជាជន​ចិន និង​ជា​រដ្ឋមន្ត្រី​គណៈ​ទំនាក់ទំនង​អន្តរជាតិ នៃ​គណៈ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​ចិន​៕​