
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ ត្រូវបានរៀបចំនៅក្នុងបរិការណ៍មួយ ដែលព្រះរាជាណាចកក្រកម្ពុជា បាននិងកំពុងធ្វើដំណើរនៅលើគន្លងនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ព្រមទាំងធានា និងរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សាមគ្គីភាព និងការបង្រួបបង្រួមជាតិ ដោយផ្នែកលើភាពចាស់ទុំនយោបាយ។
សម្តេចតេជោលើកឡើងបែបនេះ នៅក្នុងសេចក្តីថ្លែងហេតុ នៃសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ កាលពីថ្មីៗនេះ ដែលបានបញ្ជូនទៅរដ្ឋសភាកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤។ សម្តេចបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ ត្រូវបានរៀបចំនៅក្នុងបរិការណ៍ ដែលព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងធ្វើដំណើរនៅលើគន្លងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ព្រមទាំងធានា និងរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សាមគ្គីភាព និងការបង្រួបបង្រួមជាតិ ដោយផ្នែកលើភាពចាស់ទុំនយោបាយ។
ប្រការនេះបានបង្កលក្ខណៈអំណោយផល និងស្ថានភាពអនុគ្រោះ សម្រាប់ជាមូលដ្ឋានក្នុងការកសាងអនាគតកម្ពុជាមួយដ៏រុងរឿង និងត្រចះត្រចង់ ដែលឆ្លើយតបបានទៅនិងឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ សេដ្ឋកិច្ចកម្ពុជាក៏បានឈានដល់ដំណាក់កាល នៃការអភិវឌ្ឍន៍ថ្មីមួយ គឺកំពុងក្លាយខ្លួនជាប្រទេសចំណូលមធ្យមកម្រិតទាប និងស្ថិតនៅក្នុងដំណើរផ្លាស់ប្តូរជារចនាសម្ព័ន្ធ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងទៀតថា នៅក្នុងក្របខណ្ឌនេះ កម្ពុជាត្រូវធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ៧ ភាគរយក្នុងមួយឆ្នាំៗ ប្រកបដោយបរិប័ន្ន ដែលជាមូលដ្ឋានមិនអាចខ្វះបាន សម្រាប់ការបង្កើតការងារ និងឱកាសរកប្រាកចំណូលសមរម្យ ព្រមទាំងការបង្កើនល្បឿនកាត់បន្ថយភាពក្រីក្រ និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនទូទៅឲ្យកាន់តែប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជាការពង្រឹងសមត្ថកិច្ចភាព និងអភិបាលកិច្ច នៃស្ថាប័នរដ្ឋ និងលើកកំពស់គុណភាព ប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធនៃសេវាសាធារណ ព្រមទាំងការធ្វើឲ្យកាន់តែប្រសើរឡើងនូវបរិស្ថានវិនិយោគ និងធុរកិច្ច៕