Sunday, November 2, 2014

ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​របស់​ក្រុម​ប្រឹក្សា​ខណ្ឌឫស្សីកែវ​អាណត្តិ​ទី​០២

pisey-01-11-2014-full-o
ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ ២០១៤ នេះ នៅក្នុង​សាល​ប្រជុំ នៃ​សាលា​ខណ្ឌ​ឫស្សីកែវ បាន​បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់ ក្រុមប្រឹក្សា​ខណ្ឌឫស្សីកែវ អាណត្តិ​ទី០២។​
ចូលរួម​នា​ឱកាស​នោះ​លោក វ៉ាន់ សាលី ប្រធាន ក្រុមប្រឹក្សា​ខណ្ឌឫស្សីកែវ លោកស្រី លី រ៉ូ​ហ្សា​មី អភិបាលរងខណ្ឌ​,លោក​លីន ញ៉​ក់ អភិបាលរងខណ្ឌ សមាជិក​ក្រុម ប្រឹក្សា​ខណ្ឌ និង​អស់លោក លោកស្រី ចំណុះ​ឱ្យ​សាលា​ខណ្ឌ​ជា​ច្រើន​រូប​ទៀត។ ជា​កិច្ច​ចាប់ផ្តើម លោក នាក់ បូ បាន​ឡើង​អាន​បទបញ្ជាផ្ទៃក្នុង ដែល​មាន​ចំនួន​០៨​ចំណុច​ដើម្បី​ឱ្យ​អង្គពិធី​បាន​យល់​និង​ជ្រាប​ក្នុង​ពិធី​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នេះ។​
ជាមួយគ្នា​នោះ​ដែរ អ្នក​ដែល​ចូលរួម​អាច​មាន​យោបល់ ដើម្បី​ពិគ្រោះ​ដោយ​លើកដៃ​មាន​រយៈ​ពេល​ត្រឹមតែ​០៥​នាទី​សម្រាប់​០១​នាក់ ដែល​បាន​ទទួល​ការ​អនុញ្ញាត​ពី​អ្នកសម្របសម្រួល ដើម្បី មាន​មតិ​យោបល់​ដែល​បាន​លើកឡើង​ជា​បន្តបន្ទាប់។​
លោក​វ៉ាន់ សាលី ប្រធាន ក្រុមប្រឹក្សា​ខណ្ឌ​បាន​លើក​ឡើង​ថា យើង​ផ្ដល់​ឱ្យ​ក្រុមប្រឹក្សា​ខណ្ឌ​នូវ​នីតិវិធី និង​ជា​ឧបករណ៍​មួយ​សម្រាប់​លើកកម្ពស់​គណនេយ្យ​ភាព តម្លាភាព​ផ្ដល់​ជូន​ដល់ ប្រជា ពល រដ្ឋ​ក្នុង​ការ​ចូលរួម និង​ក្នុង​ដំណើរការ​អភិបាលកិច្ច​របស់​ក្រុមប្រឹក្សា នៃ​រដ្ឋបាល​ខណ្ឌ។ លោក​បាន​បន្ត​ទៀត​ថា វេទិកា​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​គឺជា​ការ​ផ្ដល់​ឱកាស​ជូន​ប្រជាពលរដ្ឋ​បាន​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក​រវាង រដ្ឋបាល​ខណ្ឌ​ជាមួយ​រដ្ឋបាល​សង្កាត់ នឹង ប្រជាពលរដ្ឋ​តំណាង​សង្គម​ស៊ីវិល វិស័យ​ឯកជន ដោយ​លើក​ជា​សំណួរ និង​សំណូមពរ​ពាក់ព័ន្ធ​បញ្ហា​ផ្សេងៗ ដែល​កើតឡើង​ក្នុង​មូលដ្ឋាន​ជូន​ក្រុមប្រឹក្សា ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ធ្វើ ការ​ដោះស្រាយ និង​បកស្រាយ​បំភ្លឺ​ទៅ​តាម​ជំនាញ​ដែល​មាន​ការ​ពាក់ព័ន្ធ។​
លោក វ៉ាន់ សាលី បាន​បញ្ជាក់​ទៀត​ថា ប្រធានបទ​ដែល​ត្រូវ​លើកដាក់​ក្នុង​វេទិកា​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​នា​ថ្ងៃ​នេះ​មាន​ចំនួន​០៣​ប្រធានបទ ១-​ការងារ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​របៀប​រៀបរយ​សាធារណៈ,-​ស្ថានភាព​នៃ​ការ​អភិវឌ្ឍ​មូលដ្ឋាន​របស់​រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ និង​៣-​ការងារ​បរិស្ថាន។​
លោក វ៉ាន់ សាលី ក៏​សង្ឃឹមថា​ក្រុមប្រឹក្សា​ខណ្ឌឫស្សីកែវ អាណត្តិ​ទី​០២​នេះ​នឹង​អនុវត្ត​បាន​ល្អ​នូវ​ខ្លឹមសារ​នៃ​ការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នេះ៕