Monday, November 3, 2014

សមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យ៧នាក់ ពាក់ព័ន្ធធ្លាក់ដែក ចំស្រ្តីម្នាក់ស្លាប់

ភ្នំពេញ៖ យោងតាមប្រភព ព័ត៌មានពីសមត្ថកិច្ច ខណ្ឌ៧មករា បានឱ្យដឹងថា ក្រោយចំណាយ ពេលសាកសួរ អស់រយៈពេលជាច្រើនម៉ោង មកនោះ នៅរសៀល ថ្ងៃ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ជនសង្ស័យចំនួន៧នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន និងបញ្ជូនទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការ បន្ដតាមផ្លូវច្បាប់ ។
សមត្ថកិច្ចបានបន្ដថា ជនសង្ស័យទាំង៧ នាក់ ដែលត្រូវឃាត់ខ្លួន និងត្រៀមបញ្ជូនទៅ កាន់តុលាការនោះ រួមមាន មេការជនជាតិចិនម្នាក់ មេការជនជាតិខ្មែរម្នាក់ និងកម្មករ សំណង់ចំនួន៥នាក់ ។
យ៉ាងណា ក៏ដោយ រហូតមកដល់ល្ងាចថ្ងៃ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ គេមិនទាន់ ឃើញតំណាងភាគី ក្រុមហ៊ុនចេញមកដោះ ស្រាយនិងផ្ដល់សំណង ដល់ស្ដ្រីរងគ្រោះនោះ ឡើយ។
សូមបញ្ជាក់ថា កាលពីវេលា ម៉ោង៤និង ៣០នាទីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅត្រង់ចំណុចការដ្ឋាន សំណង់ស្ដាតអូឡាំពិក តាមបណ្ដោយផ្លូវលេខ១៨២ សង្កាត់ វាលវង់ ខណ្ឌ៧មករា ដែកប្រវែងជាង២ ម៉ែត្រ បានធ្លាក់ពីលើ អគារចំក្បាល ស្ដ្រីម្នាក់ ពេលកំពុងជិះម៉ូតូឆ្លងកាត់ បណ្ដាលឱ្យបែក ធ្លាយខួរស្លាប់ភ្លាមៗ គួរឱ្យអាណិតអាសូរ យ៉ាងខ្លាំង ។ សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ស្ដ្រីរង គ្រោះឈ្មោះប៊ុត វណ្ណី អាយុ៥០ឆ្នាំ រស់នៅ ផ្ទះលេខ២៤៨E0 ផ្លូវលេខ២១៣ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ មុខរបរជា អ្នកលក់គុយទាវ ។
សមត្ថកិច្ចបានបន្ដថា  នៅវេលាម៉ោង កើតហេតុនោះ ស្ដ្រីរងគ្រោះបានជិះម៉ូតូម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CN0252 ជាមួយកូនប្រុសរបស់ខ្លួនឈ្មោះ ម៉ៅ វាសនា អាយុ២៧ឆ្នាំ ដោយធ្វើដំណើរ ចេញពីផ្សារដេប៉ូ បំណងទៅផ្ទះរបស់ខ្លួន ប៉ុន្ដែ ពេលធ្វើដំណើរមកដល់ចំណុច កើតហេតុនោះ ស្រាប់តែដែកប្រវែងជាង២ម៉ែត្របានធ្លាក់ មកចំក្បាលធ្លាយខួរស្លាប់ភ្លាមៗតែម្ដងទៅ។
ប្រជាពលរដ្ឋ និងអ្នកដំណើរដែលចោម រោមមើលនៅកន្លែងកើតហេតុ មានការ អាណិតអាសូរនិង រន្ធត់យ៉ាងខ្លាំង ចំពោះ ហេតុដ៏កម្រមួយនេះ និងធ្វើការរិះគន់យ៉ាង ចាស់ដៃ ចំពោះការងារសាង សង់របស់ក្រុម ហ៊ុនម៉ៅការសំណង់ ដែលសមត្ថកិច្ចអះអាង មានឈ្មោះ CSC ថាមិនបានរៀបចំលក្ខណៈ បច្ចេកទេស និងគ្របសំណាញ់ឱ្យបានត្រឹម ត្រូវរហូតមានហេតុការណ៍នេះកើតឡើង។
ឆ្លើយតបទៅនឹងការរិះគន់ មិននៅស្ងៀម នោះឡើយ នាយឧត្ដមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបទបញ្ជា ឱ្យសមត្ថកិច្ចនគរបាល រាជធានីភ្នំពេញ ឃាត់ ខ្លួនជនដែលពាក់ព័ន្ធបញ្ជូនទៅកាន់តុលាការ មិនត្រូវមានការសម្របសម្រួលក្រៅប្រព័ន្ធ តុលាការនោះឡើយ ។
នៅក្នុងកិច្ចប្រជុំដាក់ផែនការ ការពារ សុវត្ថិភាព នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ព្រមទាំងពិធីបុណ្យឯករាជ្យជាតិ នាព្រឹកថ្ងៃ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលារាជ ធានីភ្នំពេញ នាយឧត្ដមសេនីយ៍នេត សាវឿន បានរិះគន់ខ្លាំងៗចំពោះការសាងសង់អគារ នៅជាប់ស្ដាតអូឡាំពិក រហូតបណ្ដាលឱ្យ ធ្លាក់ដែកចំអ្នកដំណើរស្លាប់បាត់បង់ជីវិត ។
នាយឧត្ដមសេនីយ៍នេត សាវឿន បាន បញ្ជាទៅនគរបាលខណ្ឌ៧មករា ឱ្យឃាត់ខ្លួន ជនទាំងឡាយណា យកមកសួរនាំនិងបញ្ជូន ខ្លួនទៅកាន់តុលាការ មិនត្រូវមានការលើក លែងឱ្យនោះឡើយ ពោលមិនត្រូវធ្វើការ សម្របសម្រួលក្រៅប្រព័ន្ធតុលាការ ។