ភ្នំពេញ៖ កុមារក្រីក្រ និងកុមារកំព្រា មកពីតាមអង្គការ ចំនួនបីផ្សេងគ្នា ក្រោមការឧបត្ថម្ភពីលោក កួច សុខលី អ្នកគ្រប់គ្រងក្រុមហ៊ុនCBM ឲ្យក្មេងៗកុមារកំព្រាទំាងអស់បានរីករាយជាមួយនិងការញុំានំនឹងទទួលបទពិសោធន៍ពីអ្នកជំនាញ ធ្វើនំនៅហាងTous Les Jours នៅផ្សារទំនើបអ៊ីអន ដើម្បីអោយប្អូនកុមារក្រីក្រ និងកុមារកំព្រានៅតាមអង្គការទាំងនោះទទួលបាននូវអ្វីប្លែកសម្រាប់ជាដើមទុននៃជីវិតរបស់ពួកគាត់ ។ ពិធីបង្រៀន និងបង្ហាញពីរបៀបធ្វើនំខេកដល់កុមារទាំងនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៣១ តុលា ២០១៤ ដោយមានការចូលរួមឧត្ថម្ភគាំទ្រ ពីហាងនំTous Les Jours ។
លោក គេង សុវណ្ណាគុជ អ្នកដឹកនាំគម្រោងចែកចាយស្នាមញញឹមនៃកុមារ និងជាសមាជិកសភាពាណិជ្ជករ អន្តរជាតិភ្នំពេញបានមាន ប្រសាសសន៍ថា”ក្នុងថ្ងៃនេះយើងនាំកុមារ ក្រីក្រជាកុមារកំព្រា នៅតាមបណ្តាអង្គការ ចំនួនបីមកពីមណ្ឌលកំពង់ស្ពឺ មណ្ឌលស្វាយរៀង និងមណ្ឌលខេត្តកណ្ដាល ដើម្បីឲ្យពួកគាត់បានទទួលទាននំ ជាច្រើនប្រភេទនិងសប្បាយ រីករាយជាមួយនិងការថតរូបជុំគ្នា រួមទាំងមានការបង្ហាត់បង្ហាញ ពីរបៀបធ្វើនំ ពីអ្នកជំនាញនៅក្នុងហាង Tous Les Jours ហើយក៏ដូចជាចង់ឲ្យពួកគាត់បានទទួលនូវបទពិសោធន៍ថ្មី ពីការធ្វើនំពីហាងនំ Tous Les Joursផងដែរ។
លោកបានបន្តថា” ការធ្វើទស្សនកិច្ចនៅក្នុងហាងTous Les Jours នាពេលនេះមិនត្រឹមឲ្យពួកគាត់បាន ទទួលទាននំដោយសេរីនោះទេ ថែមទាំងលើកទឹកចិត្តដល់ប្អូនៗដែលជាសិស្ស ពូកែប្រចាំអង្គការ ឲ្យមានភាពតស៊ូកាន់តែខ្លាំងឡើង សម្រាប់អនាគតរបស់ពួកគាត់ ពីព្រោះថា ពួកគាត់ទាំងអស់សុទ្ធសឹង តែជាកុមារក្រីក្រ និងកុមារកំព្រា ដូចនេះហើយយើងក៏ចង់អោយ ពួកគាត់បានស្គាល់ពីជីវិត រស់នៅទីក្រុងភ្នំពេញ ដូចជាសាលារៀនទំនើប ផ្សារទំនើបនិងកន្លែង កម្សាន្តទំនើបជាដើម ។
កញ្ញា ឡេង មរកត អ្នកគ្រប់គ្រងហាងនំ Tous Les Jours សាខាផ្សារអ៊ីអន បានអោយដឹងថា” ហេតុផលដែលយើងអនុញ្ញាតអោយកុមារកំព្រា និងកុមារក្រីក្រ មកពីអង្គការទាំងនេះបានទទួលនូវរសជាតិនំប្លែកៗគ្នា និងទទួលយកនូវបទពិសោធន៍ថ្មីៗ នៃវិធីធ្វើនំខេកពីហាងTous Les Jours ដោយសារតែយើងចង់អោយ ពួកគាត់បានអ្វីមួយប្លែក សម្រាប់ជីវិត ជាពិសេសពីជំនាញដែល ពួកគាត់អាចទទួលបាន។
កញ្ញាថា “នេះគឺជាការចូលរួមចំណែកជាមួយសង្គមខ្លះដែរ ដែលពីមុនមកហាងរបស់យើង មានកម្មវិធីសប្បុរសធម៌ជាច្រើន ដើម្បីជួយដល់ប្រជាជនក្រីក្រ នៅតាមបណ្តាខេត្តមួយចំនួន ឲ្យគាត់រួចផុតពីការលំបាក មួយគ្រាតូច ទោះជាវាមិនច្រើនយ៉ាងណាក្តី”៕



